ជាតិ
បោះឆ្នោត
សមាជិកគ.ជ.បកម្ពុជា ទៅដកស្រង់បទពិសោធពីការបោះឆ្នោតនៅថៃ
11, May 2023 , 12:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)និងជាអ្នកនាំពាក្យ។ រូបភាព៖ គជប
លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)និងជាអ្នកនាំពាក្យ។ រូបភាព៖ គជប
ដោយ:
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងទៅចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ក្នុងប្រទេសថៃ ដើម្បីជាបទពិសោធ និងនាំធាតុចូលជាវិជ្ជមានមួយចំនួន មកបំពេញទម្រង់ខ្វះខាតសម្រាប់ការបោះឆ្នោតនៅកម្ពុជា។



សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា លោក ហង្ស ពុទ្ធា នឹងមានវត្តមានលើទឹកដីថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ សូមបញ្ជាក់កន្លែងនេះថា ការបោះឆ្នោតជាតិនៅប្រទេសថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ 
 
លោក ហង្ស ពុទ្ធា នឹងធ្វើសន្និសីទកាសែត បន្ទាប់ពីត្រឡប់មកម្ពុជាវិញ  ដើម្បីប្រាប់អំពីលទ្ធផលក្នុងចូលរួមសង្កេតការណ៍បោះឆ្នោត រយៈពេល ៥ថ្ងៃនៅប្រទេសថៃ។
 
សេចក្តីជូនដំណឹង បញ្ជាក់ថា ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ លោក ហង្ស ពុទ្ធា នៅប្រទេសថៃនេះ ក៏ជាបទពិសោធថ្មីមួយទៀត ពីទម្រង់បោះឆ្នោតរបស់ថៃ សម្រាប់យកមកបំពេញបន្ថែមលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ 
 
សូមជម្រាបថា កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣ លោក ប្រាជ្ញា ចន្ទ ប្រធានគ.ជ.ប ដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ដើម្បីផ្លាស់ប្ដូរបទពិសោធការងារ និងនាំធាតុចូលជាវិជ្ជមាន មកបំពេញនូវទម្រង់ខ្វះខាតនៃការបោះឆ្នោតនៅកម្ពុជា៕
 
 
 

Tag:
 បោះឆ្នោត
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com