ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ នាថ្ងៃបិទស៊ីហ្គេម
16, May 2023 , 4:09 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឲ្យប្រជាពលរដ្ឋ បញ្ចៀសចរាចរ និងផ្អាកចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញ និងផ្អាកចរាចរបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី (ពហុកីឡាដ្ឋានជាតិមរតកតេជោ)។ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣​ រហូតដល់បញ្ចប់កម្មវិធី។
 
លើសពីនេះ កំណាត់ផ្លូវមួយចំនួន ក៏មិនអនុញ្ញាតឲ្យរថយន្ដដឹកទំនិញធន់ធ្ងន់ដូចជា រថយន្ដដឹកដី រថយន្ដដឹកខ្សាច់ និងរថយន្ដកុងតឺន័រធ្វើចរាចរឡើយ។ កំណាត់ផ្លូវទាំងនោះមានដូចជា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតព្រំប្រទល់រាជធានីភ្នំពេញ ,កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ និងកំណាត់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្សី។
 
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី ដោយអនុគ្រោះ៕
 
 

Tag:
 Seagame32
  ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com