បោះឆ្នោត
អន្តរជាតិ
បក្សភឿថៃ អំពាវនាវឱ្យបក្សភូមិចៃថៃ និងប្រជាធិបតេយ្យគាំទ្រលោក Pita ជានាយករដ្ឋមន្រ្តី
16, May 2023 , 3:39 pm        
រូបភាព
លោកស្រី Paetongtarn Shinawatra (ខាងឆ្វេង) និងលោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីបក្ស Pheu Thai។ រូបភាព AFP
លោកស្រី Paetongtarn Shinawatra (ខាងឆ្វេង) និងលោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីបក្ស Pheu Thai។ រូបភាព AFP
បេក្ខជននាយករដ្ឋមន្រ្តីបក្សភឿថៃ លោក Srettha Thavisin នៅថ្ងៃទី១៥ ខែឧសភា បានជំរុញឱ្យបក្សភូមិចៃថៃ និងប្រជាធិបតេយ្យ បោះឆ្នោតគាំទ្រ លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ធ្វើជានាយករដ្ឋមន្រ្តីថៃទី៣០ នៅក្នុងកិច្ចប្រជុំសភាខាងមុខ។

 
តាមរយៈសំណេរដ៏វែងលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៥ ខែឧសភា លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីបក្ស Pheu Thai បានសរសើរបក្សឆ្ពោះទៅមុខពីសន្ទុះនៃការគាំទ្ររបស់ប្រជាជន បើធៀបនឹងឆ្នាំ២០១៩ ដែលមាន៨១កៅអី ទៅ១៥១កៅអី នៅក្នុងឆ្នាំ២០២៣។ បើតាមលោក Srettha កន្លងមក បក្សបក្សភូមិចៃថៃ និងប្រជាធិបតេយ្យ បានបង្ហាញការមិនពេញចិត្តចំពោះរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យសមាជិកព្រឹទ្ធបោះឆ្នោតរើសនាយករដ្ឋមន្រ្តី។ 
 
«ពេលនេះ វាបានមកដល់ហើយសម្រាប់អ្នកទាំងអស់គ្នា ដើម្បីរក្សាការសន្យាក្នុងការបោះឆ្នោតគាំទ្រលោក Pita ដោយផ្អែកទៅតាមប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដ»។ លោក បេក្ខជននាយករដ្ឋមន្រ្តីបក្ស Pheu Thai បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា បក្សទាំងពីរ និងសមាជិកសភាបក្សទាំងពីរ មិនត្រូវរង់ចាំសមាជិកព្រឹទ្ធសភាឡើយ ដើម្បីឱ្យថៃមានប្រមុខរដ្ឋាភិបាល ដែលត្រៀមខ្លួនរួចរាល់ ក្នុងការផ្លាស់ប្តូរប្រទេស និងសុភមង្គលរបស់ប្រជាជន។ 
 
ត្រង់ចំណុចនេះ លោក Srettha យល់ថា អ្វីដែលបក្សទាំងពីរសម្រេចចិត្តក្នុងថ្ងៃនេះ វានឹងជះឥទ្ធិពលដល់ការវាយតម្លៃរបស់ប្រជាជននៅថ្ងៃអនាគតលើបក្ស។ 
 
មុនក្លាយជានាយករដ្ឋមន្រ្តីថៃ លោក​ Pita ត្រូវបានការយល់ព្រមពីសមាជិកសភាទាំងពីរថ្នាក់រដ្ឋសភា និងព្រឹទ្ធសភាយ៉ាងហោចណាស់​ ៣៧៦នាក់ ក្នុងចំណោម ៧៥០នាក់។ សមាជិកព្រឹទ្ធសភាភាគច្រើន ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលដឹកនាំដោយយោធា៕
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com