អន្តរជាតិ
បារាំង និងចិន ឯកភាពពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច
11, May 2023 , 7:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី Catherine Colonna និងសមភាគីចិន លោក ឈីន កាង បានឯកភាពពីភាពចាំបាច់ក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែមានតុល្យភាព និងកាន់តែរឹងមាំ។

 
ក្នុងដំណើរទស្សនកិច្ចនៅបារាំងនៅថ្ងៃទី១០ ខែឧសភា លោក ឈីន កាង ប្រមុខការទូតចិន បានជួបជាមួយសមភាគីបារាំង លោកស្រី Catherine Colonna ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន កិច្ចសហប្រតិបត្តិការទ្វេភាគី​ និងការពង្រឹងសេដ្ឋកិច្ចជាដើម។ 
 
សម្រាប់ជំនួបទ្វេភាគីនេះ ប្រមុខការទូតទាំងពីរ បានឯកភាពពីភាពចាំបាច់ ក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានតុល្យភាព។ បន្ថែមពីសេដ្ឋកិច្ច លោក ឈីន បានទទូចឱ្យបារាំងសហការជាមួយខ្លួនលើវិស័យផ្សេងៗ និងដូចជាពង្រឹងលើការកសាងច្រវាក់ផលិតកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បើតាមលោក ឈីន ចិន ប្តេជ្ញាក្នុងការលើកតម្កើងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបើកចំហសេដ្ឋកិច្ចដោយគ្មានការរាថយ រួមទាំងមានឆន្ទៈធ្វើការជាមួយបារាំង និងប្រទេសផ្សេងទៀតនៅលើពិភពលោក។
 
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ទំនាក់ទំនងចិន និងបារាំង គឺពិតជាសំខាន់ណាស់ ដោយប្រទេសទាំងពីរ គួរតែរួមគ្នា ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ បន្ថែមពីនេះ លោកស្រី Colonna បានអះអាងថា  ប្រទេសទាំងពីរ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ, ថាមពល និងជីវចម្រុះជាដើម។
 
ជុំវិញបញ្ហាអ៊ុយក្រែន លោកស្រី Colonna បានអះអាងថា ចិនមានតួនាទីដ៏សំខាន់ ក្នុងការបញ្ចុះបញ្ចូលឱ្យរុស្ស៊ីត្រលប់ទៅគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាគោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ ចំណែករដ្ឋមន្រ្តីការបរទេសចិនវិញ បានអះអាងថា ចិនប្តេជ្ញាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន បន្តរក្សាទំនាក់ទំនងជាមួយភាគីទាំងអស់ និងដើរតួនាទីប្រកបដោយការស្ថាបនា៕ 
 

Tag:
 ចិន
 ​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com