ជាតិ
អ្នកអភិរក្សស្នើឱ្យទេសចរកុំតោងប៉ះចម្រឹងបង្អួចពេលមកទស្សនាប្រាសាទអង្គរវត្ត 
ការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
×![]()
សៀមរាប៖ អ្នកអភិរក្សថ្មនៅប្រាសាទអង្គរវត្ត ទទូចស្នើឱ្យសាធារណជន ភ្ញៀវទេសចរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងកុំតោងប៉ះលើចម្រឹងបង្អួចប្រាសាទនៅពេលពួកគេមកទស្សនា។
អ្នកអភិរក្សថ្មប្រចាំប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ លើកឡើងថា ចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត បាននិងកំពុងរងការខូចខាតច្រើនដោយសារបញ្ហាអាយុកាលនៃថ្ម។ ដូចថ្មនៅទីតាំងដទៃទៀតដែរ ចម្រឹងបង្អួចទាំងនោះ មានហានិភ័យដែលអាចបាក់ធ្លាក់ជាយថាហេតុ ដូច្នេះទេសចរទាំងអស់ មិនគួរប៉ះ ឬតោងឡើយ។
ការស្នើបែបនេះ ធ្វើឡើងកំឡុងពេលក្រុមការងាររបស់លោក សយ សុភារិន្ទ កំពុងជួសជុលចម្រឹងបង្អួច ចំនួន៦កំណាត់បន្ថែមទៀត ដែលត្រូវបានបាក់ធ្លាក់កាលពីដើមខែ មេសាកន្លងទៅ។ ទីតាំងបាក់ធ្លាក់នោះ ស្ថិតនៅរួតទី២ ជ្រុងនិរតី នៃរួតបាកាណប្រាសាទអង្គរវត្ត។ លោក សុភារិន្ទ បញ្ជាក់បន្ថែម៖«ចម្រឹងនេះបាក់ជា៦កំណាត់ និងមានបំណែកតូចៗជាច្រើន»។
ការជួសជុលដំបូងនេះ អ្នកជំនាញបានបាញ់សម្លាប់ស្លែជាមុន និងទុករយៈពេល២សប្ដាហ៍រហូតស្លែងាប់អស់ បន្ទាប់មកលាងសម្អាត និងដកជាតិអំបិល ឬជាតិអាស៊ីត។ លោក សុភារិន្ទ បន្ថែមថា បន្ទាប់មកគេបាញ់ពង្រឹងដើម្បីឱ្យផ្ទៃថ្មជាប់គ្នាឡើងវិញ និងជាជំហ៊ានៗរហូតដល់ថ្មចម្រឹងបានដំឡើង និងដាក់នៅទីតាំងដើមវិញ។ ការជួសជុល និងពង្រឹងឡើងវិញនេះ ត្រូវការពេលយ៉ាងហោចមួយខែ។
តាមការបញ្ជាក់ពីអ្នកជំនាញ កន្លងមកធ្លាប់មកករណីបាក់ធ្លាក់ចម្រឹងបង្អួចប្រាសាទអង្គរវត្តនេះច្រើនលើក មកហើយ ដោយករណីខ្លះបណ្ដាលមកពីអាយុកាល ខ្លះបណ្ដាលមកពីកត្តាមនុស្សដែលតោងថតជាដើម។ លោក សុភារិន្ទ ស្នើឱ្យទេសចរ ក៏ដូចជាសាធារណជន ត្រូវប្រុងប្រយ័ត្នពិសេសពេលឡើងតោងថត ព្រោះវាអាចធ្លាក់មកបានគ្រប់ពេល។
លោក សុភារិន្ទ បញ្ជាក់ដូច្នេះថា៖« យើងដឹងហើយថា ដូនតាយើងធ្វើចម្រឹងបង្អួចនេះ អត់មានពន្លូចអីទេ អាយុកាលនៃថ្មក៏ពុកផុយច្រើន វាចេះតែទៅមុខ កន្លែងផ្សេងក៏ដូចគ្នា គឺមានហានិភ័យគ្រប់កន្លែង ដែលយើងត្រូវការពារ និងលើកគម្រោងជួសជុល។ ការប្រុងប្រយ័ត្នគឺការពារសុវត្ថិភាពយើង ក៏ដូចជាមរតកវប្បធម៌យើង»៕
Tag:
ចម្រឹងបង្អួចអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com