ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ ប្រកាសថា បក្សភ្លើងទៀន គ្មានគោលនយោបាយធ្វើបាតុកម្មឡើយ
16, May 2023 , 2:29 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក កែត ឃី លោក សុន ឆ័យ លោក ទាវ វណ្ណុល លោក គីមសួរ ភីរិទ្ធ និងលោក ស៊ុន ចាន់ធី ស្ថិតក្នុងសន្និសីទកាសែតស្តីពីការសម្រេចរបស់គ.ជ.ប
ពីឆ្វេងដៃទៅ៖ លោក កែត ឃី លោក សុន ឆ័យ លោក ទាវ វណ្ណុល លោក គីមសួរ ភីរិទ្ធ និងលោក ស៊ុន ចាន់ធី ស្ថិតក្នុងសន្និសីទកាសែតស្តីពីការសម្រេចរបស់គ.ជ.ប
ដោយ៖ ទេពញាណ 

តាមរយៈសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប្រកាសជាសាធារណៈថា គណបក្សជំទាស់មួយនេះ គ្មានគម្រោងធ្វើបាតុកម្ម ឬមហាបាតុកម្ម ដើម្បីតវ៉ានឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះទេ។ 



អ្នកនយោបាយប្រឆាំងលេចធ្លោយូរឆ្នាំរូបនេះ បញ្ជាក់ដូច្នេះថា៖«គោលនយោបាយយើង មិនមានការធ្វើបាតុកម្មអីទេ គឺដោះស្រាយបញ្ហាដោយការជជែកគ្នា ទាំងបញ្ហាសេដ្ឋកិច្ច ទាំងបញ្ហានយោបាយ ទាំងបញ្ហាផ្សេងៗទៀត។ នេះជារបត់ថ្មីមួយរបស់គណបក្សភ្លើងទៀន»។  
 
លោក សុន ឆ័យ បន្តថា ក្នុងសៀវភៅគោលនយោបាយរបស់គណបក្សភ្លើងទៀន គឺអត់មានចែងពីការបាតុកម្មឡើយ។ លោក ថែមទាំងរម្លឹកថា ខាងប្រឆាំង ធ្លាប់មានបទពិសោធធ្វើបាតុកម្មច្រើនដងមកហើយ តែមិនដែលបានផលអ្វីនោះទេ។   
 
អតីតតំណាងរាស្ត្រខាងប្រឆាំងរូបនេះ បន្ថែមថា រាល់កិច្ចការ ដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀនធ្វើ សុទ្ធតែត្រូវថ្លឹងថ្លែង ដើម្បីធានាថា ដំណើការនៃការប្រកួតប្រជែងនយោបាយ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មិនមានទំនាស់រវាងគណបក្សនិងគណបក្ស។ 
 
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ធ្វើសន្និសីទកាសែតខាងលើ ដើម្បីនិយាយពីសេចក្តីសម្រេចរបស់គ.ជ.ប ដែលបដិសេធមិនឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយសំអាងថា គណបក្សនេះ ខ្វះលក្ខខណ្ឌ។ លក្ខខណ្ឌ ដែលគ.ជ.ប សំដៅនោះ គឺគណបក្សភ្លើងទៀន គ្មានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃដែលមាននីត្យានុកូលកម្មពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ 
 
លោក សុន ឆ័យ ផ្តល់ព័ត៌មានក្នុងសន្និសីទកាសែតថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងយកបណ្តឹងទៅដាក់នៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យបានមុនថ្ងៃទី២០ ខែឧសភានេះ ដើម្បីសុំជំទាស់នឹងសេចក្តីសម្រេចរបស់គ.ជ.ប។ 
 
នៅមុនគ.ជ.ប បដិសេធមិនទទួលពាក្យសុំចូលប្រកួតរបស់ខ្លួន គណបក្សភ្លើងទៀន បានប្រកាសតាមរយៈសេចក្តីប្រកាសព័ត៌មានថា នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក-សមាជិកា សកម្មជន និងអ្នកគាំទ្រទូទាំងប្រទេស ដើម្បី «តស៊ូមតិដោយសន្តិវិធី» បើគ.ជ.ប ពិតជាបដិសេធមិនទទួលពាក្យសុំចូលប្រកួត។  
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុក ការប្រកាសប្រមូលផ្តុំរបស់គណបក្សភ្លើងទៀន ថាជាចេតនាចង់បំផ្លាញកេរ្តិ៍ឈ្មោះនិងសន្តិសុខរបស់ប្រទេសជាតិ ខណៈកម្ពុជា កំពុងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ គ្រាន់តែបានឃើញសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន សម្តេចនាយករដ្ឋមន្រ្តី ក៏ចេញសារជាសំឡេង ដោយបញ្ជាទៅកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ ឲ្យត្រៀមវាយខ្នោះមេដឹកនាំគណបក្សភ្លើងទៀន បើហ៊ានចេញដឹកនាំការប្រមូលផ្តុំពិតមែន។ 
 
ក្រោយមានការព្រមានពីសម្តេចនាយករដ្ឋមន្រ្តី គណបក្សភ្លើងទៀន ក៏ចេញសេចក្តីប្រកាសព័ត៌មានមួយផ្សេងទៀត ដោយបង្ហាញការសោកស្តាយ ដែលខ្លួនបានប្រកាសពីគម្រោងប្រមូលផ្តុំនេះ៕ 
 

Tag:
 សុន ឆ័យ
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com