បោះឆ្នោត
អន្តរជាតិ
មុនការបោះឆ្នោត លោកប្រាយុទ្ធបញ្ជាក់ពីភាពចាំបាច់នៃតួនាទីយោធាក្នុងការការពារប្រទេស
13, May 2023 , 8:59 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព Reuters
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព Reuters
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១១ ខែឧសភា បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់យោធា ក៏ដូចជាភាពចាំបាច់ក្នុងការចូលរួមចំណែកលើសន្តិសុខជាតិ មុនពេលការបោះឆ្នោតមកដល់នៅថ្ងៃទី១៤ ខែឧសភា។ ការអះអាងបែបនេះ ជាការយល់ឃើញផ្ទុយនឹងបក្សប្រឆាំង ដែលចង់លុបចោលបទបញ្ញត្តិរើសទាហាន។

 
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក បក្សប្រឆាំងដូចជា បក្សPheu Thai និងបក្ស Move Forward បានសន្យាលុបចោលបទបញ្ញត្តិនៃការរើសយោធា។  យ៉ាងណាមិញ មុនការបោះឆ្នោតមកដល់ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន និងជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សជាតិថៃរួបរួម បានបញ្ជាក់ពីតួនាទីរបស់យោធា​ ក្នុងការការពារប្រទេស។ 
 
«ទាហាន ជាសន្តិសុខរបស់ប្រទេស»។ លោក ប្រាយុទ្ធ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១១ ខែឧសភា ក្នុងការជួបជុំអ្នកគាំទ្រនៅភាគខាងត្បូងប្រទេស ដោយបន្តគាំទ្រពីបទបញ្ញត្តិក្នុងការរើសទាហាន ដែលបក្សប្រឆាំងចង់ឱ្យប្រជាជនមានការស្ម័គ្រចិត្ត។ 
 
បើតាមលោកប្រាយុទ្ធ ទាហានជាអ្នកការពារព្រំដែនរបស់ប្រទេស ហើយទទួលយកហានិភ័យជាច្រើន។ ត្រង់ចំណុចនេះ លោកប្រាយុទ្ធ​ថា ទាហាន គឺបម្រើតួនាទីរបស់ខ្លួន ដោយផ្អែកតាមរដ្ឋធម្មនុញ្ញ។
 
តាមច្បាប់ពីកាតព្វកិច្ចបម្រើយោធាឆ្នាំ​ ១៩៥៤ ប្រជាជនថៃទាំងអស់ ត្រូវតម្រូវឱ្យចូលរួមក្នុងយោធា ហើយការជ្រើសរើសទាហាន គឺផ្អែកលើបទបញ្ញត្តិ និងមធ្យោបាយផ្សេងៗ ដែលមានចែងដោយក្រសួង។ 
 
នាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្នរូបនេះ បានបន្តថា ប្រសិនបើថៃគ្មានយោធា ថៃនឹងគ្មានអំណាចឡើយ ខណៈប្រទេសផ្សេងមានការទទួលខុសត្រូវលើយោធាតិចជាងថៃផង។ ជុំវិញនឹងតួនាទីយោធា លោកប្រាយុទ្ធ បានអះអាងថា លោកជាទាហាន ជាង៣០ឆ្នាំមកហើយ ហើយក្លាយជាមេបញ្ជាការយោធាផងដែរ។ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ អ្វីដែលលោកប្រាយុទ្ធមាន គឺប្រជាជនប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា ថៃ នឹងរៀបចំការបោះឆ្នោតរដ្ឋសភានៅថ្ងៃទី១៤ ខែឧសភា ខាងមុខ។ ក្នុងការបោះឆ្នោតអាណត្តិនេះ ប្រជាជនមានសិទ្ធិបោះឆ្នោតមានចំនួនជាង៥២លាននាក់ នៅទូទាំងខេត្តចំនួន៧៧របស់ថៃ។ តាមច្បាប់របស់ថៃ ប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត។ ព្រះសង្ឃ អ្នកទោស ប្រជាជនមានជំងឺផ្លូវចិត្ត និងអ្នកហាមឃាត់មិនឱ្យបោះឆ្នោត មិនមានសិទ្ធិបោះឆ្នោតឡើយ៕ 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com