កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉េតង់៖ ម្ចាស់ផ្ទះកម្ពុជាបានមេដាយ១០ក្នុងចំណោម១១ តែគ្មានមេដាយមាស
14, May 2023 , 10:45 am        
រូបភាព
កីឡាប៉េតង់ បានបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅលើទឹកដីរបស់ខ្លួន ជាមួយនឹងការដណ្តើមបានមេដាយប្រាក់៦ និងសំរឹទ្ធ៤ ពោលគឺឈ្នះមេដាយ១០ក្នុងចំណោម១១វិញ្ញាសា។ ប៉ុន្តែបើគិតចាប់តាំងពីស៊ីហ្គេមឆ្នាំ២០១៧នៅម៉ាឡេស៊ី កម្ពុជាមិនមានមុខនៅលើតារាងមេដាយមាសជាលើកដំបូង។

 
ប៉េតង់ដែលជាកីឡាសក្តានុពលមួយ បានខកចិត្តនាការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្ររហូតដល់ទៅ៦លើក ដោយចាញ់ថៃ៣ និងចាញ់ឡាវ៣លើកនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ វិញ្ញាសាចំនួន៤ ទទួលបានមេដាយសំរឹទ្ធ ដោយមានតែវិញ្ញាសាឯកត្តជននារីប៉ុណ្ណោះដែលមិនបានឆ្លងផុតវគ្គជម្រុះ។
 
 

ថៃគឺជាក្រុមដែលជោគជ័យជាងគេ ដោយបានមេដាយលើគ្រប់វិញ្ញាសា ក្នុងនោះ ឈ្នះមាស៦ និងសំរឹទ្ធ៥។ ឡាវឈរលំដាប់ទី២ ដោយឈ្នះមេដាយមាស៣ ប្រាក់២ សំរឹទ្ធ៤។ ម៉ាឡេស៊ី បានមេដាយមាស១ ប្រាក់១ សំរឹទ្ធ៣, មីយ៉ាន់ម៉ា បានមេដាយមាស១។
 
ម្ចាស់ផ្ទះកម្ពុជាជាប់លេខ៥ ជាមួយមេដាយប្រាក់៦ សំរឹទ្ធ៤, វៀតណាម បានមេដាយប្រាក់២ សំរឹទ្ធ៥ រីឯហ្វីលីពីន ទទួលបានមេដាយសំរឹទ្ធ១ ផងដែរ។
 
មេដាយប្រាក់៦របស់កម្ពុជា បានលើវិញ្ញាសាវាយយកពិន្ទុបុរស (ថោង ឈឿន), វាយគូបុរស (ភាព វ៉ាឃីម និងពុធយ៉ុន ច័ន្ទដារា), បីទល់បីបុរស (ហេង ថង, តិប នរ៉ា, កុយ សុភត្រា និង បន ស៊ីដែត), វាយគូនារី (ធា សម្ផស្ស និងជុំ ធីវណ្ណ), វាយគូចម្រុះ (នុប ឆលីកា និង សៅ សុភារ៉ាន់), ចម្រុះបុរស២នារី១ (វង ចន្ថា, ស៊ិន វង់ និង យឹម សុភ័ណ្ឌ)។
 
មេដាយសំរឹទ្ធ៤របស់កម្ពុជា រកបានដោយ វិញ្ញាសាឯកត្តជនបុរស (សុខ ចាន់មាន), វាយយកពិន្ទុនារី (អ៊ុំ ដាវីន), បីទល់បីនារី ( អ៊ុក ស្រីមុំ, ស្រេង សុរ៉ាឃីម , ដួង ឌីណា និង ឃួន យ៉ារី), ចម្រុះនារី២បុរស១ (កែវ សុវណ្ណា, វណ្ណ ម៉ូនីកា និងសៀង វណ្ណា)៕
 
រាយការណ៍បន្ថែមដោយ សែម វណ្ណា, ផាត ដាណេ, ហេង ស្រីលីន
 
 

© រក្សាសិទ្ធិដោយ thmeythmey.com