កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមវាយសីចម្រុះកម្ពុជាបង្កើតប្រវត្តិសាស្ត្រតាមរយៈការឈ្នះមេដាយមាសដំបូងបំផុតក្នុងស៊ីហ្គេម
10, May 2023 , 8:39 pm        
រូបភាព
ក្រុម​ចម្រុះកម្ពុជាពេលឡើងទទួលមេដាយមាសជាប្រវត្តិសាស្ត្រលើ​កីឡាវាយសី។ រូបថត ញឹក ស្រីល័ក្ខ
ក្រុម​ចម្រុះកម្ពុជាពេលឡើងទទួលមេដាយមាសជាប្រវត្តិសាស្ត្រលើ​កីឡាវាយសី។ រូបថត ញឹក ស្រីល័ក្ខ
ក្រុមកីឡាករ កីឡាការិនីវាយសីកម្ពុជា ទទួលបានកំណត់ត្រាជាប្រវត្តិសាស្ត្រតាមរយៈការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅលើទឹកដីរបស់ខ្លួន។ ក្រុមវាយចម្រុះ [បុរស-នារី] បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣-២ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិមរតកតេជោ ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

 
នាការប្រកួតដំបូងជាមួយទីម័រ កម្ពុជាបានទទួលជ័យជម្នះ ៣-0 ដោយសិតដំបូង កីឡាករ សុខ រីករាយ យកឈ្នះ Zidane Evaldo Costa Gusmao De Jesus ២-០ [២១-២, ២១-៦] បន្ទាប់មក កីឡាការិនី ម៉េង ឈួង យកឈ្នះយកឈ្នះ Zoraida Dela Torre Costa Gusmao De Jesus ២-០ [២១-៤, ២១-៧] មុនពេលដែល លឹម គឹមលួង ចាប់ដៃគូជាមួយ វ៉ាត់ ចាន់ធួន បន្តយកឈ្នះ Mourinho Zefi Costa Gusmao De Jesus និង Zoraida Dela Torre Costa Gusmao De Jesus ២-០ [២១-៧, ២១-៧]។
 
 
ក្រោយជ័យជម្នះ ៣-0 លើក្រុមទីម័រខាងកើត កម្ពុជា បានបន្តយកឈ្នះក្រុមឡាវ ៣-២។ កីឡាករ សុខ រីករាយ បើកឆាកដោយឈ្នះ Manut Phiasoulin ២-១ [១០-២១, ២២-២០, ២១-១០], កីឡាការិនី ម៉េង ឈួង យកឈ្នះ Phoutsavanh Daopasith ២-០ [២១-៨, ២១-១២]។
 
ឈានដល់ការចាប់គូបុរស កីឡាករ ហេង ម៉េងលាប និងយ៉ម សំណាង បានចាញ់ក្រុមថៃ Namboun Luang Amath និង Phonesak Sokthavy ២-០ [២១-១៩, ២១-១៣]។ បន្តដល់ការចាប់គូនារី កីឡាការិនី ឆេង ហ៊ុយ និង ម៉េង ឈួង បានយកឈ្នះក្រុមកីឡាការិនីឡាវ Phoutsavanh Daopasith និង Thidachane Sypaseuth ២-០ [២១-១៦, ២១-៣] វិញ។
 
 
សិតចុងក្រោយដែលជាការប្រកួតវាយគូចម្រុះ កីឡាករ យ៉ម សំណាង ចាប់ដៃគូជាមួយ ទាវ សៀវទី ប៉ុន្តែបានចាញ់ក្រុមឡាវ Namboun Luang Amath និង Thidachane Sypaseuth ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-០ [២២-២០, ២២-២០]។ 
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមចម្រុះកម្ពុជានៅតែទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងលទ្ធផលនៃជ័យជម្នះ ៣-២។
 
នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះមីយ៉ាន់ម៉ា ៣-២ ទាំងលំបាក។ ក្នុងការប្រកួតដំបូង កីឡាករ សុខ រីករាយ បានយកឈ្នះ Hein Htut ២-០ [២២-២០, ២១-៨], កីឡាការិនី ម៉េង ឈួង ចាញ់ Thet Htar Thuzar ២-០ [២១-១០, ២១-១២]។
ដល់ការប្រកួតវាយគូបុរស ហេង ម៉េងលាប និងយ៉ម សំណាង បានយកឈ្នះ Arkar Bhone Myat និង Thet Htar Thuzar ២-០ [២១-១១, ២១-៧] មុនពេលក្រុមនារី ឆេង ហ៊ុយ និងម៉េង ឈួង ចាញ់ Twal Tar Oo និង Zun Myo Thet ២-១ [១៧-២១, ២១-១៦, ១៧-២១]។
 
 
ក្នុងការប្រកួតវាយគូចម្រុះ ទាវ សៀវទី និងយ៉ម សំណាង បានយកឈ្នះ Aung Myo Htoo និង Thet Htar Thuzar ២-០ [២១-១៩, ២១-១៩]។
 
ជ័យជម្នះ ៣-២ នេះ នាំឱ្យកម្ពុជា ទទួលបានមេដាយមាសជាប្រវត្តិសាស្ត្រពីកីឡាវាយសីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បើគិតចាប់តាំងពីការបង្ហាញខ្លួនយ៉ាងទៀងទាត់ពីឆ្នាំ២០០៧មក។ មីយ៉ាន់ម៉ា បានមេដាយប្រាក់ រីឯព្រុយណេ និងឡាវ បានមេដាយសំរឹទ្ធស្ទួន៕

រាយការណ៍បន្ថែមដោយ អ៊ូ សុខមាន និងញឹក ស្រីល័ក្ខ
 

© រក្សាសិទ្ធិដោយ thmeythmey.com