កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រោយ៥ឆ្នាំជាមួយបាល់ទាត់កម្ពុជា លោក Keisuke Honda ជម្រាបលាហើយ!
11, May 2023 , 10:42 am        
រូបភាព
លោក Keisuke Honda បានសរសេរសារយ៉ាងរំជួលចិត្តមួយទៅកាន់ពលរដ្ឋខ្មែរ ដោយលោកត្រូវបញ្ចប់បេសកកម្ម៥ឆ្នាំរបស់ខ្លួន បន្ទាប់ពីឈុតបាល់ទាត់ស៊ីហ្គេមកម្ពុជា បានហាលអាវនៅលើទឹកដី។ កម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងពូល A ក្រោយចាញ់ឥណ្ឌូណេស៊ី ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រូថ្ងៃទី១០ ខែឧសភា។

 
«អ្នកទាំងអស់គ្នាគឺជាថាមពល និងជាក្តីសង្ឃឹមរបស់ខ្ញុំ។ នេះហើយជាមូលហេតុដែលខ្ញុំអាចបន្តគម្រោងរបស់ខ្ញុំរហូតដល់ទីបញ្ចប់»។ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានសរសេរយ៉ាងដូច្នេះ ដោយលោកបានទទួលស្គាល់ពីលទ្ធផលមិនល្អរបស់ក្រុមកម្ពុជា។
 
 
អតីតខ្សែបម្រើជម្រើសជាតិជប៉ុនរូបនេះ បាននៅជាមួយបាល់ទាត់ខ្មែរ ទាំងផ្ទាល់ និងមិនផ្ទាល់ចាប់តាំងពីខែសីហា ឆ្នាំ២០១៨មក ជាមួយនឹងគោលដៅនាំឈុតស៊ីហ្គេមទទួលបានមេដាយនៅលើទឹកដីរបស់ខ្លួន ក៏ដូចជានាំក្រុមឈុតធំ ឈានដល់ចំណុចដ៏ខ្ពស់មួយ។
 
លោក Honda លើកឡើងថា៖ «យើងចង់ឱ្យអ្នកទាំងអស់គ្នាសប្បាយរីករាយជាមួយនឹងលទ្ធផលល្អប្រសើរ ប៉ុន្តែយើងមិនអាចធ្វើបាន។ ជីវិតរបស់យើងមិនមែនជាការសន្យានោះឡើយ ហើយការពិតពេលខ្លះពិតជាពិបាកទទួលយកខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចគ្នាបែបនេះ ជាច្រើនលើក បើគិតចាប់ពីការផ្តើមគម្រោងរបស់ខ្ញុំពីឆ្នាំ២០១៨មក»។ 

សម្រាប់អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ពលរដ្ឋខ្មែរគឺជាឋាមពល និងក្តីសង្ឃឹមដ៏ធំរបស់លោក ហើយលោកបានអរគុណគ្រប់បែបយ៉ាងសម្រាប់រយៈពេល៥ឆ្នាំកន្លងមក ដែលលោក និងកីឡាកររបស់លោកទទួលបាន។ លោក «ខ្ញុំមានមោទកភាពខ្លាំងណាស់ចំពោះអ្នកទាំងអស់។ ចុងក្រោយ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវពាក្យនេះថា មានក្តីស្រមៃ ហើយដើរតាមស្រមៃ។ សូមអរគុណ និងជួបគ្នាម្តងទៀត!»។ 
 
 
លោក Keisuke Honda បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ ឈុត U23 និងស៊ីហ្គេម ក្នុងនាមជាអ្នកចាត់ការទូទៅ ដោយលោកដឹកនាំការហ្វឹកហាត់ ក៏ដូចជាការឈរបញ្ជាផ្ទាល់នៅលើទីលាន។ ចំពោះការប្រកួត និងការហ្វឹកហាត់មួយចំនួនដែលលោកអវត្តមាន កម្ពុជាស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas (ពីឆ្នាំ២០១៨-២០២០) និងគ្រូជប៉ុន Ryu Hirose (ចាប់ពីឆ្នាំ២០២០មក) ប៉ុន្តែពួកលោកមានទំនាក់ទំនងគ្នាជាប្រចាំ។
 
នៅក្នុងក្រុមឈុតធំ លោក Honda ចាប់ផ្តើមដោយជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយចាញ់ម៉ាឡេស៊ី ៣-១។ លោកបានបន្តដឹកនាំជាបន្តបន្ទាប់ទាំងផ្ទាល់ និងមិនផ្ទាល់ លើការប្រកួតមិត្តភាព ការប្រកួតវគ្គជម្រុះប្រចាំតំបន់អាស៊ីនៃព្រឹត្តិការណ៍ World Cup ក៏ដូចជាជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup)។
 
ការងារចុងក្រោយរបស់លោក Honda ជាមួយក្រុមឈុតធំជម្រើសជាតិគឺ ក្រោយពេលដែលកម្ពុជា ចាញ់ម្ចាស់ផ្ទះថៃ ៣-១ ក្នុងជំនួបជម្រុះតាមពូលនៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ សរុប៣៥ប្រកួតក្រោមការដឹកនាំរបស់លោក កម្ពុជាឈ្នះ៩ប្រកួត ស្មើ៤ប្រកួត និងចាញ់២២ប្រកួត។
 
ចាប់ពីឆ្នាំ២០១៨មក កីឡាកររហូតដល់ទៅ៦៣នាក់ បានចូលលេងក្នុងក្រុមជម្រើសជាតិឈុតធំ ក្រោមការដឹកនាំរបស់លោក Honda ដោយ សុះ ស៊ូហាណា, កែវ សុខផេង, សឿយ វិសាល, អ៊ន ចាន់ប៉ូលីន, សាត រ៉ស៊ីប, សៀង ចន្ធា ឆេង ម៉េង, គួច សុកុម្ភៈ, សារ៉េត គ្រីយ៉ា និងកែវ សុខសិលា បង្ហាញវត្តមានច្រើនជាងគេ។
 
បើទោះបីបង្ហាញខ្លួនបានត្រឹម១០លើកក្នុងក្រុមលោក Honda ចាន់ វឌ្ឍនាកា មានកំណត់ត្រាគ្រាប់បាល់បញ្ចូលទី៦គ្រាប់ស្មើ កែវ សុខផេង ដែលបង្ហាញខ្លួន២៨ប្រកួត។ រ៉ឹង ប៊ុនហៀង និងសៀង ចន្ធា ក៏រកបានម្នាក់៤គ្រាប់ផងដែរ។
 
សម្រាប់ឈុតយុវជន ក៏ដូចជាឈុតស៊ីហ្គេមវិញ កម្ពុជាបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៩ ដែលរៀបចំនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយបានចាញ់មីយ៉ាន់ម៉ា ដោយប៉េណាល់ទី នាការប្រកួតដណ្តើមមេដាយសំរឹទ្ធ។
 
 
នាស៊ីហ្គេមលើទឹកដីវៀតណាមឆ្នាំ២០២១ (ប៉ុន្តែលើកទៅប្រកួតនៅឆ្នាំ២០២២ ដោយសារកូវីដ-១៩) កម្ពុជាបានធ្លាក់នៅត្រឹមវគ្គចែកពូល។ ក្តីសង្ឃឹមថា ធ្វើបានល្អនៅលើទឹកដីរបស់ខ្លួននាឆ្នាំ២០២៣នេះ បានរលាយសូន្យ កម្ពុជាបើកឆាកជាមួយនឹងជ័យជម្នះ ៤-០ ប៉ុន្តែភ្លាត់ស្នៀតឱ្យហ្វីលីពីន តាមស្មើ ១-១ នៅចុងម៉ោងនាជំនួបលើកទី២ក្នុងពូល។
 
 
ងាកទៅឈុត U22 ឯណោះវិញ កម្ពុជាបានចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍ AFF U23 Championship ឆ្នាំ២០១៩ នៅភ្នំពេញ និងបានលេខ៣ក្នុងពានរង្វាន់មិត្តភាព Merlion Cup នៅសិង្ហបុរី៕

រាយការណ៍បន្ថែម​ដោយ សែម វណ្ណា
 

© រក្សាសិទ្ធិដោយ thmeythmey.com