អន្តរជាតិ
សេតវិមាន​ការពារ​គោលនយោបាយ​ព្រំដែន​ ខណៈ​មាន​ការ​រិះគន់​ពី​ក្រុម​ប្រឆាំង​និង​អ្នក​តស៊ូមតិ​
14, May 2023 , 8:29 am        
រូបភាព
ជនអន្តោប្រេវសន៍ម្នាក់ថ្លែងទៅកាន់ក្រុមឆ្មាំជាតិអាមេរិកប្រចាំរដ្ឋតិចសាស នៅជ្រាំងទន្លេ Rio Grande នៅលើទឹកដីនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣។
ជនអន្តោប្រេវសន៍ម្នាក់ថ្លែងទៅកាន់ក្រុមឆ្មាំជាតិអាមេរិកប្រចាំរដ្ឋតិចសាស នៅជ្រាំងទន្លេ Rio Grande នៅលើទឹកដីនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
សេតវិមាន ​បាន​ព្យាយាមសម្រាល​ក្តី​បារម្ភ ដែល​ថា​ក្រុម​ជន​ចំណាក​ស្រុក​ ដូច​ដែល​គេបាន​ឃើញ​មក​ប្រមូល​ផ្តុំគ្នា​ក្នុង​សប្តាហ៍​នេះ​នៅ​តាម​បណ្តោយ​ព្រំដែនប្រវែង​ជាង ៣.០០០គីឡូម៉ែត្រ​ ដែល​ខណ្ឌចែក​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​មិកស៊ិក​ ថា​អាច​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស់ បន្ទាប់​ពីគោលនយោបាយ​ពាក់ព័ន្ធ​មួយ​ចំនួន​ស្តី​ពី​ការ​បណ្តេញ​ចេញ​ជន​ចំណាក​ស្រុក​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩ ដែល​គេ​ហៅ​ថា​ «ច្បាប់ ៤២»​ ត្រូវ​បានលុប​ចោល​លែង​អនុវត្ត។



រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខជាតិ​មាតុភូមិអាមេរិកលោក ​Alejandro Mayorkas បាន​ថ្លែង​នៅ​សេតវិមាន​ថា៖​ «កិច្ចប្រឹងប្រែង​ដែល​ធ្វើ​ឡើង​ទៅ​តាម​ការ​ពង្រឹង​ប្រព័ន្ធ​អន្តោប្រវេសន៍​ដែល​មាន​ភាព​ធូរលុងរបស់​យើង​នោះ គឺ​ការ​ផ្តោតទៅ​លើ​ដំណើរការ​ដែល​ធានា​ឱ្យ​មាន​សុវត្ថិភាព មាន​របៀបរៀប​រយ និង​មានភាព​ជា​មនុស្សធម៌​ ស្រប​ពេល​ដែលយើង​ការពារ​កម្លាំង​ការងារ​និង​សហគមន៍​របស់​យើង»។
 
គោលនយោបាយពាក់ព័ន្ធស្តី​ពី​ការ​បណ្តេញ​ចេញ​ជន​ចំណាកស្រុក​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩​ បាន​ផុត​កំណត់​អនុវត្តកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ក្រុម​មន្ត្រី​អាមេរិក​បាន​ឃើញចំនួន​ជន​ចំណាក​ស្រុក​មានការ​ហក់​ឡើង​ខ្ពស់​យ៉ាង​គំហុក​ នៅ​តាម​បណ្តោយ​ព្រំដែន​ ដើម្បី​ព្យាយាម​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ មុន​ពេល​ដែល​មាន​បទបញ្ញត្តិថ្មីមួយ​អាច​ត្រូវ​បាន​អនុវត្ត។

ក្រោយ​ពាក់កណ្តាល​អាធាត្រយប់​ថ្ងៃ​ពុធ​ ជន​ចំណាកស្រុកណា​ដែល​បាន​ឆ្លង​ចូល​មក​ទឹកដី​អាមេរិក នឹង​ត្រូវ​បញ្ជូន​នាំ​ចេញទៅវិញ​ និង​មិន​មាន​សិទ្ធិសុំ​សិទ្ធិ​ជ្រកកោន​នោះឡើយ​ ​លើក​លែង​តែ​ក្នុង​ករណី​មួយ​ចំនួន​ប៉ុណ្ណោះ។​ ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ណាត់​តាម​រយៈកម្មវិធី CBP One app នឹង​នៅ​តែ​អាច​ស្នើសុំ​ការ​ការពារ​សម្រាប់​សិទ្ធិសុំ​ជ្រកកោនរបស់​ខ្លួន​បាន​ដដែល។​
 
ត្រឹម​យប់​ថ្ងៃ​ពុធ​ឆ្លង​ចូលព្រឹក​ថ្ងៃព្រហស្បតិ៍ ក្នុង​ទីក្រុង​ El Paso រដ្ឋ​តិចសាស​ សហរដ្ឋអាមេរិក កងកម្លាំង​ឆ្មាំជាតិ​អាមេរិក​បាន​នាំ​ក្រុម​គ្រួសារ​ជន​ចំណាក​ស្រុកជា​ច្រើន​ក្រុម​ ដែល​មាន​កាបូប​ស្ពាយនិង​ក្រុមកុមារ​តូចៗ​ផង​ ត្រឡប់​ទៅ​កាន់​ទឹកដី​មិកស៊ិក​វិញ​ តាមប៉ុស្តិ៍​ច្រក​របៀង​ដែល​មាន​ហុំព័ទ្ធ​ដោយ​បន្លា​លួសផង​ដែរ។
អ្នករិះគន់​ លោក Biden ​ចង់ឃើញ​ច្បាប់​តឹងរ៉ឹង។
 
សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ ​លោក Joe Wilson ​មកពី​រដ្ឋ South Carolina ​បាន​និយាយ​នៅក្នុង​អង្គប្រជុំ​សភា​កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖ «គោលនយោបាយ​ព្រំដែន​របស់​លោក​ Biden ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ និង​បង្ក​គ្រោះថ្នាក់​ដល់​គ្រួសារ​អាមេរិកាំង​ទាំងអស់​នៅ​គ្រប់​ទីកន្លែង​ថា​មាន​ការវាយប្រហារ​ភេរវកម្ម​ដោយ​ជនបរទេស​ខុស​ច្បាប់» ។
 
ហើយ​អ្នកតស៊ូមតិ​ផ្នែក​អន្តោប្រវេសន៍​និយាយ​ថា ​ប្រព័ន្ធ​របស់​លោក​ Biden​ គឺ​តឹងតែង​ជ្រុលពេក៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com