ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អ្នកជំនាញ ថា ការផលិតស្នាដៃបុរាណ ដែលរំលងអ្នកជំនាញប្រវត្តិសាស្រ្ត អាចនាំឱ្យតម្លៃជាតិធ្លាក់ចុះ
05, Jun 2023 , 9:38 am        
រូបភាព
លោក វង់ សុធារ៉ា រូបភាពខាងស្តាំដៃ , លោក  ប៉ុក បូរក្ស រូបកណ្តាល និង លោក ឆាយ បូរ៉ា  រូបភាពខាងឆ្វេង រូបភាពរបស់សារព័ត៌មានថ្មីៗ
លោក វង់ សុធារ៉ា រូបភាពខាងស្តាំដៃ , លោក ប៉ុក បូរក្ស រូបកណ្តាល និង លោក ឆាយ បូរ៉ា រូបភាពខាងឆ្វេង រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ ​សុង សុធាវី
 
ភ្នំពេញ៖ អ្នកជំនាញ បានលើកឡើងថា អ្នកផលិតភាពយន្ត និងសិល្បករខ្មែរ គួរសិក្សាស្វែងយល់បន្ថែមពីអាជីពខ្លួន ពិសេសទាក់ទងនឹងប្រវត្តិសាស្រ្តជាតិ ។ អ្នកជំនាញបន្ថែមថា បើអ្នកផលិតភាពយន្ត ឬសិល្បៈករ​ កំពុងផលិតផ្ទាំងទស្សនីយ៍ភាពទាក់ទងនឹងរឿង ឬ បទចម្រៀងបុរាណ ត្រូវចេះសហការជាមួយអ្នកជំនាញប្រវត្តិសាស្រ្តខ្មែរផងដែរ ដើម្បីឱ្យស្នាដៃខ្លួនកាន់តែល្អ។ អ្នកជំនាញ រម្លឹកថា ការធ្វើអ្វី ដែលរំលងអ្នកជំនាញប្រវត្តិសាស្រ្ត អាចនាំឱ្យតម្លៃសិល្បៈខ្មែរបុរាណវិនាស។

 
លោកបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ បានលើកឡើងថា បើសិនផលិតករ ទាំងភាពយន្ត និងចម្រៀង ចង់បង្កើតស្នាដៃរបស់ខ្លួន ដែលទាក់ទងនឹងប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរពីបុរាណ ត្រូវតែសហការជាមួយអ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត ដែលមានក្បួនខ្នាតត្រឹមត្រូវ។ 
  

លោក វង់ សុធារ៉ា  ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបភាពផ្តល់ជូនដោយលោក សុធារ៉ា ផ្ទាល់តែម្តង
 
ក្នុងនោះ លោក  វង់  សុធារ៉ា បានបញ្ជាក់បែបនេះ៖ « ថ្មីៗហ្នឹង អ្នកដែលបានធ្វើអាវរបស់អ្នកចម្រៀងម្នាក់នោះ  គាត់បានទាក់ទងមកខ្ញុំដែរ ហើយថា គាត់បានពិភាក្សាជាមួយរៀមច្បងខាងសិល្បៈ  និងខាងវិចិត្រសិល្បៈអីដែរ ប៉ុន្តែគាត់ខ្វះចន្លោះផ្នែកអក្សរសាស្រ្ត និងប្រវត្តិសាស្រ្តហ្នឹង។ អ៊ីចឹង ខ្ញុំបានជូនយោបល់ទៅគាត់ថា បើសិនយើងចង់ធ្វើខាងផ្នែកប្រវត្តិសាស្រ្ត ហើយកុំឱ្យគេរិះគន់ ឬ វាយប្រហារតាមក្រោយ គួរតែសហការជាមួយអ្នកជំនាញ ដែលមានក្បូនខ្នាតត្រឹមត្រូវ នោះយើងនឹងបង្ហាញហេតុផលទៅគេនៅថ្ងៃណាមួយ ដែលមានអ្នកមិនពេញចិត្តការងាររបស់យើងហ្នឹង»។  
 
ដើម្បីកាន់ពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង បណ្ឌិត វង្ស សុធារ៉ា អ្នកជំនាញខាងប្រវត្តិសាស្រ្តខ្មែរ និងអក្សរខ្មែរបុរាណ ជាមួយ កញ្ញា​ សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖



 
លោក សុធារ៉ា បានបន្ថែមថា «យើងត្រូវមានហេតុផល និងការពន្យល់តាមបែបវិទ្យាសាស្រ្ត ក៏ដូចជាក្បួនខ្នាត ដែលអ្នកសិល្បៈមុនៗគាត់ធ្វើកន្លងមក ដោយយើងឃើញហើយថា នៅលើពិភពលោកគេធ្វើមានក្បួន មិនមែនធ្វើដោយអត់ក្បួនទេ! គ្មានសិល្បៈណាមួយដែលធ្វើបានជោគជ័យ ដោយស្មានៗ ហើយអត់ក្បួនខ្នាតទេ! យើងមើលរឿងអាម៉េរិកកាំង ដែលគេធ្វើបានជោគជ័យ នោះសុទ្ធតែមានក្បួនខ្នាតដូចគ្នា។ រឿងឥណ្ឌានាសម័យបុរាណ ដែលសម្តែងចេញទៅហើយទទួលបានផល»។ 
 
លោក វង់ សុធារ៉ា ក៏ជាអ្នកជំនាញផ្នែកសីលាចារឹកបុរាណខ្មែរ បានបន្ថែមទៀតថា ផលិតករខ្លះ ជាអ្នកជំនាញភាពយន្តនាសម័យថ្មី ប៉ុន្តែមិនដឹងច្បាស់ពីសម័យបុរាណនោះទេ។ ដូច្នេះត្រូវសហការគ្នាឱ្យបានល្អ ជាមួយអ្នកជំនាញប្រវត្តិសាស្រ្ត និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ 
យ៉ាងណាក៏ដោយ ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យារូបនេះ អះអាងថា៖ « ភាពចាំបាច់ នៃការកសាងផលិតកម្ម ដែលមានភាពចាំបាច់ផ្នែកប្រវត្តិសាស្រ្ត ត្រូវតែសហការជាមួយអ្នកជំនាញ ទោះបីជាកម្រិតណាក៏ដោយ»។ 
 
អតីតប្រធានសមាគមផលិតករភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា ក៏យល់ស្របដូចលោក វង់ សុធារ៉ា ដែរ។ ផលិតករភាពយន្តល្បីរូបនេះ បានលើកឡើងដូច្នេះ៖ « អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ​ដែលជាមរតករបស់ជាតិ មិនអាចយកទៅកាឡៃឱ្យបាត់ទម្រង់ដើមទេ ព្រោះនាំឱ្យបាត់បង់តម្លៃ។ អ្នកសិល្បៈ គឺជាអ្នកមានប្រជាប្រិយភាពក្នុងសង្គម ដូចនេះការធ្វើអ្វីមួយ រមែងមានការចាប់អារម្មណ៍ ពីមហាជនហើយ។ អ៊ីចឹងការបង្កើតថ្មី ត្រូវតែចូលរួមផ្តល់នូវភាពវិជ្ជមាន និងការគាំទ្រពីមហាជនផងដែរ ហើយអ្នកផលិតត្រូវទទួលយកការរិះគន់ ដើម្បីស្ថាបនាខ្លួន ឱ្យឈានទៅរកភាពប្រសើរទាំងអស់គ្នា។ កាលណាយើងទទួលយកការរិះគន់ ហើយធ្វើឱ្យបានល្អទៅ នោះនឹងល្អទាំងសងខាង ទាំងអ្នកទស្សនា មហាជន គេកោតស្ញប់ស្ញែង។ល។ ប៉ុន្តែ បើយើងប្រឆាំងនឹងយោបល់របស់អ្នកប្រាជ្ញខ្មែរ នោះវាមិនសូវល្អទេ សម្រាប់ស្នាដៃយើង»។  
 

លោក ឆាយ បូរ៉ា  អតីតប្រធានសមាគមផលិតករភាពយន្តកម្ពុជា. រូបភាពរបស់សារព័ត៌មានថ្មីៗ
 
សំឡេងលោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត ៖




ម្ចាស់ផលិតកម្មដើមត្នោតរូបនេះ ក៏បានបង្ហាញឱ្យឃើញថា ផលិតករភាពយន្តខ្មែរមួយចំនួន ក៏មានចំណេះដឹងទូទៅ និងជំនាញផលិតភាពយន្តបុរាណផងដែរ។ ប៉ុន្តែផលិតករដែលមិនដឹងច្បាស់ពីប្រវត្តិសាស្រ្តនោះ ត្រូវមានការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួន និងសហការ ជាមួយនាយកដ្ឋានភាពយន្ត ដែលមានទាំងឯកសារ ឧបករណ៍ប្រើប្រាស់ស្របតាមសម័យកាលនីមួយៗ ជាដើម។ ជាពិសេសត្រូវឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការនៃក្រសួងវប្បធម៌ សម្រាប់ការវិនិច្ឆ័យ លើរចនាបថ និងសម្ភារទាំងអស់ រួមមាន ដាវ លំពែង ធ្នូ រទេះគោ ដំរី និងផ្សេងៗទៀត ឱ្យស្របតាមសម័យកាល។ 
 
« បើយើងមិនបានសិក្សា ហើយយកសិល្បៈទៅប្រើខុស នោះនឹងធ្វើឱ្យខូចតម្លៃខ្លួនឯង តម្លៃសិល្បៈហើយ ព្រោះតែការធ្វេសប្រហែស និងចិត្តចង់ចាញ់ ចង់ឈ្នះ ចាស់ពីដើម។ អ៊ីចឹង វាមិនមានអីចំណេញដល់វប្បធម៌យើងទេ។ បើយើងធ្វើរឿងប្រវត្តិសាស្រ្ត យើងត្រូវតែសិក្សាពីប្រវត្តិសាស្រ្តនោះ និងចេះសួរយោបល់ពីអ្នកប្រវត្តិសាស្រ្តបន្ថែមទៀតផង។ មួយទៀតយើងត្រូវយល់ពី រចនាបថ​ តាមសម័យកាលនីមួយៗ តាំងពីការស្លៀកពាក់ តុបតែងខ្លួន សម្ភារៈប្រើប្រាស់ អាវុធប្រើប្រាស់ ។ល។  ទាំងអស់ហ្នឹង សុទ្ធតែមានក្បួនខ្នាត ហើយ ហ្នឹងក៏មិនមែនជារឿងលំបាកស្រាវជ្រាវពេកទេ ព្រោះសាលាវិចិត្រសិល្បៈ គេបានទុកឯកសារឱ្យស្រាវជ្រាវ តាំងពីសម័យចេនឡា សម័យអង្គរ លង្វែក ចតុម្មុខ ជាដើម។ល»។  ទាំងនេះ ជាការបញ្ជាក់បន្ថែម ពីលោក ឆាយ បូរ៉ា ប្រាប់សារព័ត៌មានថ្មីៗ។ 
 
បន្ថែមពីលើការលើកឡើង និងមតិយោបល់របស់ប្រភពទាំងពីរខាងលើនេះ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ លោក ប៉ុក បូរក្ស បានបន្ថែមថា​ កន្លងមក ក្រសួងវប្បធម៌ តែងតែពិនិត្យលើខ្លឹមសារសាច់រឿងបុរាណនីមួយៗ តែក្រសួងមិនបានពិនិត្យលើចំណុចទូទៅទាំងអស់ទេ។ ទោះយ៉ាងណា ក្រោយសាច់រឿងបានថតចប់ ទើបខាងក្រសួងវប្បធម៌ បានពិនិត្យមើលម្តងទៀតទៅលើខ្លឹមសាររួម ហើយបើមានខុសឆ្គងពីខ្លឹមសារដើម នោះនឹងស្នើឱ្យ ផលិតករកែតម្រូវភាពយន្តនោះតែម្តង។ លោក បូរក្ស បញ្ជាក់ទៀតថា  សម្រាប់រឿង ដែលចាក់ផ្សាយក្នុងរោងភាពយន្ត គឺត្រូវឆ្លងមកក្រសួងវប្បធម៌។


លោក ប៉ុក​ បូរក្ស  ប្រធាននាយកដ្ឋានភាពយន្ត​ និងផ្សព្វផ្សាយវប្បធម៌ រូបភាពរបស់សារព័ត៌មានថ្មីៗ
 
សំឡេងលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តខ្មែរ និងផ្សព្វផ្សាយសិល្បៈវប្បធម៌៖ 

 

ប្រធាននាយកដ្ឋានភាពយន្តខ្មែររូបនេះ បាននិយាយដូច្នេះ ៖ «ជាការពិត ខ្ញុំទទួលស្គាល់នូវចំណុចខ្វះខាតមួយចំនួន ក្នុងការផលិតសាច់រឿងបែបប្រវត្តិសាស្រ្ត និងចម្រៀង ដែលមានការទាក់ទងនឹងប្រវត្តិសាស្រ្តមួយចំនួន ឃើញថាមានការឆ្គាំឆ្គងខ្លះ ពាក់ព័ន្ធ នឹងរូបភាព ដែលពួកគាត់បានផលិតហ្នឹង ។​ តែក្នុងហ្នឹង យើងក៏គួរពិនិត្យមើលលទ្ធភាព នៃការផលិតខ្សែរភាពយន្តរបស់គាត់ដែរ។ ការចំណាយផ្សេងៗ ទាំងលើផ្នែកបច្ចេកទេស តួសម្តែង សម្ភារៈប្រើប្រាស់ឱ្យស្របតាមសម័យកាលនីមួយៗ។ ចំពោះកម្ពុជា យើងនៅលំបាកត្រង់ចំណុចដើមទុននេះ តែសូម្បីកុនបរទេសធំៗ ក៏ការផលិតរបស់គេ ដែលផលិតបែបប្រវត្តិសាស្រ្ត ក៏ពេលខ្លះនៅមានចំណុចខ្វះខាតដែរ»។ 
 
តែយ៉ាងណាលោក ប៉ុក បូរក្ស ទាមទារ​ឱ្យផលិតករភាពយន្ត និងចម្រៀង ដែលទាក់ទងនឹងប្រវត្តិសាស្រ្ត ឬ សម័យបុរាណ ត្រូវសិក្សាបន្ថែម និងសហការជាមួយអ្នកជំនាញ ក៏ដូចជាក្រសួងវប្បធម៌ផ្ទាល់តែម្តង ដើម្បីកុំឱ្យមានការខុសឆ្គង និងមានការភាន់ច្រឡំលើវប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ៕
 

Tag:
 វិស័យសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com