កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ផុស សុវណ្ណ វាយតម្លៃថា ការផ្សព្វផ្សាយពីស៊ីហ្គេម មានការផុសផុល និងចំណេញច្រើន
16, May 2023 , 7:59 am        
រូបភាព
ដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានផលចំណេញច្រើន សម្រាប់កម្ពុជា ជាម្ចាស់ផ្ទះ។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ។



លោក ផុស សុវណ្ណ វាយតម្លៃថា ដំណើរការផ្សព្វផ្សាយពីស៊ីហ្គេមនេះ មានភាពរលូន និងល្អប្រសើរ ។ ជាពិសេសការផ្សព្វផ្សាយមានការផុសផុល និងទូលំទូលាយ។ 

 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២  (CAMSOC) រូបនេះ បានបញ្ជាក់ថា៖«សម្រាប់ការផ្សព្វផ្សាយអំឡុងពេលនេះ យើងគិតជាស្ថានភាពទូទៅ ឃើញថា មានស្ថានភាពល្អប្រសើរ ព្រោះថាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយបានទូលំទូលាយហើយ បែបវិជ្ជមានទៀត ពីកម្ពុជា»។
 
ចំពោះការផ្សព្វផ្សាយវិញ លោក ផុស សុវណ្ណ អះអាងថា មិនមានការរឹតត្បិតដល់អ្នកកាសែតនោះទេ ប៉ុន្តែវាមានលក្ខខណ្ឌខ្លះ ដែលទាមទារឱ្យអ្នកកាសែតចូលរួមអនុវត្តតាមដែរ ដូចជាការកំណត់ទីតាំងសម្រាប់អ្នកកាសែតឈរថតរូបជាដើម ព្រោះដោយសារចង់រក្សាសណ្ដាប់ធ្នាប់ និងមិនឱ្យរំខានអារម្មណ៍ដល់អ្នកទស្សនាការប្រកួតប៉ុណ្ណោះ។ បើតាមលោក សុវណ្ណ កម្ពុជា ទទួលបានផលចំណេញច្រើន ពីការរៀបចំស៊ីហ្គេមនេះ។
 

Tag:
 ផុស សុវណ្ណ
  ស៊ីហ្គេម
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com