​​​ន​យោ​បាយ​ជាតិ​
លោក ពេជ្រ ស្រស់ ចូលប្រកួតយកអាសនៈរដ្ឋសភាលើកទី២
12, May 2023 , 9:30 pm        
រូបភាព
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ផន ផល្លា ជាអនុប្រធាន (រូបពីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់)
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ផន ផល្លា ជាអនុប្រធាន (រូបពីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់)
ក្នុងវ័យ៤៤ឆ្នាំ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងទើបរៀនចប់ថ្នាក់បណ្ឌិត បានបន្តឈរជាបេក្ខជនតំណាងស្រ្តសាជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

 
ខុសពីលើកមុន លើកនេះ លោក ពេជ្រ ស្រស់ ពេញចិត្តខេត្តកំពង់ចាម។ បញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សយុវជនកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា ឈ្មោះលោក ពេជ្រ ស្រស់ ស្ថិតនៅលេខរៀងទី១។ យោងតាមបញ្ជី គណបក្សយុវជនកម្ពុជា មានលទ្ធភាពដាក់បេក្ខជនតំណាងរាស្រ្តនៅគ្រប់២៥រាជធានី-ខេត្ត។ 
 
គណបក្សយុវជនកម្ពុជា ធ្លាប់ចូលប្រកួតក្នុងការបោះឆ្នោតជាតិលើកទី៦ម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ តែពុំទទួលបានអាសនៈតំណាងរាស្រ្តឡើយ។ កាលនោះ លោក ពេជ្រ ស្រស់ ឈរជាបេក្ខជនតំណាងរាស្ត្រនៅខេត្តត្បូងឃ្មុំ។ 
 
ថ្វីបើពុំទទួលបានអាសនៈក្នុងការបោះឆ្នោតឆ្នាំ២០១៨ តែលោក ពេជ្រ ស្រស់ ស្ថិតក្នុងចំណោមប្រធានគណបក្សផ្សេងទៀត ​ដែលទទួលបានឋានៈស្មើទេសរដ្ឋមន្រ្តីរហូតដល់បច្ចុប្បន្ន   ដោយសារចូលធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងនីតិកាលទី៦ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរដ្ឋសភាទាំងអស់ ដែលមាន១២៥អាសនៈ៕
 

Tag:
 (ពេជ្រ ស្រស់)
© រក្សាសិទ្ធិដោយ thmeythmey.com