អន្តរជាតិ
ចិនរិះគន់អាម៉េរិកជ្រៀតជ្រែកឯករាជ្យភាពរបស់តុលាការហុងកុង
15, May 2023 , 10:19 pm        
រូបភាព
ចិននៅថ្ងៃទី១៤ ខែឧសភា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់អាម៉េរិកដែលបំពានច្បាប់សន្តិសុខជាតិ និងឯករាជ្យភាពរបស់តុលាការនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋចិន ក៏បានប្រតិកម្មជាខ្លាំងលើការដាក់ទណ្ឌកម្មលើចៅក្រមហុងកុងចំនួន២៩រូបពីសំណាក់អាម៉េរិកផងដែរ។



អ្នក​នាំ​ពាក្យ​ការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ក្រុមប្រឹក្សារដ្ឋចិន បានចេញមុខប្រតិកម្ម​នឹង​របាយ​ការណ៍​ដែល​​ចេញ​ផ្សាយ​ដោយ​សភាអាម៉េរិក និង​គណៈ​កម្មាធិការ​ប្រតិបត្តិ​សភា​អាម៉េរិក​ទាក់ទងនឹងការដាក់ទណ្ឌកម្មលើចៅក្រមហុងកុងចំនួន២៩រូប។ អ្នក​នាំ​ពាក្យសង្កត់ធ្ងន់ថា ចិននឹងមិនអនុញ្ញាតឱ្យអ្នកនយោបាយអាម៉េរិកជ្រៀតជ្រែកឯករាជ្យភាពរបស់តុលាការហុងកុងបានឡើយ ហើយរដ្ឋាភិបាលចិនគាំទ្រយ៉ាងមុតមាំ និងធានាយ៉ាងពេញលេញថា ស្ថាប័នតុលាការនៅហុងកុងនឹងបំពេញភារកិច្ចដោយឯករាជ្យ និងមិនលំអៀងស្របតាមច្បាប់។
ក្រៅតែពីឆ្លើយតបទៅអាម៉េរិកនេះ អ្នក​នាំ​ពាក្យដដែលបាន​កត់​សម្គាល់​ថា ឯករាជ្យ​ភាព​របស់​តុលាការ​ជា​គោលការណ៍​នីតិរដ្ឋ​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។ 
 
​អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមថា អ្នកនយោបាយអាម៉េរិកមួយចំនួនដែលបានប្រកាន់គោលជំហរដាក់ទណ្ឌកម្មប្រឆាំងនឹងចៅក្រមហុងកុងដែលប្រកាន់យកនីតិរដ្ឋ និងមានឯករាជ្យភាព បានបញ្ជាក់កាន់តែច្បាស់ថា អាម៉េរិកជាអ្នកបំផ្លាញនីតិរដ្ឋ និងឯករាជ្យភាពតុលាការដ៏ធំបំផុតនៅហុងកុង។ 
 
ចាប់តាំងពីហុងកុងបានអនុវត្តច្បាប់សន្តិសុខជាតិបរិយាកាសធុរកិច្ចក្នុងតំបន់បានបន្តប្រសើរឡើង ហើយសិទ្ធិ និងសេរីភាពរបស់អ្នករស់នៅទីក្រុងហុងកុងត្រូវបានការពារកាន់តែប្រសើរឡើង។ នេះបើតាមអ្នកនាំពាក្យ។ 
 
បើតាមរបាយការណ៍របស់គណៈកម្មាធិការប្រតិបត្តិសភាអាម៉េរិកពីចិន (CECC) ច្បាប់សន្តិសុខជាតិដែលចិនដាក់លើទីក្រុងហុងកុងក្នុងឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យបាន ធ្វើឱ្យឯករាជ្យភាពរបស់តុលាការចុះខ្សោយ និងដកហូរសិទ្ធិការពារជន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​​តាម​នីតិវិធី​ច្បាប់​ជា​មូលដ្ឋាន៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com