កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ប៊ីយ៉ា និងស្នូកឃ័រ បញ្ចប់ដោយកម្ពុជាឈ្នះមេដាយមាស២ សំរឹទ្ធ៤
15, May 2023 , 10:54 am        
រូបភាព
ម្ចាស់ផ្ទះកម្ពុជា ទទួលបានកំណត់ត្រាជាប្រវត្តិសាស្ត្រលើប្រភេទកីឡាប៊ីយ៉ា និងស្នូកឃ័រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែឧសភានៅផ្សារទំនើបអ៊ីអន២ ។ កម្ពុជាស្ថិតនៅចំណាត់លេខ៤ ក្នុងចំណោម៩ប្រទេស ដោយឈ្នះមេដាយមាស២ និងសំរឹទ្ធ៤។


កីឡាការិនី ស្រួង ភាវី ដែលទទួលបានជោគជ័យជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោក ជាពិសេសនៅកូរ៉េខាងត្បូង បានក្លាយជាម្ចាស់មេដាយលើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង (3-cushion carom) បន្ទាប់ពីបានយកឈ្នះកីឡាការិនីវៀតណាម Nguyen Hoang Yen Nhi នៅវគ្គផ្តាច់ព្រ័ត្រ។
 
 
មេដាយមាសទីពីររបស់កម្ពុជា រកបានដោយកីឡាករ សួន ឆាយ និងកីឡាករ ម៉ែន សុផានិត លើវិញ្ញាសាវាយគូស្នូកឃ័រ ក្រោយបានយកឈ្នះក្រុមកីឡាករម៉ាឡេស៊ី Lim Kok Leong និង Moh Keen Hoo នៅវគ្គផ្តាច់ព្រ័ត្រ។
 
រីឯមេដាយសំរឹទ្ធ៤របស់កម្ពុជា សម្រេចបានដោយ កីឡាករ Woo Donghoon ដើមកំណើតកូរ៉េខាងត្បូង លើវិញ្ញាសាការ៉ុម៣បាំងបុរស, កីឡាការិនី ស្រួង ភាវី លើវិញ្ញាសាការ៉ុម១បាំងនារី, កីឡាករ ម៉ែន សុផានិត លើវិញ្ញាសាស្នូកឃ័រឯកត្តជន និងកីឡាករ សួន ឆាយ និងថាយ តិចហុក លើវិញ្ញាសាស្នូកឃ័រក្រហម៦ បុរសជាគូ។
 
សរុបលើការទទួលបានមេដាយជាបុគ្គល កីឡាការិនី ស្រួង ភាវី, កីឡាករ សួនឆាយ និងកីឡាករ ម៉ែន សុផានិត បាននាំជូនជាតិនូវមេដាយមាស១ និងសំរិទ្ធ១រៀងៗខ្លួនពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។
 
ក្នុងចំណោម៩ប្រទេសដែលបានចូលរួម មីយ៉ាន់ម៉ាឈរលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយមាស៣ និងសំរឹទ្ធ២, វៀតណាមស្ថិតនៅលេខ២ជាមួយមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៣, ម៉ាឡេស៊ី បានមេដាយមាស២ ប្រាក់២ សំរឹទ្ធ២។
 
បន្ទាប់ពីកម្ពុជា ថៃស្ថិតនៅចំណាត់ថ្នាក់ទី៥ ដោយឈ្នះមេដាយមាស១ ប្រាក់១ សំរឹទ្ធ៣។ ឡាវ និងសិង្ហបុរី បានមេដាយប្រាក់២ដូចគ្នា, ហ្វីលីពីនបានមេដាយសំរឹទ្ធ២ រីឯឥណ្ឌូណេស៊ី បានមេដាយសំរឹទ្ធ១៕
 


រាយការណ៍បន្ថែមដោយ គឹម មករា និង ឈន សុផាត





© រក្សាសិទ្ធិដោយ thmeythmey.com