ជាតិ
នយោបាយជាតិ
ថ្នាក់ដឹកនាំបក្សភ្លើងទៀន ទៅពិភាក្សានៅក្រសួងមហាផ្ទៃ 
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដឹកនាំកិច្ចប្រជុំគណបក្ស កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)។
×![]()
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលទៅជួបតំណាងក្រសួងមហាផ្ទៃ នៅម៉ោង៣រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលជួបតំណាងក្រសួងមហាផ្ទៃនាពេលនេះ គឺដើម្បីពិភាក្សាពីលិខិត (ដើម) ដែលបញ្ជាក់ពីការចុះបញ្ជីគណបក្សភ្លើងទៀន ដែលកាលពីមុន មានឈ្មោះថា គណបក្សជាតិខ្មែរ ហើយដើម្បីបានលិខិត (ដើម) នោះ យកទៅដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោក មិនអាចផ្តល់ព័ត៌មានអ្វីលើសពីនេះឡើយ ដោយលោក ប្រាប់ថា លោក កំពុងជាប់រវល់រៀបចំខ្លួនទៅកាន់ក្រសួងមហាផ្ទៃ។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានធ្វើលិខិតជូនទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំចូលជួបសម្តេច។ ប៉ុន្តែ សម្តេច ពុំបានទទួលជួបថ្នាក់ដឹកនាំដោយផ្ទាល់ឡើយ។
លោក ម៉ែន ប៊ុនរិទ្ធ អគ្គាធិការរងក្រសួងមហាផ្ទៃ បានជម្រាបទៅលោក ទាវ វណ្ណុល វិញ តាមរយៈលិខិត ដែលចុះនៅថ្ងៃទី១២ ខែឧសភានេះថា ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន៦នាក់ ចូលជួបតំណាងក្រសួងមហាផ្ទៃ ទៅតាមការស្នើសុំ។ សម្តេច ស ខេង ប្រកាសលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ ខែឧសភានេះថា សម្តេច ឆ្លងកូវីដ-១៩។
សូមជម្រាបថា គណបក្សភ្លើងទៀន បានទៅចុះឈ្មោះនៅ គ.ជ.ប ដើម្បីសុំចូលរួមប្រកួតការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយគ.ជ.ប ក៏ទាមទារយកសំណៅដើម ឬឯកសារដើម ដែលបញ្ជាក់ពីការចុះបញ្ជីគណបក្សភ្លើងទៀន នៅក្រសួងមហាផ្ទៃ។ លោក គីមសួរ ភីរិទ្ធ និយាយជាមួយវិទ្យុអាស៊ីសេរីថា ឯកសារដើមនោះ បានបាត់ហើយ។
គណបក្សជាតិខ្មែរ ឆ្លងកាត់ការដូរឈ្មោះ២លើក គឺដូរពីគណបក្សជាតិខ្មែរ មកគណបក្សសម រង្ស៊ី និងដូរពីគណបក្សសម រង្ស៊ី មកគណបក្សភ្លើងទៀន៕
© រក្សាសិទ្ធិដោយ thmeythmey.com