ជាតិ
ស៊ីហ្គេម២០២៣
នៅពីក្រោយជោគជ័យស៊ីហ្គេម មានចំណែកពួកគាត់!
16, May 2023 , 8:19 pm        
រូបភាព
ដំណើរការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រយៈពេល២សប្ដាហ៍នេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ស៊ីហ្គេម ជាលើកដំបូង និងជាប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់កម្ពុជានេះ ក៏ទទួលបានការសាទរជាច្រើន ពីសំណាក់ប្រជាពលរដ្ឋជាតិ និងភ្ញៀវអន្តរជាតិ។ នៅពីក្រោយជោគជ័យស៊ីហ្គេមនេះ ក៏មានចំណែកកងកម្លាំង យុវជនស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យ និងអ្នកបោសសម្អាតអនាម័យ។



ភាពជោគជ័យនៃការរៀបចំស៊ីហ្គេមនេះ បានជួយឱ្យកម្ពុជា ជាពិសេសរដ្ឋាភិបាលរីកមុខមាត់មួយកម្រិតទៀតលើកឆាកអន្តរជាតិ។ ប្រជាជនកម្ពុជា ពិតជាមានមោទកភាពណាស់ ដែលបានឆ្លងកាត់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង ក្រោយរង់ចាំអស់៦៤ឆ្នាំមកនេះ។
 
វាច្បាស់ណាស់ថា ស៊ីហ្គេមអាចសម្រេចរៀបចំឡើងជារូបរាងបាននេះ ដោយសារក្រោមការដឹកនាំរបស់រដ្ឋាភិបាល។ ប៉ុន្តែវាក៏មានចំណែកដ៏ធំធេងពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការជាតិរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និងគណៈកម្មការជំនាញជាង១០ ក៏ដូចជាសហព័ន្ធកីឡាជាតិ និងអន្តរជាតិ និងដៃគូសហការនានា ដែលបានចូលរួមរៀបចំការប្រកួតស៊ីហ្គេមលើកីឡា៣៦ប្រភេទ ដែលមានជិត៦០០វិញ្ញាសា។
 
លើសពីការរៀបចំស៊ីហ្គេមនេះ ការអនុញ្ញាតឱ្យគណៈប្រតិភូកីឡាពីបណ្ដាប្រទេសទាំងអស់ ស្នាក់នៅ ហូបចុកដោយសេរី និងមិនកំណត់យកថវិកា នៅភូមិកីឡា និងបណ្ដាសណ្ឋាគារនានា ។ ជាពិសេសផ្ដល់ឱកាសឱ្យពួកគេអាចទៅទស្សនាការអង្គរវត្ត ដោយឥតគិតថ្លៃ ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជានោះ ក៏ជាចំណែកជោគជ័យដ៏ធំមួយជំហានទៀត។ ការសម្រេចរបស់រដ្ឋាភិបាលបែបនេះ វាជាយុទ្ធសាស្រ្តមួយ ដែលទាក់ទាញទឹកចិត្ត និងធ្វើឱ្យប្រតិភូកីឡា និងអត្តពលិកទាំងអស់ ចងចាំកម្ពុជា ហើយក៏ជាផ្នែកមួយនៃទីផ្សារទេសចរបន្ថែមទៀតដែរ។ ប្រមុខរដ្ឋាភិបាលចង់ឱ្យការប្រកួតស៊ីហ្គេមនៅកម្ពុជា ក្លាយទៅជាការបង្កើតចំណងមិត្តភាពក្នុងតំបន់អាស៊ាន កាន់តែល្អរឹងមាំ។
 
ប៉ុន្តែនៅពីក្រោយជោគជ័យទាំងនេះ សូមកុំភ្លេចកម្លាំងជំនួយ ដែលនៅឈរហាលខ្យល់ ហាលភ្លៀង។ នោះគឺក្រុមកម្លាំងប្រដាប់អាវុធ ក្រុមយុវជនស្ម័គ្រចិត្ត អ្នកបោសសំរាម និងអនាម័យជាដើម។

 
ដំណើការប្រកួត នឹងមិនអាចធានាសុវត្ថិភាពថ្នាក់ដឹកនាំ និងប្រតិភូបានទេ បើគ្មានវត្តមានកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ ដែលផ្លាស់វេនគ្នាឈរយាមប្រចាំការ ទាំងថ្ងៃ ទាំងយប់ នៅតាមតំបន់គោលដៅប្រកួតកីឡាស៊ីហ្គេម និងតាមដងផ្លូវ។ 
 
 
ដំណើរការប្រកួត នឹងមិនអាចប្រព្រឹត្តទៅដោយរលូនបានទេ បើគ្មានវត្តមានក្រុមយុវជនស្ម័គ្រចិត្តរាប់ម៉ឺននាក់ ដែលឈរចាំត្រួតពិនិត្យ និងជួយសម្រួលរៀបចំឱ្យប្រជាពលរដ្ឋ អ្នកគាំទ្រចូលតាមកន្លែងអង្គុយទស្សនាការប្រកួត ដោយមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់។ អ្នកខ្លះជាពិធិការចាត់ចែងសម្របសម្រួល, អ្នកខ្លះជួយបកប្រែភាសា សម្រាប់ភ្ញៀវបរទេស និងនាំភ្ញៀវទៅទីតាំងអង្គុយទស្សនា, ខ្លះទៀត ជួយបោសជូតកន្លែងប្រកួត កុំឱ្យអត្តពលិកមានបញ្ហារអិលដួលជាដើម។
 


ដំណើរការប្រកួត និងទីតាំងប្រកួត នឹងគ្មានផាសុកភាពនោះទេ បើសិនជាមិនមានវត្តមានអ្នកបោសសំរាម និងអនាម័យរាប់រយនាក់ ដែលមានទឹកចិត្តស្រលាញ់ និងចង់លើកមុខមាត់ប្រទេសជាតិ ដែលជាម្ចាស់ផ្ទះស៊ីហ្គេមនេះ។ ចំណែកគ្រូពេទ្យរាប់រយនាក់ ក៏ផ្លាស់វេនគ្នា ប្រចាំការ ដើម្បីធានាសុវត្ថិភាពដល់ប្រតិភូកីឡា និងអត្តពលិកផងដែរ។
 
 
«ខ្មែរអាចធ្វើបាន»! ការរួមចំណែកទាំងអស់នេះ គឺជាជោគជ័យដ៏ធំធេងមួយ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា៕
  
 

Tag:
 ស៊ីហ្គេម
  Cambodia Seagames
© រក្សាសិទ្ធិដោយ thmeythmey.com