ជាតិ
សារមន្ទីរជាតិ ហាមមិនឱ្យស្លៀកសម្លៀកបំពាក់បុរាណ ថតក្នុងបរិវេណដោយគ្មានការអនុញ្ញាត
12, May 2023 , 7:59 am        
រូបភាព
សារមន្ទីរជាតិ កម្ពុជា។ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សារមន្ទីរជាតិ កម្ពុជា។ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សារមន្ទីរជាតិកម្ពុជា បានហាមឃាត់ ឬផ្អាកសកម្មភាពអាជីវករមួយចំនួន ដែលបានប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្ដល់សេវាកម្មជួលសម្លៀកបំពាក់បុរាណខ្មែរ ទៅថតរូបក្នុងបរិវេណសារមន្ទីរជាតិ ដោយគ្មានលិខិតអនុញ្ញាតឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១០ ខែឧសភា។



សារមនី្ទរជាតិកម្ពុជា ស្វាគមន៍ចំពោះសាធារណជន ឬអាជីវករទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរនាពេលកន្លងមក។ ប៉ុន្តែសារមន្ទីរជាតិ ក៏បានបារម្ភពីទម្រង់នៃការផ្សព្វផ្សាយទាំងនោះ ប្រាសចាកពីទម្រង់ដើម ដោយសារមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
 
បើតាមសេចក្ដីជូនដំណឹងដដែល អាជីវករមួយចំនួន បានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្តល់សេវាកម្ម សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត។ សារមនី្ទរជាតិ ចាំបាច់ត្រូវមានវិធានការទប់ស្កាត់មួយចំនួន ដែលរាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតទទួលបានការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចៀសវាងនូវការរិះគន់ពីមហាជន ក៏ដូចជា ការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង។ 
 
នេះមិនមែនជាការរឹតត្បិត ឬតឹងតែងនោះទេ តែជាកង្វល់របស់សារមនី្ទរជាតិកម្ពុជា និងជួយក្រើនរម្លឹកដល់អាជីវករមួយចំនួន ដែលផ្តល់សេវាជួលសម្លៀកបំពាក់បុរាណ ទៅថតរូបក្នុងបរិវេណសារមនី្ទរជាតិ។ នេះបើតាមសារមន្ទីជាតិ ។
 
សារមន្ទីជាតិ បន្ថែមថា កន្លងមកមានអ្នកប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គង ជាពិសេសការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ។
 
ជាមួយគ្នានេះ សារមនី្ទរជាតិកម្ពុជា បានទទូចស្នើសុំអាជីវករ ចាំបាច់ត្រូវទាក់ទងទៅក្រសួងជំនាញ ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ ដែលត្រូវប្រើប្រាស់សម្រាប់ជួលដល់អតិថិជន ព្រមទាំងសុំការអនុញ្ញាតចូលថតរូប នៅក្នុងបរិវេណខាងមុខអគារសារមន្ទីរជាតិ។
 
ដកស្រង់ពីសារមន្ទីរជាតិ ដែលមានការចោទសួរសំណួរនៅក្នុងបណ្ដាញសង្គមថា «តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន?»។ នេះជាកត្តាដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា សារមន្ទីរជាតិកម្ពុជា មិនគាំទ្រដល់វិស័យឯកជន ក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។ ប៉ុន្តែកន្លងមកថ្នាក់ដឹកនាំសារមនី្ទរជាតិ តែងសម្របសម្រួលជូនសាធារណជនឱ្យប្រើប្រាស់ទីតាំងសារមនី្ទរជាតិ ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
 

Tag:
 សារមន្ទីរជាតិ
  ថតរូបឈុតបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com