ជាតិ
សង្គមជាតិ
បណ្ឌិត សូ ណារ៉ូ ទទួលបានតំណែងរដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី 
×![]()
ព្រះមហាក្សត្រ ទ្រង់បានប្រោសប្រទានតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដល់លោកបណ្ឌិត សូ ណារ៉ូ ដែលកំពុងរស់នៅឯសហរដ្ឋអាម៉េរិក និងមានគម្រោងធ្វើមាតុភូមិនិវត្តវិញ។ ព្រះរាជក្រឹត្យស្តីពីការប្រទានតំណែងដល់លោក សូ ណារ៉ូ បានចេញនៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ តាមការក្រាបបង្គំទូលថ្វាយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ព្រះមហាក្សត្រ ទ្រង់ទើបនឹងចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យទទួលស្គាល់អតីតភាពការងាររបស់លោក សូ ណារ៉ូ វិញ ហើយបញ្ជូលទៅក្នុងក្របខ័ណ្ឌនៅទីស្តីការគណៈរដ្ឋមន្រ្តី។ កាលពីមុន លោក ធ្លាប់មានក្របខ័ណ្ឌនៅទីស្តីការគណៈរដ្ឋមន្រ្តី និងធ្លាប់ធ្វើការក្នុងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី។
លោក រម្លឹកពីរឿងរ៉ាវរបស់លោកក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីប៉ុន្មានថ្ងៃមុនថា ដោយសារមានបញ្ហាក្នុងការបំពេញការងារ លោក ក៏សម្រេចចិត្តនាំគ្រួសារចាកចេញពីកម្ពុជា ទៅរស់នៅឯសហរដ្ឋអាម៉េរិក តាំងពីឆ្នាំ២០១២មកម្ល៉េះ។ លោក បន្តថា ក្រោយលោកចាកចេញពីស្រុកខ្មែរ ក្របខ័ណ្ឌរដ្ឋរបស់លោក ក៏ត្រូវលុបចេញ។
លោក សូ ណារ៉ូ ដែលរស់នៅឯនាយសមុទ្រអស់ប្រមាណ២០ឆ្នាំមកហើយនោះ ប្រកាសថាលោក នឹងចូលស្រុកវិញ តែលោក មិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com