ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការព្យាបាល​ជំងឺ​សរសៃឈាម​បេះដូង
17, May 2023 , 6:59 am        
រូបភាព
ការ​ថែទាំ​ខ្លួនឯង​នៅផ្ទះ Self-Care at Home

 
បើ​លោក​អ្នកមាន​ជំងឺ​សរសៃឈាម​បេះដូង អនុសាសន៍​គ្រូពេទ្យ​ខាងក្រោម​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ​ឡើង ឬ​ដើម្បី​បង្ការ​កុំ​ឲ្យ​វា​កាន់តែ​ដុនដាប​ទៅ​ៗ​។ ក៏​ប៉ុន្តែ​បើសិនជា​លោក​អ្នក​កត់​សំគាល់ថា​ស្ថានភាព​មិន​បាន​ល្អ​ប្រសើរ​ឡើង​ទេ នោះ​លោក​អ្នក​អាច​ត្រូវការ​ធ្វើ​រោគវិនិច្ឆ័យ​អ្វី​ផ្សេង​ទៀត​ហើយ ឬ​ធ្វើការ​ព្យាបាល​តែ​ម្តង​។
 
វិធី​ដែល​សំខាន់​ជាងគេ​នៅ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង ស្ថិត​នៅ​លើ​ការ​ត្រួតពិនិត្យ​ខ្លួន​ដោយ​លោក​អ្នក​ខ្លួនឯង មិនមែន​នៅ​លើ​ការ​ត្រួតពិនិត្យ​របស់​អ្នក​ផ្តល់​សេវា​ថែទាំ​នោះ​ទេ​។
 
* ការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​គឺជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ជាងគេ​នៅ​ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង​កុំ​ឲ្យ​ដុនដាប​ទៅ​ៗ ឬ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​នេះ​តែ​ម្តង​។
* បាតុភាព​នៃ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​មរណភាព​ដោយសារ​ជំងឺ​បេះដូង​ក្នុង​ពេល​ជាង ៣០​ឆ្នាំ​ក្រោយ​នេះ​គឺជា​លទ្ធផល​នៃ​ការ​កាត់​បន្ថយ​កត្តា​គ្រោះថ្នាក់ មិនមែន​ដោយសារ​ការ​ជឿនលឿន​ក្នុង​ការ​ព្យាបាល​នោះ​ទេ​។
 
ម្នាក់​ៗ​ត្រូវ​ប្រកាន់​យក​នូវ​វិធានការ​ខាងក្រោម​នេះ ដើម្បី​ធ្វើ​ឲ្យ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​ថយ​ចុះ​៖
 
* ហូប​តែ​របប​ហូប​ចុក​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​៖ នេះ​គឺជា​ជំហាន​សំខាន់​មុនគេ​បង្អស់​ដែល​លោក​អ្នក​អាច​ប្រកាន់​យក​ដើម្បី​ការ​បន្ថយ​គ្រោះថ្នាក់​។
* សូម​កាត់​បន្ថយ​ការ​ហូប​ខ្លាញ់​៖ ថាមពល​ដែល​បាន​មក​ពី​ខ្លាញ់​មិន​ត្រូវ​ឲ្យ​លើស​ពី ៣០% នៃ​ថាមពល​សរុប​ក្នុង​១​ថ្ងៃ​ៗ​ទេ​។ មាន​ន័យ​ថា​ហូប​ខ្លាញ់​ឲ្យ​តិច​ជាង ៦០​ក្រាម​ក្នុង​១​ថ្ងៃ​ៗ ចំពោះ​មនុស្ស​ចាស់​។
 
* សូម​កត់​បន្ថយ​កូ​លេ​ស្តេ​រ៉ុល​នៅ​ក្នុង​ឈាម​ទៅ​ត្រឹម​កម្រិត​ដែល​បាន​ផ្តល់​អនុសាសន៍ ជា​ពិសេស​គឺ LDL cholesterol៖ វា​នឹង​មិន​ធ្វើ​ឲ្យ​មាន​កកើត​បន្ទះ​នៅ​ក្នុង​សរសៃ​រោហិណី​របស់​លោក​អ្នក​។
* សូម​អនុវត្ត​ការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​៖ វា​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​បាន​។ ការ​ហាត់ប្រាណ​ធ្វើ​ឲ្យ​បេះដូង​របស់​លោក​អ្នក​រឹង​មាំ និង​មាន​ប្រសិទ្ធភាព ហើយ​កាត់​បន្ថយ​សម្ពាធ​ឈាម​និង​កូ​លេ​ស្តេ​រ៉ុល​មិនល្អ (LDL) ព្រម​ជាមួយ​គ្នា​នោះ​បង្កើន​កូ​លេ​ស្តេ​រ៉ុល​ល្អ (HDL) ឡើង​។ សូម​សាកសួរ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នកជា​មុន​សិន មុន​នឹង​ចាប់ផ្តើម​ការ​ហាត់ប្រាណ​ណាមួយ​។ សមាគម​បេះដូង​អា​មេ​រិ​ក​ឲ្យ​យោបល់​ថា​ត្រូវ​ហាត់​ម្តង​ៗ​យ៉ាងតិច ៣០​នាទី ៣​ទៅ​៥​ដង​ក្នុង​១​ស​ប្តា​ហ៍​។
 
* សូម​បញ្ឈប់​ការ​ជក់បារី​៖ វា​នឹង​ផ្តល់​មក​ឲ្យ​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​។ ៣​ឆ្នាំ​បន្ទាប់​ពី​ឈប់​ជក់បារី គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​របស់​លោក​អ្នក​បាន​ថយ​ចុះ​មក​ស្មើនឹង​អ្នក​ដែល​មិន​ដែល​ជក់បារី​សោះ​។ អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​អាច​ជួយ​លោក​អ្នក​ឲ្យ​ឈប់​ជក់បារី​បាន ដោយ​ផ្តល់​ការ​ណែនាំ​ខ្លះ​អំពី​ការ​ផ្លាស់​ប្តូរ​ការ​ប្រព្រឹត្ត​។ មាន​ឱសថ​មួយ​ចំនួន​ដែល​ជួយ​ធ្វើ​ឲ្យ​ឈប់​ជក់បារី​បាន​ដែរ​។
 
* សូម​ត្រួតពិនិត្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​៖ បើសិនជា​លោក​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម សូម​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​លោក​អ្នកជា​រៀងរាល់ថ្ងៃ​។ លោក​អ្នក​ត្រូវ​ដឹង​អំពី​តម្លៃ​នៃ HbA1c របស់​លោក​អ្នក ពោល​គឺ​រង្វាស់​មួយ​សម្រាប់​ត្រួតពិនិត្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ដែល​ត្រូវ​តិច​ជាង ៧.០​។
 
*​សូម​លេប​អាស្ពីរីន​បន្តិច​រាល់ថ្ងៃ​៖ វា​នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង​បាន​។ ក៏​ប៉ុន្តែ​ការ​ប្រើ​អាស្ពីរីន​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​ការ​ហូរ​ឈាម​វិញ​ដែរ ដូច្នេះ​សូម​សាកសួរ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​សិន មុន​នឹង​ចាប់​ប្រើ​អាស្ពីរីន​រាល់ថ្ងៃ​។
 
* នៅ​មិន​ទាន់​មានការ​សាកល្បង​គ្លីនិក​បែប​វិទ្យាសាស្ត្រ​លើ​មនុស្ស​ណាមួយ ដែល​បង្ហាញ​ថា​វីតាមីន​មាន​ផល​ល្អ​មក​លើ​បេះដូង​នោះ​ទេ​។
 
សូម​កត់​សំគាល់ថា​អស់​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គេ​បាន​អនុវត្ត​ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​(hormone replacement therapy HRT) ដើម្បី​បង្ការ​ជំងឺ​សរសៃឈាម​បេះដូង និង​រោគ​គាំងបេះដូង ចំពោះ​ស្ត្រី​ដែល​បាន​អស់​រដូវ​ទៅ​ហើយ (menopause)​។
 
* គេ​បាន​គិត​ថា​ការ​ប្រើ​អ័រម៉ូន​មួយ​ចំនួន​អាច​ការពារ​ស្ត្រី​មុន​នឹង​អស់​រដូវ ពី​ជំងឺ​បេះដូង​បាន​។
* ការ​ស្រាវជ្រាវ​មួយ​ដែល​ទើបតែ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០០២ បាន​រក​ឃើញ​ថា​ស្ត្រី​ៗ​ដែល​បាន​ប្រើ HRT មាន​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​ខ្លាំង​ជាង​ស្ត្រី​ៗ​ដែល​មិន​បាន​ប្រើ HRT នេះ​។
* ដោយហេតុ​នេះ គេ​លែង​ឲ្យ​ប្រើ HRT ដើម្បី​បង្ការ​ជំងឺ​បេះដូង​ទៀត​ហើយ​។
 
របប​ហូប​ចុក​ដែល​ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​៖ ខាងក្រោម​នេះ​គឺជា​របប​ហូប​ចុក​ដែល​សមាគម​បេះដូង​អា​មេ​រកបាន​ផ្តល់​អនុសាសន៍​។
 
* សូម​ចាប់ផ្តើម​ថ្ងៃ​ជាមួយនឹង​ការ​ទទួលទាន​នំប៉័ង whole-grain bread ឬ​ធញ្ញជាតិ ជាមួយ​ផ្លែ​ឈើ​។
* ចំពោះ​អាហារ​ថ្ងៃត្រង់​និង​ពេល​ល្ងាច សូម​ទទួលទាន​តែ​ធញ្ញជាតិ និង​បន្លែ​ឲ្យ​បាន​ច្រើន (make whole grains and vegetables the main course)​។ អាច​ថែម​សាឡា​ត់ ឬ​បន្លែ​ទៀត​បើសិនជា​អាហារ​មាន​សាច់​ច្រើន​។ ផលិតផល​សណ្តែកសៀង (soy products) នឹង​ជួយ​កាត់​បន្ថយ​កូ​លេ​ស្តេ​រ៉ុល LDL ។
 
* សូម​ទទួលទាន​ផ្លែ​ឈើ​ឬ​ទឹកដោះគោ​ជូរ​មាន​ជាតិ​ខ្លាញ់​ទាប​ជា​បង្អែម​។ កាត់​បន្ថយ​ជាតិ​ផ្អែម​និង​ស្ករ​ជា​អតិបរមា​។
* សូម​ចំអិន​ចំណីអាហារ​ដោយ​ប្រើ​ប្រេង​អូ​លីវ (olive) ឬ​កា​ណូ​ឡា (canola) ដែល​មាន​ជាតិ​ខ្លាញ់ monounsaturated fats ខ្ពស់​។ ខ្លាញ់​ទាំង​អស់នេះ​ជួយ​កាត់​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ុល LDL និង​កូ​លេ​ស្តេ​រ៉ុល​សរុប​។
 
* សូម​ទទួលទាន​ត្រី ឬ​អាហារ​សមុទ្រ​ឲ្យ​បាន​ម្តង​ឬ​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។
 
* សូម​ទទួលទាន​គ្រាប់​ផ្លែ​ឈើ (nuts) ដែល​សំបូរ​ជាតិ​ខ្លាញ់ hazelnuts, almonds, pecans, គ្រាប់ស្វាយ​ច័​ន្ទី​, walnuts, និង​macadamia nuts​។ ផ្លែ​ឈើ​ទាំង​អស់នេះ​ជួយ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ តែ​មាន​ជាតិ​ខ្លាញ់​ច្រើន ដូច្នេះ​ត្រូវ​ទទួលទាន​បន្តិចបន្តួច​បាន​ហើយ​។
* សូម​ប្រើ​ខ្ទឹមស​ក្នុង​ការ​ចំអិន​អាហារ​ដោយ វា​ជួយ​កាត់​បន្ថយ​កូ​លេ​ស្តេ​រ៉ុល​បាន​បន្តិច​ដែរ​។
 
សុរា​អាច​ទទួលទាន​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ​៖
 
* ការ​សេពសុរា​តិច​ជាង​ពីរ​កែវ​ក្នុង​១​ថ្ងៃ​ៗ​ចំពោះ​បុរស​ៗ និង​មួយ​កែវ​ចំពោះ​នារី​ៗ អាច​ជួយ​បង្កើន​កូ​លេ​ស្តេ​រ៉ុល​ល្អ (HDL) បាន​។
* បើ​ទោះជា​យ៉ាងណា​ក្តី អ្នកខ្លះ​មិន​ត្រូវ​ប្រើ​សុរា​ទេ ដូច​ជា​អ្នក​ដែល​មាន​បញ្ហា​ថ្លើម​ឬ​តម្រងនោម មាន​បញ្ហា​ជាមួយ​ឱសថ​មួយ​ចំនួន មាន​បញ្ហា​ជាមួយនឹង​ការ​ប្រើ​បំពាន​សុរា ឬ​កំពុង​ប្រើ​ឱសថ​ដែល​មិន​ត្រូវ​សេពសុរា​។
 
* បើ​លោក​អ្នក​មិន​ចេះ​សេពសុរា​ទេ អ្នក​ប្រកប​វិជ្ជាជីវ​វេជ្ជសាស្ត្រ​ភាគច្រើន​ឲ្យ​យោបល់​ថា​សូមកុំ​សេព​វា​ដើម្បី​អត្ថប្រយោជន៍​នៃ​បេះដូង​នោះ​។
 
* បើ​មាន​សំណួរ​ទាក់ទង​ទៅ​នឹង​ផលវិបាក​វិជ្ជមាន​និង​អវិជ្ជមាន​របស់​សុរា សូម​សាកសួរ​គ្រូពេទ្យ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com