អន្តរជាតិ
ប្រមុខការទូតឥណ្ឌូណេស៊ី៖ អាស៊ាន​នឹង​មិន​បោះបង់​បញ្ហាសន្តិភាពនៅ​មីយ៉ាន់ម៉ាឡើយ​
12, May 2023 , 10:30 am        
រូបភាព
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ីនៅថ្ងៃទី១១ ខែឧសភា បានលើកឡើងថា អាស៊ាននឹងមិនបោះបង់ចោលការព្យាយាមដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ាឡើយ បើទោះបីជាផែនការទៅរកសន្តិភាពដែលបានព្រមព្រៀងរវាងអាស៊ាននិងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុនគ្មានការ​រីក​ចម្រើនក្តី។



ខណៈបញ្ហានៅមីយ៉ាន់ម៉ាហាក់គ្មានភាពធូរស្បើយ សមាជិកមួយចំនួនរបស់អាស៊ាន បានបង្ហាញការខកចិត្តជាខ្លាំងជាមួយនឹងរបៀបដោះស្រាយចលាចលផ្នែកនយោបាយក្នុងប្រទេសសមាជិកមួយនេះ។
 
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Labuan Bajo ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានរិះគន់ចំៗទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ាថា មិនបានអនុវត្តតាមផែនការសន្តិភាពអាស៊ានចំនួនប្រាំចំណុចដែលបានព្រមព្រៀងគ្នាកាលពីពីរឆ្នាំមុនឡើយ។ លោកប្រធានាធិបតី​​ចាត់ទុកការ​រំលោភ​សិទ្ធិ​មនុស្សនៅ​មីយ៉ាន់ម៉ា ជារឿងដែលមិនអាចមើលរំលងបាន និងជំរុញឱ្យបញ្ឈប់រាល់​អំពើ​ហិង្សាដែលកើតមាន។ 
 
ទាក់ទងរឿងនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi អាស៊ាននឹងមិនបោះបង់កិច្ចប្រឹងប្រែងស្តារសន្តិភាពនៅមីយ៉ាន់ម៉ាឡើយ។ 
«ការ​ខ្វះភាព​រីក​ចម្រើន​មិនមែន​មាន​ន័យ​ថា​យើង​គួរ​តែ​បោះបង់វាចោល​នោះ​ទេ»។ លោកស្រី Retno បានលើកឡើងបែបនេះនៅ​ពេល​បិទ​កិច្ច​ប្រជុំ​កំពូល។ 
 
ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ​ឥណ្ឌូណេស៊ី​បាន​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​កិច្ចពិភាក្សា​ដំណើរការឡើងវិញ។ ប៉ុន្តែ​ការ​រិះគន់របស់​ឥណ្ឌូណេស៊ី​លើមីយ៉ាន់ម៉ាចុងក្រោយនេះ អាចនឹងជះផលអវិជ្ជមានលើកិច្ចប្រឹងប្រែងកន្លងមក។ 
 
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី អ៊ុងស៊ាន ស៊ូជី ក្នុងឆ្នាំ ២០២១កន្លងទៅ។ កាលពីខែមុន អាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោសយោធាមីយ៉ាន់ម៉ាចំពោះការវាយប្រហារតាមអាកាសដែលសម្លាប់មនុស្សយ៉ាងហោចណាស់១០០ នាក់។ យ៉ាងណាមិញ របបយោធាមីយ៉ាន់ម៉ានបានអះអាងថា ពួកគេជាក្រុមភេរវករ៕
 
 

Tag:
 មីយ៉ាន់ម៉ា
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com