ជាតិ
អភិបាលក្រុង៖ ឆ្នេរកែបមិនមានករណីក្រាលកន្ទេលយកលុយភ្ញៀវទេសចរទៀតទេ 
លោក ខេង យ័ន អភិបាលក្រុងខេត្តកែប។ រូបភាព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល
×![]()
នៅឆ្នេរកែបមិនមានទីតាំង ដែលអាជីវករក្រាលកន្ទេលយកលុយពីភ្ញៀវទេសចរទៀតនោះទេ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។ លោក ខេង យ័ន អភិបាលក្រុងខេត្តកែប បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកែបនៅថ្ងៃទី ១១ខែឧសភា។
លោក ខេង យ័ន បានលើកឡើងថា នៅឆ្នេរកែបមានដើមឈើច្រើន ដែលជាម្លប់សម្រាប់ភ្ញៀវអង្គុយលេង តែវាក៏ជាឱកាសសម្រាប់អាជីវករក្រាលកន្ទេលយកលុយពីភ្ញៀវទេសចរ។ អភិបាលក្រុងរូបនេះ បានបញ្ជាក់ថា អាជីវករទាំងនោះ ដំបូងឡើយគ្រាន់តែសុំអាជ្ញាធរកា្រលកន្ទេលលក់នៅថ្ងៃបុណ្យទាន និងសៅ-អាទិត្យប៉ុណ្ណោះ តែក្រោយមក ក៏បានបំពាន ដោយដាក់លក់ជារៀងរាល់ថ្ងៃ ហើយទុកជាកម្មសិទ្ធរបស់ខ្លួន។
លោក ខេន យ័ន បានបន្តថា ដោយសារឃើញមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់បែបនេះ អាជ្ញាធរបានរៀបចំសារជាថ្មី ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់ឆ្នេរ និងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែប កាន់តែច្រើនបន្ថែមទៀត។
អភិបាលក្រុងរូបនេះ បានចុះសម្របសម្រួលជាមួយអាជីវករ និងបានសួរមតិរបស់អាជីវករទាំងនោះ ដោយពួកគេចង់បានទីតាំងលក់ដូរ។ ក្រោយទទួលបានព័ត៌មានទាំងនេះ អភិបាលខេត្តកែប និងអាជ្ញាធរពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីសាងសង់កញ្ចុះជួលឱ្យអាជីវករទាំងនោះ ដោយមិនអនុញ្ញាតឱ្យមានការក្រាលកន្ទេលយកលុយពីភ្ញៀវទេសចរទៀតឡើយ។
លោក ខេង យ័ន បានរៀបរាប់ថា ៖«បងប្អូនដែលបានក្រាលកន្ទេលតាមចិញ្ចើមផ្លូវជូនភ្ញៀវទេសចរ គឺប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ព្រមទាំងទឹកចិត្តអ្នកទេសចរណ៍ ដែលបានមកលេងនៅខេត្តកែប។ បងប្អូនលក់នៅឆ្នេរកែប មិនមានការក្រាលកន្ទេលទៀតទេ ចម្ងាយប្រមាណ ៩០០ម៉ែត្រ ពីស្រីសរហូតដល់រូបសំណាក់ក្ដាម»។
អភិបាលក្រុងកែបរូបនេះ បានគាំទ្រអាជីវករក្នុងការជួលកញ្ចុះឱ្យភ្ញៀវទេសចរតម្លៃ ៦ម៉ឺនរៀល គឺសមរម្យ ហើយសម្រាប់កម្មង់ម្ហូប ២មុខ មិនឱ្យគិតថ្លៃកញ្ចុះនោះទេ។ លោក ខេង យ័ន បានបញ្ជាក់ថា ៖« បងប្អូនភ្ញៀវទេសចរ ក៏ធ្លាប់ទៅដើរលេងរមណីយដ្ឋានផ្សេង ៦ម៉ឺនរៀល ក្នុង ១មុខម្ហូបជាទូទៅហើយ ខ្ញុំមិនមែនកាន់ជើងអាជីវករនៅកែបទេ។ និយាយទៅបងប្អូនទៅអង្គុយមែនអង្គុយ ២ម៉ោងទេ អាចអង្គុយពីម៉ោង ៩ដល់ម៉ោង ៦ល្ងាច»។
លោក ខេង យ័ន ក៏បានស្នើឱ្យអាជីវករគ្រប់រូបកុំរើសអើងភ្ញៀវ គឺត្រូវទទួលភ្ញៀវទេសចរឱ្យល្អ មិនថាអ្នកមាន ឬក្រ ដែលទៅដើរលេងកម្សាន្តនៅខេត្តកែប៕
© រក្សាសិទ្ធិដោយ thmeythmey.com