កីឡាជាតិ
ជាតិ
ហេតុអ្វីបានជាមេដាយកីឡាទាត់បាល់លើតុ (Teqball) មិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីស៊ីហ្គេម?
15, May 2023 , 4:59 pm        
រូបភាព
កីឡាករ រៀម សុខភិរម្យ នាជំនួបផ្តាច់ព្រ័ត្រជាមួយកីឡាករឥណ្ឌូណេស៊ី Yoga Addika Putra។ រូបថត TWO Media Studio
កីឡាករ រៀម សុខភិរម្យ នាជំនួបផ្តាច់ព្រ័ត្រជាមួយកីឡាករឥណ្ឌូណេស៊ី Yoga Addika Putra។ រូបថត TWO Media Studio
ដោយ: រួបរួម
មានកំណើតនៅហុងគ្រី កីឡាបាល់ទាត់លើតុ (Teqball) បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំនៅសហភាពសហព័ន្ធយុវជនកម្ពុជា ពីថ្ងៃទី៦ ដល់ទី៨ ខែឧសភា។ ក្នុងការប្រកួតប្រជែងដែលមាន៧ប្រទេសចូលរួម កម្ពុជាដណ្តើមបានមេដាយមាស១ ប្រាក់៣ សំរឹទ្ធ១។ ហេតុអ្វីបានជាគ្មានឈ្មោះក្នុងបញ្ជីមេដាយផ្លូវការ?

 
បាល់ទាត់លើតុលើតុ កំពុងក្លាយជាប្រភេទកីឡាថ្មីដ៏ពេញនិយមមួយនៅលើពិភពលោក។ កីឡានេះ ត្រូវបានផ្តួចផ្តើមបង្កើតរួមគ្នានៅឆ្នាំ២០១២ ដោយអតីតកីឡាករបាល់ទាត់ហុងគ្រី Gabor Borsanyi, អ្នកជំនួញលោក Gyorgy Gattyan និងអ្នកវិទ្យាសាស្ត្រកំព្យូទ័រលោក Viktor Huszar។
 
ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កម្ពុជាបានយល់ព្រមតាមសំណើរសហព័ន្ធកីឡាបាល់ទាត់លើតុអន្តរជាតិ ក្នុងការដាក់បញ្ចូលកីឡាប្រភេទនេះ ក្នុងចំណោមកីឡាទាំង៣២ប្រភេទ សម្រាប់ការប្រជែងមេដាយ ប៉ុន្តែមិនត្រូវបានបញ្ចូលក្នុងបញ្ជីមេដាយផ្លូវការនោះឡើយ។
 
នាការប្រកួតពីថ្ងៃទី៦ ដល់ទី៨ ខែឧសភា កន្លងមក កម្ពុជាឈ្នះមេដាយមាស១ ប្រាក់៣ សំរឹទ្ធ១ ដោយឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីថៃ (មាស៣), សិង្ហបុរី បានមាស១, ឥណ្ឌូណេស៊ី បានប្រាក់២ និងម៉ាឡេស៊ី បានសំរឹទ្ធ២។
 
មេដាយមាសកម្ពុជា រកបានដោយកីឡាករ រៀម សុខភិរម្យ លើវិញ្ញាសាឯកត្តជន ក្រោយជ័យជម្នះលើកីឡាករឥណ្ឌូណេស៊ី Yoga Addika Putra។ មេដាយប្រាក់៣ បានលើវិញ្ញាសាគូបុរស (ប៊ុន ធួនវីរៈ និង អុល រ៉ាវី), គូនារី (យ៉ែម នារតី និងយ៉ន សោភណ្ឌរស្មី), ចម្រុះបុរស-នារី (ប៊ុន ធួនវីរៈ និង ម៉ី ស្រីមាស)។ ចំណែកមេដាយសំរឹទ្ធ១ សម្រេចបានដោយ រៀម សុខភិរម្យ និងស៊ួន រ៉ាវី លើវិញ្ញាសាគូបុរសមួយទៀត។
នេះជាការប្រកួតប្រជែងអន្តរជាតិថ្នាក់តំបន់លើកដំបូង ដោយរំពឹងថា ថៃក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ នឹងដាក់បញ្ជូលកីឡាបាល់ទាត់លើតុជាផ្លូវការសម្រាប់ការប្រជែងយកមេដាយ ខណៈសហព័ន្ធកីឡាបាល់ទាត់លើតុអន្តរជាតិ មានមហិច្ឆតាក្នុងការបញ្ជូលកីឡាប្រភេទនេះក្នុងព្រឹត្តិការណ៍អូឡាំពិកនៅ Los Angeles នាឆ្នាំ២០២៨ ផងដែរ។
 
 
សូមបញ្ជាក់ថា នៅមុនព្រឹត្តិការណ៍ស៊ីហ្គេម សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ ក្រោមការបង្ហាត់ពីគ្រូបង្វឹកហុងគ្រី លោក Marton Kereszturt។
 
លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា លើកឡើងថាដ្បិតកីឡាបាល់ទាត់លើតុទើបតែកើតមាននៅលើទឹកដីកម្ពុជា តែមន្រ្តីទាំងអស់គ្នាត្រូវរួបរួមសាមគ្គី ដើម្បីលើកស្ទួយឱ្យកីឡាមួយនេះរីកចំរើនទៅមុខ និងមានការប្រកួតប្រជែងខ្ពស់នាពេលអនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com