អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ជំរុញឱ្យអាស៊ានបង្ហាញពីការឯកភាព ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
11, May 2023 , 6:32 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន។ រូបភាព AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី១១ ខែឧសភា បានលើកឡើងថា យោធាមីយ៉ាន់ម៉ា មិនបានធ្វើឱ្យមានដំណើរការអ្វីឡើយលើការអនុវត្តផែនការ៥ចំណុច ដែលត្រូវបានអនុម័តដោយមេដឹកនាំអាស៊ានកាលពី ២ឆ្នាំមុន។ ត្រង់ចំណុចនេះ មេដឹកនាំឥណ្ឌូណេស៊ី បានជំរុញឱ្យអាស៊ានមានការឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាដ៏សំខាន់មួយនេះ។



ក្នុងថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូណេស៊ី ប្រធានាធិបតី ចូកូ វីដូដូ បានលើកឡើងជាថ្មីពីបញ្ហាមីយ៉ាន់ម៉ា ដែលជាប្រធានបទដ៏សំខាន់មួយ ក្រោយមានការវាយប្រហារលើមន្រ្តីមនុស្សធម៌។ 
 
«ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់។ ចំពោះការអនុវត្តការឯកភាព៥ចំណុច វាមិនមានដំណើរការវិវដ្ដដ៏សំខាន់ឡើយ»។ លោក ចូកូ ដែលជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២៣ បានបញ្ជាក់បែបនេះ ក្នុងថ្ងៃទី១១ ខែឧសភា នៅចំពោះមេដឹកនាំអាស៊ានផ្សេងទៀត ដោយបន្តថា ការឯកភាពរបស់អាស៊ាន គឺចំបាច់ណាស់សម្រាប់ចំណាត់ការបន្ទាប់លើមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ មេដឹកនាំឥណ្ឌូណេស៊ី បានអំពាវនាវឱ្យអាស៊ាន ដាក់ចេញផែនការលម្អិតមួយ ដើម្បីជួយកាត់បន្ថយភាពតានតឹងនៅមីយ៉ាន់ម៉ា ដែលតែងតែមានអំពើហិង្សាក្នុងប្រទេស ចាប់តាំងពីរដ្ឋប្រហារកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ 
 
ចំណែកលោកកៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្រៅកិច្ចប្រជុំថា ការឯកភាព ៥ចំណុច នៅតែជាមូលដ្ឋានរបស់អាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា។ 
 
សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញនៅថ្ងៃទី១០ ខែឧសភា មេដឹកនាំអាស៊ាន បានអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ាផង៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com