អន្តរជាតិ
អាស៊ានលើកទឹកចិត្តជាថ្មីឱ្យរដ្ឋមានអាវុធនុយក្លេអ៊ែរចុះហត្ថលេខាលើសន្ធិសញ្ញា SEANWFZ
12, May 2023 , 5:20 pm        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូណេស៊ី។ រូបភាពយកពី ASEAN2023 Host Photographer
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូណេស៊ី។ រូបភាពយកពី ASEAN2023 Host Photographer
សមាជិកអាស៊ាន បានប្តេជ្ញាជាថ្មីក្នុងការរក្សាតំបន់អាស៊ីអាគ្នេយឱ្យបន្តជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ទន្ទឹមនេះ អាស៊ាន ក៏បានលើកទឹកចិត្តឱ្យរដ្ឋមានអាវុធនុយក្លេអ៊ែរ ចុះហត្ថលេខាលើពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរផង (SEANWFZ) ផង។


 
 តាមសេចក្តីថ្លែងការណ៍របស់ប្រធានផ្លាស់វេនអាស៊ាន ចេញនៅថ្ងៃទី១១ ខែឧសភា រដ្ឋអាស៊ាន បានបញ្ជាក់ជាថ្មីលើការហាមឃាត់តំបន់អាស៊ីអាគ្នេយ៍មិនឱ្យមានអាវុធនុយក្លេអ៊ែរ។ 
 
«យើង អះអាងជាថ្មីពីការប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធបំផ្លាញទ្រង់ទ្រាយធំទាំងអស់ ដូចដែលមានចែងក្នុងសន្ធិសញ្ញា SEANWFZ និងធម្មនុញ្ញអាស៊ាន»។ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ចេញនៅថ្ងៃទី១១ ខែឧសភា បានបញ្ជាក់បែបនេះ។ 
 
សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលចូលជាធរមាននៅក្នុងឆ្នាំ១៩៩៧ មិនអនុញ្ញាតឱ្យតំបន់អាស៊ីអាគ្នេយ៍អភិវឌ្ឍ ផលិត ទទួល និងកាន់កាប់ ឬគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើយ។ បន្ថែមពីនេះ សន្ធិសញ្ញាដដែល បានហាមឃាត់ការដឹកជញ្ជូន ការផ្ទុក សាកល្បង ឬប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយមធ្យោបាយណាមួយនោះឡើយ។
 
បន្ថែមពីនេះ សមាជិកអាស៊ាន បានទទូចជាថ្មីឱ្យប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរ ចុះហត្ថលេខាលើពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរផង។ យ៉ាងណាមិញ មកទល់ពេលនេះ វាមិនទាន់មានរដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរណាមួយ ចុះហត្ថលេខាលើពិធីសារនេះឡើយ។ 
 
ពេលនេះ អាស៊ាន កំពុងពិភាក្សាជាមួយរដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរទាំង៥ ដូចជា ចិន អាម៉េរិក អង់គ្លេស បារាំង និងរុស្ស៊ី ជុំវិញលទ្ធភាពនៃការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មានលក្ខខណ្ឌ។ 
 
ពិធីសារនៃសន្ធិសញ្ញា SEANWFZ ជាការផ្តល់ការធានាផ្នែកច្បាប់ ដើម្បីប្រាកដថារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរ មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការគំរាមកំហែងចំពោះរដ្ឋជាសមាជិកសន្ធិសញ្ញា៕ 
 

Tag:
 (អាស៊ាន
  SEANWFZ
  នុយក្លេអ៊ែរ)
© រក្សាសិទ្ធិដោយ thmeythmey.com