អន្តរជាតិ
អាមេរិក​បញ្ជូន​វត្ថុ​បុរាណ​ពីរ​នៃ​សតវត្សរ៍​ទី ៧ ​ទៅ​ប្រទេស​ចិន​វិញ
15, May 2023 , 7:39 pm        
រូបភាព
នៅក្នុង​រូបភាព​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Manhattan នេះ បង្ហាញ​ពី​រូបភាព​នៃ​វត្ថុបុរាណ​មួយ​ក្នុង​ចំណោម​វត្ថុបុរាណ​ដែល​ត្រូវបាន​គេ​លួច គឺ Zoroastrian Funerary Platform។
នៅក្នុង​រូបភាព​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Manhattan នេះ បង្ហាញ​ពី​រូបភាព​នៃ​វត្ថុបុរាណ​មួយ​ក្នុង​ចំណោម​វត្ថុបុរាណ​ដែល​ត្រូវបាន​គេ​លួច គឺ Zoroastrian Funerary Platform។
ដោយ: VOA
អាជ្ញាធរ​ទីក្រុង New York សហរដ្ឋ​អាមេរិក បាន​ប្រកាស​​ថា សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​គេ​លួច​ចំនួន​ពីរ​ទៅ​កាន់​ប្រទេស​ចិន​វិញ ដែល​នេះ​គឺ​ជា​ការ​បញ្ជូន​វត្ថុ​បុរាណ​ទៅ​ប្រទេស​ដើម​វិញ​ថ្មី​ចុងក្រោយ​បង្អស់​ក្នុង​ចំណោម​ការ​បញ្ជូន​វត្ថុ​ទាំង​នេះ​ទៅ​កាន់​ប្រទេស​ជាង ១០។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
រដ្ឋអាជ្ញា​សង្កាត់ Manhattan លោក Alvin Bragg បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ចម្លាក់​ថ្ម​ពីរ​ផ្ទាំង​នៃ​សតវត្សរ៍​ទី ៧ ដែល​នៅ​ពេល​បច្ចុប្បន្ន​មាន​តម្លៃ ៣ លាន ៥ សែន​ដុល្លារ ត្រូវ​បាន​ចោរ​កាត់​ផ្ដាច់​ពី​ផ្នូរ​សព​មួយ​កន្លែង​កាលពី​ដើម​ទសវត្សរ៍ ១៩៩០ ហើយ​ត្រូវ​បាន​រត់​ពន្ធ​ចេញ​ពី​ប្រទេស​ចិន។
 
ចម្លាក់​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​វត្ថុ​បុរាណ​ចំនួន ៨៩ មក​ពី​ប្រទេស​ចំនួន ១០ ដែល​ត្រូវ​បាន​អ្នកស្រី Shelby White ដែល​ជា​អ្នក​ប្រមូល​វត្ថុ​សិល្បៈ​ឯកជន​នៅ​ក្នុង​ទីក្រុង New York ទិញ​យក។
 
តាំងពី​ឆ្នាំ ១៩៩៨ មក វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​ឱ្យ​សារមន្ទីរ Metropolitan Museum of Art «ខ្ចី‍» រហូត​ដល់​ពេល​ដែល​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Manhattan រឹប​អូស​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​មាន​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​មក។
 
លោក Bragg បាន​និយាយ​ថា៖ «វា​ជា​ការ​អាម៉ាស់​មួយ​ដែល​វត្ថុ​បុរាណ​អស្ចារ្យ​ទាំង​ពីរ​នេះ​ត្រូវ​បាន​លួច ហើយ​វត្ថុ​បុរាណ​យ៉ាង​តិច​មួយ​ត្រូវ​បាន​លាក់​មិន​ឱ្យ​សាធារណជន​ឃើញ​ជិត ៣ ទសវត្សរ៍​មក​ហើយ‍»។
 
ចម្លាក់​ថ្ម​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​របស់​ក្រុម​តាមដាន​ការ​ជួញដូរ​វត្ថុ​បុរាណ (Antiquities Trafficking Unit) នៃ​បុរី New York ដែល​បាន​តាមដាន​និង​បញ្ជូន​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​គេ​លួច​ទាំង​នេះ​ទៅ​ប្រទេស​ដើម​វិញ។
 
តាំងពី​ខែ​មករា ឆ្នាំ ២០២២ មក មាន​វត្ថុ​បុរាណ​ជាង ៩៥០ ដែល​មាន​តម្លៃ​ជាង ១៦៥ លាន​ដុល្លារ​ត្រូវ​បាន​ប្រគល់​ជូន​ប្រទេស​ដើម​វិញ​ចំនួន ១៩ ប្រទេស​ដូចជា​កម្ពុជា ឥណ្ឌា ប៉ាគីស្ថាន អេហ្ស៊ីប អ៊ីរ៉ាក់ ក្រិក តួកគី និង​អ៊ីតាលី​ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com