អន្តរជាតិ
អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រឹងប្រែងជំរុញភាគីចម្បាំងស៊ូដង់ស្វែងរកដំណោះស្រាយ
12, May 2023 , 7:40 pm        
រូបភាព
ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk
ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk
ដោយ: VOA
ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យបណ្តាប្រទេសដែលមានឥទ្ធិពលក្នុងទ្វីបអាហ្វ្រិក លើកទឹកចិត្តឱ្យភាគីចម្បាំងនៃប្រទេសស៊ូដង់ បញ្ចប់ការវាយប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីខែមុន។



ក្នុងការថ្លែងទៅកាន់កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវ លោក Turk បាននិយាយថា ជម្លោះនេះបានរុញច្រាន «ប្រទេសដែលរងគ្រោះច្រើននេះ ចូលក្នុងមហន្តរាយ‍»។
 
លោក Turk បានថ្លែងថា៖ «ខ្ញុំថ្កោលទោសការប្រើអំពើហិង្សាដោយបុគ្គលដែលមិនខ្វាយខ្វល់អំពីជីវិត និងសិទ្ធិជាមូលដ្ឋាន របស់ជនរួមជាតិរបស់ពួកគេ រាប់លាននាក់‍»។
ការប្រយុទ្ធគ្នានៅក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់ កាន់តែដុនដាប កាលពីថ្ងៃពុធ។ សាក្សីបានរាយការណ៍អំពីការទម្លាក់គ្រាប់បែក ការបាញ់គ្រាប់រ៉ុក្កែត និង ការបាញ់គ្នានៅក្នុងសង្កាត់មួយចំនួន។
 
កងយោធាស៊ូដង់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan បានវាយប្រហារលើមុខសញ្ញាមួយចំនួននៅក្នុងរដ្ឋធានីខាទុំ និងទីក្រុង Omdurman និងBahri។
កងយោធាកំពុងព្យាយាមបំបែកក្រុមទាហានប៉ារ៉ានៃកងកម្លាំងគាំទ្ររហ័សដែលដឹកនាំដោយលោកឧត្តមសេនីយ៍ Hamdan Dagalo ដែលបានចូលទៅក្នុងតំបន់លំនៅដ្ឋាន ដែលពួកគេបានកាន់កាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមេសា។
 
បើតាមអង្គការសុខភាពពិភពលោក ជម្លោះនេះបានធ្វើឱ្យមនុស្សជាង៦០០នាក់ ស្លាប់ និងមនុស្សជាង៥០០០នាក់ រងរបួស។
 
គណៈប្រតិភូពីខាងកងយោធា និង ក្រុមទាហានប៉ារ៉ា កំពុងពិភាក្សាគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អស់ពេលជិតមួយសប្តាហ៍ហើយ។ អ្នកការទូតបស្ចិមប្រទេសម្នាក់ដែលដឹងអំពីកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាអ្នកសម្របសម្រួល កំពុងផ្តោតទៅលើកិច្ចព្រមព្រៀងមួយ ស្តីពីបទឈប់បាញ់ និង ការអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌។
 
អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Victoria Nuland បានថ្លែងថា ក្រុមអ្នកចរចាអាមេរិក «មានសុទ្ទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន‍» លើបញ្ហាទាំងពីរនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com