អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរីជំរុញអាស៊ានរួមសាមគ្គីគ្នា ខណៈបរិយាកាសខាងក្រៅបន្តមានបញ្ហាប្រឈម
11, May 2023 , 10:12 am        
រូបភាព
មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅថ្ងៃទី១០ ខែឧសភា។ រូបភាព AFP
មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅថ្ងៃទី១០ ខែឧសភា។ រូបភាព AFP
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី១០ ខែឧសភា បានអំពាវនាវឱ្យសមាជិកអាស៊ានទាំងអស់ សហការគ្នាឱ្យបានល្អ ស្របពេលបរិយាកាសក្រៅតំបន់ កំពុងកើនឡើងនៃបញ្ហាប្រឈម។ បើតាមលោកលី សាមគ្គីភាពនេះ អាចធ្វើឡើង តាមរយៈការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឌីជីថលជាដើម។

 
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូណេស៊ី ក្នុងថ្ងៃទី១០ ខែឧសភា លោក លី សៀនឡុង ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានអំពាវនាវឱ្យរដ្ឋអាស៊ានទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបន្តផ្តល់ឱកាសសម្រាប់ប្រជាជនក្នុងតំបន់ និងរក្សាទំនាក់ទំនងជាមួយដៃគូខាងក្រៅតំបន់។ 
 
«ពិភពលោក បានឆ្លងកាត់ជំងឺឆ្លងកូវីដ-១៩ ហើយ ប៉ុន្តែបរិកាសសកល គឺកំពុងតែកើនឡើងបញ្ហា។ ប្រឆាំងនឹងបញ្ហានេះ អាស៊ានត្រូវតែពង្រឹងកិច្ចខិតខំធ្វើសមាហរណកម្មក្នុងតំបន់»។ លោក លី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១០ ខែឧសភា ដោយបន្តថា ដើម្បីសម្រេចគោលបំណងនេះ អាស៊ាន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកវិស័យរីកចម្រើនថ្មីៗ ក្នុងនោះមានដូចជាឌីជីថល និងសេដ្ឋកិច្ចបៃតង។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានចាត់ទុក ការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅតែជាអាទិភាពរបស់អាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times។ 
 
បន្ថែមពីវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្រ្តីសិង្ហបុរី បានជំរុញឱ្យអាស៊ានបង្កើនចំណាត់ការលើបញ្ហាឆ្លងព្រំដែន ក្នុងគោលបំណងការពារប្រជាជនពីការគំរាមកំហែងទាំងនោះ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអ៊ីនធឺណិត។
 
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បញ្ហាមីយ៉ាន់ម៉ា សេដ្ឋកិច្ច ការពង្រឹងប្រព័ន្ធសុខាភិបាលក្នុងតំបន់ ការជួញដូរមនុស្ស និងការពង្រឹងសហគមន៍អាស៊ាន ជាប្រធានបទដ៏សំខាន់សម្រាប់មេដឹកនាំជជែកពិភាក្សានៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ឥណ្ឌូណេស៊ី៕ 
 

Tag:
 សិង្ហបុរី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com