អន្តរជាតិ
បក្សនយោបាយថៃសន្យាអ្វីខ្លះសម្រាប់ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា?
11, May 2023 , 11:27 am        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងជាបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្រ្តីរបស់បក្សបក្សជាតិថៃរួបរួម។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងជាបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្រ្តីរបស់បក្សបក្សជាតិថៃរួបរួម។ រូបភាព AFP
បាំងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ការបោះឆ្នោតរដ្ឋសភាថៃ នឹងមកដល់។ ក្នុងការបោះឆ្នោតនេះ បេក្ខជនច្រើនរូប បានប្រកាសបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី ដែលមានទាំងលោក ប្រាយុទ្ធ ចន្ទអូចា និងលោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តីជាដើម។ ទន្ទឹមនេះ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏បានប្រកាសចូលរួមក្នុងការបោះឆ្នោតនេះដែរ។



ថៃ នឹងរៀបចំការបោះឆ្នោតរដ្ឋសភានៅថ្ងៃទី១៤ ខែឧសភា ខាងមុខ។ ក្នុងការបោះឆ្នោតអាណត្តិនេះ ប្រជាជនមានសិទ្ធិបោះឆ្នោតមានចំនួនជាង៥២លាននាក់ នៅទូទាំងខេត្តចំនួន៧៧របស់ថៃ។ តាមច្បាប់របស់ថៃ ប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត។ ព្រះសង្ឃ អ្នកទោស ប្រជាជនមានជំងឺផ្លូវចិត្ត និងអ្នកហាមឃាត់មិនឱ្យបោះឆ្នោត មិនមានសិទ្ធិបោះឆ្នោតឡើយ។ 
 
ក្នុងការបោះឆ្នោតនេះ បក្សនយោបាយចំនួន ៤៣ បានតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តីចំនួន ៦៣ ដោយក្នុងនោះមានស្រ្តីត្រឹមតែ៩នាក់ប៉ុណ្ណោះ ពោលគឺមានត្រឹម១៤ភាគរយប៉ុណ្ណោះ។ បក្សនយោបាយចំនួន២៩ បានតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តីត្រឹមតែមួយនាក់ប៉ុណ្ណោះ ខណៈបក្សនយោបាយ៨ បានតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តីចំនួន២រូប និងគណបក្ស៦ តែងតាំង បេក្ខភាពចំនួន៣រូប។ តាមច្បាប់បោះឆ្នោតថៃ បក្សនយោបាយអាចតែងតាំង​បេក្ខភាពនាយករដ្ឋមន្រ្តីរហូតដល់ ៣រូប។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS WORLD។ 
 
ទន្ទឹមនេះ ចំនួនអ្នកបោះឆ្នោតមុនពេលកំណត់ ពោលគឺរៀបចំឡើងនៅថ្ងៃទី៧ ខែឧសភា មានចំនួនជាង ២,២លាននាក់។ ចំនួនអ្នកបោះឆ្នោតនៅក្នុងថ្ងៃនោះ គឺដោយសារពេលគេមានការរវល់ខ្លាំង នៅថ្ងៃទី១៤ ខែឧសភា រួមទាំងនៅក្រៅមណ្ឌលបោះឆ្នោតខ្លួន និងនៅក្រៅប្រទេស។ ការបោះឆ្នោតមុនពេលកំណត់នេះ ត្រូវបានរៀបចំរួចហើយ ប៉ុន្តែត្រូវបានប្រជាជនថៃមួយចំនួនរិះគន់។ 
 
ក្នុងការបោះឆ្នោតប្រជាធិបតេយ្យលើកទីពីរ ក្រោយរដ្ឋប្រហារយោធានៅឆ្នាំ២០១៤ បេក្ខជនប្រជែងកៅអីសមាជិកសភាចំនួនច្រើន ៦០០០នាក់ នឹងប្រជែងយកកៅអីរដ្ឋសភាចំនួន ៥០០អាសនៈ។
 
ក្នុងការបោះឆ្នោតនេះ ថ្នាក់ដឹកនាំថៃ បានប្រកាសបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីជាថ្មី ក្នុងនោះមានដូចជាលោកនាយករដ្ឋមន្រ្តីថៃប្រាយុទ្ធ ចន្ទអូចា និងលោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តីជាដើម។ ទន្ទឹមនេះ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាបេក្ខជនមួយរបស់បក្ស Pheu Thai ក៏បានប្រកាសចូលរួមយកតំណែងជានាយករដ្ឋមន្រ្តីដែរ។​
 
បក្សជាតិថៃរួបរួម ដឹកនាំដោយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ។ បក្សមួយនេះ បានដាក់ចេញគោលនយោបាយ បង្កើតមូលនិធិមួយសម្រាប់ការពារតម្លៃផលិតផលកសិកម្ម, ការផ្តល់ឧបត្តម្ភធនដល់កសិករ៥៩,៣០ដុល្លារក្នុងមួយដីមួយរ៉ៃ រួមទាំងការការពារការបំពានដីរដ្ឋផង។ បន្ថែមពីនេះ បក្សមួយនេះ បានបន្ថែមថា ខ្លួននឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័​ន្ធសេដ្ឋកិច្ច នៅក្នុងច្រកសេដ្ឋកិច្ចថៃ ដើម្បីឱ្យស្របតាមស្តង់ដារអន្តរជាតិ ដើម្បីពន្លឿនសេដ្ឋកិច្ចជាតិ។ 
 
លើសពីនេះ បក្សរបស់លោក ប្រាយុទ្ធ បានសន្យាព្យាបាលប្រជាជនគ្រប់វ័យដោយឥតគិតថ្លៃ, ការកាត់បន្ថយពន្ធសម្រាប់ធុរកិច្ច រួមទាំងកសាងមជ្ឈមណ្ឌលកីឡាផង។ 
 
បក្ស Pheu Thai ជាបក្សប្រឆាំងដ៏សំខាន់មួយ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតអាណត្តិនេះ។ កន្លងមក បក្ស Pheu Thai បានសន្យាបង្កើតការងារឱ្យបាន២០លានកន្លែង និងមានចំណូលប្រមាណ ៦ពាន់ដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនេះ បក្សប្រឆាំងដដែលនេះ មានគោលបំណងបង្កើនចំណូលដល់កសិករឱ្យបាន ៣ដង ត្រឹមឆ្នាំ២០២៧។ 
 
មិនតែប៉ុណ្ណោះ បក្ស Pheu Thai បានសន្យាដំឡើងប្រាក់ឈ្នូលប្រចាំថ្ងៃទៅ ១៧,៧៩ដុល្លារ និងប្រចាំខែទៅ៧៤១ដុល្លារ។ ក្នុងពេលបច្ចុប្បន្ន ថៃមានប្រាក់ឈ្នូលប្រចាំថ្ងៃទៅចន្លោះពី ៨,៨៩ដុល្លារ ទៅ២០,៧៥ដុល្លារ។ 
 
សម្រាប់ប្រព័ន្ធសុខាភិបាលវិញ បក្ស Pheu Thai បានសន្យាអភិវឌ្ឍឱ្យទៅជាប្រព័ន្ធសុខាភិបាលលំដាប់សកល ដោយប្រជាជនថៃទាំងអស់ អាចទទួលបានសេវាមួយនេះ តាមរយៈការបង្ហាញអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ។ ស្របគ្នានេះ បក្សប្រឆាំងមួយនេះ​ បានសន្យាបង្ហាត់ជំនាញផ្សេងៗដល់ប្រជាជន ដើម្បីអាចរកចំណូលបានដោយខ្លួនឯងផង។ 
 
បក្ស Palang Pracharath ជាបក្សរបស់លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តីថៃ។ យុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សមួយនេះ បានសន្យាអនុម័តច្បាប់កាត់បន្ថយការទទួលសំណូក និងកាត់បន្ថយពន្ធលើប្រាក់ចំណូលជាដើម។ លោក ប្រាវីត បានសន្យាផ្តល់ដីទៅប្រជាជនរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រផង។ 
 
មុនការបោះឆ្នោត បក្ស Palang Pracharath បានសន្យាបញ្ចុះតម្លៃលើហ្គាស ដែលត្រូវបានប្រជាជនថៃប្រើប្រាស់យ៉ាងខ្លាំងផង។ 
 
ចំណែក បក្ស Move Forward Party វិញ បានសន្យាកាត់បន្ថយវិសមភាពក្នុងសង្គម រួមទាំងបង្កើនប្រាក់ឈ្នួលប្រចាំថ្ងៃទៅដល់១៣,៣៤ដុល្លារ។ បក្សប្រឆាំងមួយនេះ បានសន្យាលុបចោលបញ្ញត្តិរើសទាហាន ក្រោមយុទ្ធនាការធ្វើកំណែទម្រង់លើប្រព័ន្ធយោធាថៃផង៕​
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com