ជាតិ
ពីនេះ ពីនោះ
ទស្សនាវត្ថុសិល្បៈក្រោមដី នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ 
ផ្នែកខាងក្នុង នៃសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ។
×![]()
សៀមរាប៖ សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ជាសារមន្ទីរតម្កល់វត្ថុបុរាណបានពីកំណាយក្នុងតំបន់អង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លើសពីជាកន្លែងតម្កល់វត្ថុបុរាណ សារមន្ទីរនេះ ក៏ជាកន្លែងដែលអាចឱ្យទេសចរ និងអ្នកសិក្សា ស្វែងយល់ពីប្រវត្ថិសាស្ត្រ បដិមា វត្ថុប្រើប្រាស់ និងទំនៀមទម្លាប់មនុស្សជំនាន់មុនផងដែរ។
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
ទីប្រមូលផ្ដុំលទ្ធផលកំណាយបុរាណវិទ្យា រួមមានរូបបដិមា ចម្លាក់ អលង្ករណ៍ កុលាលភាជន៍ លលាដ៍ក្បាលមនុស្សរាប់រយ ដែលកប់នៅក្រោមដី តាំងពីសម័យបុរេប្រវត្តិសាស្ត្រមក បានកំពុងដាក់បង្ហាញ ដល់សារធារណជនបានស្គាល់ និងឈ្វេងយល់។ ទីនេះជាសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ។
ស្ថិតនៅតាមបណ្ដោយផ្លូវអប្សរា ជាប់នឹងសាលាខេត្តសៀមរាបនោះ ជាអគារសារមន្ទីរដែលយើងកំពុងតែនិយាយនេះ ដោយអគារធំមួយ ត្រូវបានសង់ឡើងនៅលើផ្ទៃដីដ៏ទូលាយ ជាមួយផ្លូវចូលអមដោយរុក្ខជាតិបៃតង និងបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០០៨។
សារមន្ទីរមួយនេះ បង្កើតឡើងបន្ទាប់ពីគម្រោងកំណាយវត្ថុបុរាណទ្រទ្រាយធំមួយ នៅឯប្រាសាទបន្ទាយក្ដី ក្នុងឆ្នាំ២០០០ និង២០០១។ ខ្ញុំសូមរំឭកបន្តិចថា ក្នុងគម្រោងកំណាយនោះ បុរាណវិទូប្រទះឃើញនូវពុទ្ធបដិមាកប់ក្រោមដី ចំនួន២៧៤អង្គ និងបំណែក។
តើលោកអ្នកអាចទស្សនាអ្វីខ្លះនៅទីនេះ? នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ លោកអ្នកនឹងបានទស្សនានូវវត្ថុសិល្បៈបុរាណប្លែកៗពគ្នា ដែលធ្លាប់បានកាប់ក្រោមដី ដែលមនុស្សភាគច្រើនធ្លាប់ឮធ្លាប់ដឹង និងនឹកភ្នកដល់។ នៅទីនេះត្រូវបានបែកចែកជា២ជាន់ ដោយពិព័រណ៍នូវសម័យបុរេប្រវត្តិសាស្ត្រ កំណាយនៅស្ថានីយ៍កោះតាមាស, សម័យអង្គរ នៅប្រាសាទបន្ទាយក្ដី និងសម័យក្រោយអង្គរ នៅប្រាសាទគោកប៉ាទ្រី ជាដើម។
គួរជម្រាបផងដែរថា នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ បើក៦ថ្ងៃ ក្នុងមួយសប្តាហ៍ គឺចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ និង៣០នាទីព្រឹក ដល់ម៉ោង៤ និង៣០នាទីរសៀល។ ចំពោះតម្លៃសំបុត្រ គឺមានតម្លៃ១ពាន់រៀល សម្រាប់ភ្ញៀវជាជនជាតិខ្មែរ និងតម្លៃ ៣ដុល្លារសម្រាប់ភ្ញៀវបរទេស។
ជាមួយគ្នានេះ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ ព្រះសង្ឈ និងកងកម្លាំងប្រដាប់អាវុធ ការចូលទស្សនាសារមន្ទីរ មិនត្រូវបានគិតថ្លៃនោះឡើយ និងមិនគិតថ្លៃសម្រាប់ភ្ញៀវខ្មែរ នៅរៀងរាល់ថ្ងៃសៅរ៍ នៃដើមខែនីមួយៗ៕
Tag:
ThmeyThmey
សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com