អន្តរជាតិ
តើស្ដេចប៊ីយ៉ានិងស្នូកឃ័រហ្វីលីពីន លោក Efren Reyes ជានរណា?
10, May 2023 , 5:58 pm        
រូបភាព
លោក Efren Reyes កីឡាករប៊ីយ៉ារបស់ហ្វីលីពីន។ រូបភាព AFP
លោក Efren Reyes កីឡាករប៊ីយ៉ារបស់ហ្វីលីពីន។ រូបភាព AFP
លោក Efren Reyes ជាកីឡាករជំនាញ​កីឡាប៊ីយ៉ាមួយរូប និងត្រូវបានប្រជាជនហ្វីលីពីនហៅថា «Bata»។ កីឡាករវ័យ៦៨ ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានអន្តរជាតិជាច្រើនៗ និងធ្លាប់ឈ្នះមេដាយជាច្រើនគ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម មុនបាត់បង់ឱកាសទទួលមេដាយនៅកម្ពុជា។



លោក Efren Reyes ដែលជាជនជាតិហ្វីលីពីន កើតនៅក្នុងឆ្នាំ ១៩៥៤ ក្នុងក្រុង Pampanga ហ្វីលីពីន។ នៅអាយុ ៥ឆ្នាំ លោក Efren Reyes បានផ្លាស់ប្តូរទីលំនៅមកក្រុងម៉ានីលជាមួយគ្រួសារ និងបានធ្វើជាអ្នករៀបប៊ីយ៉ា នៅក្នុងហាងពូរបស់ខ្លួន។ កន្លែងហាងប៊ីយ៉ាពូរបស់ខ្លួននេះហើយ ជាចំណុចចាប់ផ្តើមដំបូងរបស់លោក Efren Reyes លើកីឡាប៊ីយ៉ា។ 
 
កាលនោះ ជនជាតិហ្វីលីពីនរូបនេះ មានកម្ពស់មិនខ្ពស់ឡើយ បើធៀបនឹងតាបប៊ីយ៉ា ដោយលោកត្រូវប្រើប្រាស់កំប៉ុងកូកាកូឡា ដើម្បីឡើងឈរឱ្យខ្ពស់ និងប្តូរទីតាំងរបស់ខ្លួន។ 
 
ប្រជាជនហ្វីលីពីន តែងតែហៅលោក Efren Reyes ជា Bata ដែលមានន័យថាក្មេង។ ម្យ៉ាងការដាក់ឈ្មោះនេះ គឺដើម្បីបែងចែកឱ្យដាច់រវាងលោក Efren Reyes និងកីឡាករ Efren ដែលជាកីឡាករប៊ីយ៉ាមួយរូបដែរ។
 
លោក Efren Reyes បានចាប់ផ្តើមការប្រកួតប៊ីយ៉ាការ៉ុម៣បាំង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ មុនពេលលោកត្រូវបានដាក់ឱ្យលេងក្នុងការប្រកួតប៊ីយ៉ាធំៗ។ 
 
កន្លងមក លោក Bata ធ្លាប់ការប្រកួតអន្តរជាតិជាច្រើន ក្នុងនោះមានដូចជាឈ្នះការប្រកួត Eight-ball Championship ចំនួន ៤លើក, World Pool League ចំនួន ២លើក, Derby City Classic ចំនួន ១៤លើក។ ទន្ទឹមនេះ វត្តមាននៅក្នុងកីឡាស៊ីហ្គេមកន្លងមក លោក Bata ធ្លាប់ឈ្នះមេដាយមាស ចំនួន៧គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង លើប្រភេទវិញ្ញាសាផ្សេងៗគ្នា បើគិតពីឆ្នាំ១៩៨៧ ដល់២០២១មក។
 
នៅក្នុងឆ្នាំ ១៩៩៤ លោក Efren Reyes ជាកីឡាករដំបូង ដែលមិនមែនជាជនជាតិអាម៉េរិក បានឈ្នះពាន US Open Nine Ball Championship ក្រោយយកឈ្នះលើកីឡាករ Nick Varner។ គិតត្រឹមឆ្នាំ ២០២៣ លោក Bata ត្រូវបានប៉ាន់ប្រមាណថា មានទ្រព្យសម្បតិ្តប្រមាណ ២លានដុល្លារ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com