អន្តរជាតិ
ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​ ផ្តល់​ហានិភ័យ​ដល់​ប្រទេស​ក្បែរ​ខាង ​
13, May 2023 , 8:29 am        
រូបភាព
ជន​ភៀសខ្លួន​ស៊ូដង់​ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​ពួក​គេ រង់​ចាំ​ទទួល​ស្បៀងអាហារ​ពី​អង្គការ​សហប្រជាជាតិ​នៅ​ជិត​ព្រំដែន​ក្បែរ​ក្រុង Koufroun ប្រទេស​ឆាត កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣។
ជន​ភៀសខ្លួន​ស៊ូដង់​ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​ពួក​គេ រង់​ចាំ​ទទួល​ស្បៀងអាហារ​ពី​អង្គការ​សហប្រជាជាតិ​នៅ​ជិត​ព្រំដែន​ក្បែរ​ក្រុង Koufroun ប្រទេស​ឆាត កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣។
ដោយ: VOA
អស់រយៈ​ពេលជា​ច្រើនថ្ងៃចាប់តាំង​ពី​សង្គ្រាម​ក្នុង​ប្រទេស​ស៊ូដង់​កើត​ឡើង​នោះ​ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​សញ្ញាណា​មួយ​ ដែល​ភាគី​ជម្លោះនៅក្នុង​ប្រទេស​នេះ​មាន​បំណងចង់ចរចារ​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​ដែល​កំពុង​តែផ្ទុះ​ឡើង​នេះ​ឡើយ។​ អ្នកនាំ​ពាក្យការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ លោក​ស្រី​ Ravina Shamdasani បាន​ថ្លែង​ប្រាប់​វីអូអេក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ចរបស់​លោក​ស្រី​នាពេល​ថ្មីៗ​នេះ​ទៅ​កាន់​រដ្ឋធានី​ណៃរ៉ូប៊ី​នៃ​ប្រទេកេនយ៉ា​ថា​ ស្ថានភាព​នៅ​ទី​នោះ​កំពុងតែ​ផ្តល់​នូវ​ក្តី​បារម្ភ​ខ្លាំង។​ ​



លោកស្រីនិយាយ​ដូច​នេះ​ថា៖ «ចា៎! មាន​បទ​ឈប់​បាញ់​គ្នា​ ​ហើយមាន​ការ​ផ្អាក​និង​ភាព​ស្ងប់ស្ងាត់​ខ្លះៗ ដែល​ពល​រដ្ឋ​អាច​ចេញ​ទៅក្រៅ​ផ្ទះ​និង​ព្យាយាម​រត់​គេច​ ប៉ុន្តែ​ការ​វាយប្រហារ​តាម​អាកាស​នៅ​កំពុង​បន្ត​កើត​មាន។​ ​ការ​កាន់កាប់​អគារ​ប្រធានាធិបតី​ក្នុង​គោល​បំណង​យោធា​ ដោយ​ក្រុមកង​កម្លាំង​គាំទ្រ​រហ័ស​ RSF កំពុង​បន្ត​កើត​មាន។ ហើយ​សូម្បី​តែ​ពលរដ្ឋ​ដែល​កំពុង​ព្យាយាម​រត់​គេច​ខ្លួន មិន​គ្រាន់​តែ​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ទទួល​រង​ការ​សម្លុត​គំរាម​យក​លុយកាក់​ផង​ដែរ​នៅ​តាម​ដងផ្លូវ។​ ​គេ​ឃើញ​មាន​ការ​ខ្វះ​ខាត​ថ្នាំ​សង្កូវ​ ស្បៀង​អាហារនិង​ប្រេង​ឥន្ធនៈ​ជា​ច្រើន។​ ស្ថានភាព​នេះ​កំពុង​វិវត្ត​ទៅ​រកការ​ផ្ទុះ​ជម្លោះ​ដ៏​ពេញបន្ទុក​មួយ»។​
 
លោក Kwaku Nwamah សាស្ត្រាចារ្យនយោបាយអន្តរជាតិនៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​បា្រប់វីអូអេ​ដូច្នេះ​ថា៖ ​«ប្រទេស​ស៊ូដង់​មាន​ព្រំដែន​ជាប់ជា​មួយ​ប្រទេស​ចំនួន​៧​ ដែល​ប្រទេស​ទាំង​អស់​នោះសុទ្ធ​តែ​មាន​អសន្តិសុខ​ជាប្រចាំ។​ ​ដូច​នេះ​ជម្លោះ​នៅ​ក្នុងប្រទេស​ស៊ូដង់​នេះ​ អាច​រាលដាល​ចូល​ក្នុង​តំបន់​យ៉ាង​លឿន​បំផុត។​ ជម្លោះ​នេះ​ក៏​អាច​ឆ្លងសមុទ្រ​ក្រហម​ប៉ះពាល់​ដល់ប្រទេស​អារ៉ាប៊ីសាអូឌីត​ ​និង​ប្រទេស​យេម៉ែន​ផង​ដែរ។​ ​អ៊ីចឹងវា​អាច​មាន​រឿង​ជា​ច្រើនដែល​អាច​កើត​ឡើងនៅ​ក្នុង​តំបន់​នោះ»។
 
អ្នក​តំណាង​នៃ​កងទ័ព​ស៊ូដង់​និង​កងកម្លាំងគាំទ្រ​រហ័ស បានជួប​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ Jeddah ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។​
 
ខណៈ​ពេល​ដែល​ភាព​ចាំបាច់​បន្ទាន់​មួយ​គឺការ​ព្យាយាម​បង្កើត​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ និង​ការត្រួសត្រាយ​ផ្លូវ​ដើម្បី​កិច្ចពិភាក្សា​ដ៏​ទូលំទូលាយនោះ​ លោកស្រី​ Susan Stigant នាយិកាកិច្ចការ​អាហ្វ្រិក​នៃ​វិទ្យាស្ថាន​អាមេរិក​សម្រាប់​សន្តិភាព​ បាន​គូស​បញ្ជាក់​ថា​ គេ​ក៏​មាន​ក្តី​បារម្ភ​អំពី​ប្រទេស​ស៊ូដង់ដែល​ដឹកនាំដោយ​រដ្ឋាភិបាល​ស៊ីវិលមួយ​ផង​ដែរ។​ លោកស្រី​បន្ថែម​ដូច្នេះ​ថា៖ «មាន​មនុស្ស​ជា​ច្រើនបាន​ចោទសួរ​និង​បង្ហាញ​ពី​ក្តី​កង្វល់​របស់​គេ​ ​អំពី​តួនាទីរបស់​ក្រុម​ជន​ស៊ីវិល​ ពលរដ្ឋ​ និងមេដឹកនាំ​នយោបាយ​ ដែល​ចាំបាច់​ត្រូវតែ​មាន​ការ​ពិភាក្សា​ដ៏​សំខាន់​ជុំវិញ​អនាគតនយោបាយ​មួយ​ ក៏​ដូច​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​នៅ​ខ្សែត្រៀម​ខាង​មុខ ដែល​កំពុង​ជួយ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ផង​ដែរ»។
 
ពលរដ្ឋ​រង់ចាំ​ទទួល​វ៉ាលីស៍​របស់​ពួក​គេ​នៅ​ចំណត​រថយន្ត​ក្រុង​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ខាទុំ ប្រទេស​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​មាន​បន្ត។
មេបញ្ជាការ​នៃ​កងកម្លាំង​គាំទ្រ​រហ័ស​ លោក​ឧត្តមសេនីយ៍​ Mohamed Hamdan Dagalo បាន​បង្ហោះ​សារ​លើ​បណ្តាញ Twitter ក្នុង​ពេល​ថ្មីៗ​នេះ​ថា​ លោក​និង​ក្រុម​កងកម្លាំង​របស់​លោក​ «មាន​ការ​តាំង​ចិត្តចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​អន្តរកាលឆ្ពោះ​ទៅ​រក​រដ្ឋាភិបាល​ស៊ីវិល​មួយ»។ ​
 
ប៉ុន្តែ​សមភាគី​របស់​លោក​ Dagalo ​គឺ​ឧត្តមសេនីយ៍​ Abdel Fattah al-Burhan មិន​បាន​លើក​ឡើង​ពី​ការ​សន្យា​ដូចលោក​Dagaloនោះ​ឡើយ។​ បើទោះ​បី​ជា​យ៉ាង​ណាក៏គេកត់សម្គាល់​ថា ​លោក ​Dagalo និង​លោក​ Burhan បាន​រួម​សហការ​គ្នាក្នុង​ការ​ទម្លាក់​រដ្ឋាភិបាល​ចម្រុះ​ស៊ីវិល​និង​យោធា​របស់​ប្រទេស​ស៊ូដង់​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ផង​ដែរ។​ ​
 
ជម្លោះ​ក្នុង​ប្រទេស​ស៊ូដង់ដែល​កំពុង​តែ​កើត​ឡើង​នៅពេល​នេះ​ បាន​បណ្តាល​ឱ្យ​មាន​ជនចំណាក​ស្រុក​ទៅ​កាន់​ប្រទេសក្បែរខាង​ស៊ូដង់​ជា​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ផង​ដែរ ដែល​នៅ​ទីនោះមាន​ពលរដ្ឋ​ជា​ច្រើន​បាន​រត់​គេ​ខ្លួនកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។​ នៅ​ពេលនេះ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​វិល​ត្រឡប់មក​កាន់​ប្រទេសស៊ូដង់​ខាង​ត្បូង​វិញ។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​ Charlotte Hallquist អ្នក​នាំ​ពាក្យ​របស់ ទី​ភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។​
 
លោកស្រី​ថ្លែង​ដូច​នេះ​ថា៖ ​«យើង​បានកត់​ត្រា​ចំនួន​មនុស្ស​ប្រមាណជិត​៤ម៉ឺន​៥ពាន់នាក់ [ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ត្រឡប់​មក​វិញ​]​ តែ​តួលេខនេះទំនង​ជា​អាច​ខ្ពស់​ខ្លាំងជាង​នេះ។​ នេះ​ជា​សោកនាដកម្ម​ដ៏​ធំ​មួយ​ទៀត​ នៃការបន្លាស់​ទីកន្លែង​ជា​លើក​ទី២​នោះ។​ ពួក​គេ​បាន​គេច​ខ្លួន​ក្នុង​អំឡុង​ពេល​នៃសង្គ្រាម​ស៊ីវិល​។​ ពួក​គេ​បាន​រត់​ទៅ​ជ្រក​ពួន​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ ហើយ​ឥឡូវ​នេះត្រូវ​បានរត់​គេច​ខ្លួនត្រឡប់​មក​កាន់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​វិញ»។ ​
 
លោកស្រី​ថ្លែង​ថា​ ​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​ជា​ច្រើនក្នុង​ការ​ធ្វើ​ដំណើរតាម​ផ្លូវ​ ដោយ​អ្នកខ្លះ​ដើរ​ អ្នក​ខ្លះ​ជិះឡានក្រុង​ ហើយ​ខ្លះ​ទៀត​ជិះរទេះសេះ​ ដោយ​ឆ្លងកាត់​ព្រំដែន​ចូល​ទៅរដ្ឋ Nile នៅ​ផ្នែក​ខាង​លើ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​។ ​
 
លោក​ស្រី Hallquist និយាយ​ថា​ ពួក​គេ​ទាំង​នោះ​បាន​មក​ដល់​ស៊ូដង់​ខាង​ត្បូងដោយ​ភាព​ហេវហត់​ខ្លាំងនិងឃ្លាន។​ ទី​ភ្នាក់ងារ​ជនភៀស​ខ្លួន​ បានផ្តល់​ជំនួយសង្គ្រោះបន្ទាន់ដល់​ពួកគេ​នៅ​តាម​ច្រក​ព្រំដែន​ និង​បាន​ជួយ​ដឹកជញ្ជូន​ពួក​គេ​ទៅ​កាន់តំបន់​ប្រជុំ​ជន ​Renk ផង​ដែរ​ ប៉ុន្តែ​អ្នក​ស្រីថា​ ​តំបន់​ប្រជុំជន​នេះ​ ក៏​មាន​ធនធាន​កម្រិត​របស់​គេ​ផង​ដែរ​ ដូច​នេះ​ហើយ​ទី​ភ្នាក់ងារ​ជនភៀស​ខ្លួន​ ក៏​បាន​លើក​ទឹកចិត្ត​ឱ្យ​ពួក​គេ​ ​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​ពី​កន្លែង​នោះ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com