អន្តរជាតិ
ភាគី​ចម្បាំង​នៅ​ស៊ូដង់​ចុះ​ហត្ថលេខា​លើ​ការ​ប្តេជ្ញា​ឱ្យ​មាន​ជំនួយ​មនុស្សធម៌
13, May 2023 , 7:29 pm        
រូបភាព
ជនភៀសខ្លួនពីស៊ូដង់រង់ចាំឆ្លងដែនចូលប្រទេសអេត្យូពី កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។
ជនភៀសខ្លួនពីស៊ូដង់រង់ចាំឆ្លងដែនចូលប្រទេសអេត្យូពី កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ ភាគី​ចម្បាំង​នៅ​ស៊ូដង់​បាន​ចុះ​ហត្ថលេខា​អំពីការ​ប្តេជ្ញាកាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​លើ​គោលការណ៍​ណែនាំ​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​មនុស្សធម៌។



មន្ត្រីអាមេរិក​ម្នាក់​ដែល​ដឹង​អំពីកិច្ចចរចា​នេះ​បាន​និយាយ​ថា​ ក្រុម​អ្នក​តំណាង​កងទ័ព​និង​កងកម្លាំង​ប៉ារ៉ា ដែល​បាន​ប្រយុទ្ធគ្នា​ជិត​មួយ​ខែ​មក​ហើយ​នេះ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះក្នុង​ក្រុង Jeddah ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ស្តី​ពី​«សេចក្តី​ប្រកាសនៃ​ការ​ប្តេជ្ញា​ការពារ​ជន​ស៊ីវិលនៃ​ប្រទេស​ស៊ូដង់»។
 
ការ​ប្តេជ្ញា​នេះ​មិនមែន​ជា​ការ​ឈប់បាញ់​ទេ ​តែ​មាន​គោលដៅ​ជួយ​ឱ្យ​មាន​ជំនួយ​មនុស្សធម៌។
កិច្ច​ព្រមព្រៀង​នេះ​តម្រូវ​ឱ្យ​ភាគី​ទាំងពីរអនុញ្ញាត​ឱ្យ​មាន​ជំនួយ​មនុស្សធម៌ ​អនុញ្ញាត​ឱ្យ​មាន​អគ្គិសនី ទឹក​និង​សេវា​ជា​មូលដ្ឋាន​ឯទៀតៗ​ជា​ថ្មីឡើង​វិញ ​ឱ្យ​មាន​ការ​ដក​កងកម្លាំង​សន្តិសុខ​ពី​មន្ទីរពេទ្យ​និង​ចាត់ចែង​ឱ្យ​មាន«ការបញ្ចុះសព​ដោយ​សេចក្តី​គោរព»។
 
មន្ត្រី​អាមេរិក​រូប​នេះ​បាន​ថ្លែង​ថា៖ «យើង​សង្ឃឹមដោយ​ប្រុងប្រយ័ត្ន​ថា​ចំណង់​របស់​ភាគី​ចម្បាំង​ក្នុង​ការចុះ​ហត្ថលេខាលើ​ឯកសារ​នេះ​នឹង​បង្កើត​ឱ្យ​មាន​សន្ទុះ​ដែល​នឹង​បង្ខំ​ពួកគេ​ឱ្យបង្កើត​កន្លែង«ដើម្បី​ដឹកជញ្ជូនជំនួយ​សង្គ្រោះ»។ មន្ត្រី​រូបនេះ​បាន​បន្ថែម​ថា តែ​ភាគី​ទាំង​ពីរនៅ​តែ​«ខ្វែង​គំនិត​គ្នា​ខ្លាំង»នៅ​ឡើយ។
 
កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ញត្តិ​មួយ​ទាំង​ប្រផិត​ប្រផើយ ដើម្បី​បង្កើន​ការ​តាម​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ូដង់​ ដែល​នៅ​ទី​នោះ​ជនស៊ីវិល​រាប់រយ​នាក់​ត្រូវ​បាន​សម្លាប់​តាំង​ពី​ការ​ប្រយុទ្ធគ្នា​បាន​ចាប់​ផ្តើម​កាលពី​ខែមុន។
 
ដោយ​មាន​ការគាំទ្រ​ពី​ចក្រភព​អង់គ្លេសនិង​សហរដ្ឋ​អាមេរិក ញត្តិ​នេះ​ត្រូវបាន​អនុម័តដោយ​មាន​សំឡេង​គាំទ្រ​ ១៨​ ទល់​នឹង​សំឡេង​ជំទាស់​ ១៥។
 
ការ​ផ្តើមគំនិតនេះបើកឱ្យ​អ្នកជំនាញអង្គការ​សហប្រជាជាតិ​ខាង​កិច្ចការ​ប្រទេស​ស៊ូដង់​មាន​អំណាចជាងមុន​ក្នុងការ​ឃ្លាំមើល​ការរំលោភ​លើ​បណ្តា​វិធានការ​ឯទៀតៗ។ ញត្តិ​នេះ​ត្រូវ​បាន​កែសម្រួល​ជាច្រើន​ដង​ឲ្យ​មាន​ខ្លឹមសារ​មិន​សូវខ្លាំង​ពេក ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ដើម្បី​ឲ្យ​ងាយ​បាន​ទទួល​ការ​អនុម័ត​នៅ​លើក​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com