ជាតិ
បោះឆ្នោត
បោះឆ្នោត៖ លោក ញឹក ប៊ុនឆៃ ឈរនៅបន្ទាយមានជ័យ ឯលោក យ៉ែម បុញ្ញឫទ្ធិ ឈរនៅព្រៃវែង 
លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ស្ថិតក្នុងពិធីជួបជុំមួយ នាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក ញឹក ប៊ុនឆៃ)។
×![]()
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ឈរជាបេក្ខជនតំណាងរាស្រ្តនៅខេត្តបន្ទាយមានជ័យ ហើយអនុប្រធានរបស់លោក គឺលោក យ៉ែម បុញ្ញឫទ្ធិ ជ្រើសរើសយកខេត្តព្រៃវែង។ នេះបើតាមបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សខ្មែររួបរួមជាតិ ដែលបានដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បញ្ជីបេក្ខជនតំណាងរាស្រ្ត ដែលផ្សព្វផ្សាយដោយគ.ជ.ប បានបង្ហាញថា គណបក្សខ្មែរួបរួមជាតិ បានដាក់បេក្ខជនតំណាងរាស្រ្តនៅគ្រប់២៥រាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សនេះ ត្រូវបានគ.ជ.ប សម្រេចជាផ្លូវការហើយដោយអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត។
ឈ្មោះលោក ញឹក ប៊ុនឆៃ និងឈ្មោះលោក យ៉ែម បុញ្ញឫទ្ធិ សុទ្ធតែស្ថិតក្នុងលំដាប់លេខរៀងទី១។ លោក ញឹក ប៊ុនឆៃ ធ្លាប់ឈរជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១នៅខេត្តបន្ទាយមានជ័យម្តងរួចមកហើយ កាលពីបោះឆ្នោតជាតិឆ្នាំ២០១៨ តែពុំបានជាប់ឡើយ។
ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់ជាប់ឆ្នោតជាតំណាងរាស្រ្តនៅខេត្តព្រៃវែងនេះ កាលពីបោះឆ្នោតជាតិឆ្នាំ២០១៣ ដោយកាលនោះ លោក គឺជាមន្រ្តីជាន់ខ្ពស់១រូបរបស់អតីតគណបក្សសង្គ្រោះជាតិ។ ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល លោក ក៏សម្រេចចិត្តបង្កើតគណបក្សខ្លួនឯង គឺគណបក្សកម្ពុជានិយម ហើយចុងក្រោយលោក ក៏ទៅរួបរួមជាមួយលោក ញឹក ប៊ុនឆៃ ដោយទទួលបានតំណែងជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតជាតិលើកទី៧នេះ មាន២០គណបក្ស ដែលបានចុះឈ្មោះចូលប្រកួត ដោយក្នុងនោះ មានគណបក្សខ្លះ ត្រូវគ.ជ.ប សម្រេចជាផ្លូវការឲ្យចូលរួមប្រកួត ខណៈគណបក្សខ្លះទៀត កំពុងស្ថិតក្នុងការពិនិត្យ។ សូមរម្លឹកថា ការបោះឆ្នោតឆ្នាំ២០១៨ ក៏មានគណបក្ស២០ចូលរួមប្រកួតដែរ៕
Tag:
ញឹក ប៊ុនឆៃ
យ៉ែម បុញ្ញឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com