អន្តរជាតិ
ប្រមុខបក្សឆ្ពោះទៅមុខប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការកាន់តំណែងនាយករដ្ឋមន្រ្តីថៃទី៣០
15, May 2023 , 4:29 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AP
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AP
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ នៅថ្ងៃទី១៥ ខែឧសភា បានប្រកាសក្នុងការត្រៀមខ្លួនកាន់តំណែងជានាយករដ្ឋមន្រ្តីថៃលើកទី៣០ ស្របពេលគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ពីជ័យជម្នះរបស់បក្សឆ្ពោះទៅមុខ។



ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Ittiporn Boonpracong បានប្រកាសថា បក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ដោយទទួលបានកៅអីសភាចំនួន១៥១។ 
 
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ក៏បានអះអាងថា លោកត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជានាយករដ្ឋមន្រ្តីថៃ។ 
 
«ជូនចំពោះជនរួមជាតិ ថ្ងៃនេះ ខ្ញុំ Pita Limjaroenrat គឺច្បាស់លាស់ និងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជានាយករដ្ឋមន្រ្តីថៃទី៣០​»។ លោក Pita បានបញ្ជាក់បែបនេះ នៅក្នុងសំណេរលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៥ ខែឧសភា។ 
 
ក្នុងសំណេរដដែលនោះ អតីតសិស្សសកលវិទ្យាល័យ Harvard រូបនេះ បានបន្ថែមថា​ លោក​ និងប្រជាជនថៃមានក្តីស្រមៃរួមគ្នា ហើយជឿថាពួកគេអាចធ្វើឱ្យថៃកាន់តែល្អប្រសើរឡើង។ បើតាមលោក Pita ការផ្លាស់ប្តូរប្រាកដជាកើតមាន ប្រសិនបើប្រជាជនថៃរួមគ្នាធ្វើ ដោយចាប់ផ្តើមពីថ្ងៃនេះ។ 
 
ទន្ទឹមនេះ លោក Pita បានលើកឡើងផងដែរថា បក្សឆ្ពោះទៅមុខ នឹងមានសន្និសីទសារព័ត៌មានមួយ នៅក្នុងថ្ងៃនេះ ហើយលោកក៏នឹងបង្ហាញវត្តមាននៅវិមានប្រជាធិបតេយ្យ ក្នុងក្រុងបាងកកផងដែរ ដើម្បីអរគុណទៅកាន់អ្នកគាំទ្រ។ 
 
យ៉ាងណាមិញ​ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់លោក Pita ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃ បើទោះលោកឈ្នះការបោះឆ្នោតក៏ដោយ។ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីបាន អតីតសិស្សសកលវិទ្យាល័យ Harvardរូបនេះ ត្រូវប្រមូលសំឡេងយ៉ាងហោចណាស់៣៧៦កៅអីក្នុងចំណោមសំឡេងសរុប៧៥០កៅអី នៅថ្ងៃការបើកកិច្ចប្រជុំរួមរវាងរដ្ឋសភា និងព្រឹទ្ធសភាថៃ។ យ៉ាងណាមិញភាគច្រើននៃសមាជិកព្រឹទ្ធសភា២៥០រូប ត្រូវបានតែងតាំងដោយក្រុមយោធារបស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។
 
ជុំវិញបញ្ហានេះ លោក Pita នៅក្នុងថ្ងៃទី១៤ ខែឧសភា ធ្លាប់បានបញ្ជាក់ថា បក្សរបស់លោកអាចរួមគ្នាជាមួយបក្ស Pheu Thai និងបក្សផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ ទន្ទឹមនេះ លោកក៏បានប្តេជ្ញា មិនចងសម្ព័ន្ធភាពជាមួយបក្សដែលពាក់ព័ន្ធជាមួយយោធាឡើយ។ 
 
ជាការឆ្លើយតប បក្សPheu Thai នៅថ្ងៃទី១៥ ខែឧសភា បានឯកភាពលើការបង្កើតរដ្ឋាភិបាលរួមគ្នាជាមួយបក្សឆ្ពោះទៅមុខ។ បក្សដដែលនេះ ក៏បានអះអាងផងដែរថា ខ្លួនគ្មានបំណងបង្កើតរដ្ឋាភិបាលផ្សេងទៀតឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែឧសភានេះ មេដឹកនាំបក្សPheu Thai ជឿថា បក្សទំាំងពីរ ដែលមានកៅអីសភាសរុបចំនួន ៣០៩ អាចគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី គឺអាស្រ័យលើច្បាប់តម្រូវ។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី១៥ ខែឧសភា លោក Pita បានបញ្ជាក់ថា រដ្ឋាភិបាលថ្មី អាចនឹងមានការចូលរួមពីបក្សប្រឆាំងចំនួន ៦ ក្នុងនោះមានដូចជាបក្សឆ្ពោះទៅមុខ, បក្ស Pheu Thai, បក្ស Thai Sang Thai, បក្សPrachachart, បក្ស Seri Ruam Thai និងបក្ស the Fair Party ដែលមានសមាជិកសភាសរុប ៣០៩រូប។ ប្រសិនបើអាចបង្កើតបាន រដ្ឋាភិបាលថ្មីនេះ នឹងជារដ្ឋាភិបាលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ 
 
ទន្ទឹមនេះ មេដឹកនាំបក្សឆ្ពោះទៅមុខ ក៏ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងក្តីបារម្ភលើនីតិវិធីជ្រើសរើសនាយករដ្ឋមន្រ្តីផង។ ជាចម្លើយ លោក Pita បានអះអាងថា លោកមិនមានក្តីបារម្ភអ្វីឡើយ ព្រោះបក្សរបស់លោកបានទទួលអំណាចពីប្រជាជន។ ត្រង់ចំណុចនេះ លោក Pita មិនជឿថា ព្រឹទ្ធសភា នឹងបោះឆ្នោតប្រឆាំងអំណាចរបស់ប្រជាជននោះទេ៕ 
 

Tag:
 ថៃ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com