សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើសេដ្ឋកិច្ចថៃប្រឈមបញ្ហាអ្វីខ្លះដែលត្រូវរង់ចាំរដ្ឋាភិបាលថ្មីមកដោះស្រាយ ?
16, May 2023 , 8:59 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានដាក់បញ្ហាប្រឈមសេដ្ឋកិច្ចចំនួនបួន ដែលរដ្ឋាភិបាលថ្មីរបស់ថៃត្រូវតែដោះស្រាយនៅឆ្នាំនេះ។  ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុក និងកម្រិតខ្ពស់នៃបំណុលគ្រួសារ អាជីវកម្មក្នុងស្រុក ស្របពេលមានការកើនឡើងនូវអត្រាការប្រាក់ ទន្ទឹមនោះការប្រែប្រួលនៃលក្ខខណ្ឌអាកាសធាតុ នឹងអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម រួមជាមួយបញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ចក្រោយការបោះឆ្នោត និងការពន្យារពេលក្នុងការអនុម័តថវិកាឆ្នាំសារពើពន្ធ ២០២៤ កំពុងរង់ចាំរដ្ឋាភិបាលថ្មី។

 
ទោះបីជាទិដ្ឋភាពនយោបាយនៅក្នុងប្រទេសថៃមានភាពច្បាស់លាស់នៅពេលនេះក៏ពិតមែន ដោយការបោះឆ្នោតសកលត្រូវបានបញ្ចប់ ក៏នៅតែមានភាពស្រពេចស្រពិលអំពីគណបក្សដែលនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មី។
 
ការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដោយ NESDC នាពេលថ្មីៗនេះ បង្ហាញពីហានិភ័យដ៏ច្រើនសម្រាប់សេដ្ឋកិច្ចថៃនាពេលទៅមុខ។ រដ្ឋាភិបាលថ្មីនឹងត្រូវរុករកវិធានការណ៍នានាដើម្បីចូលខ្លួនមកដោះស្រាយ ពីព្រោះតែទាំងសេដ្ឋកិច្ចថៃ និងសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា។ 
 
លោក Danucha Pichayanan អគ្គលេខាធិការ NESDC បានព្យាករថា សេដ្ឋកិច្ចថៃនឹងកើនឡើងក្នុងចន្លោះពី២,៧ភាគរយទៅ៣,៧ភាគរយនៅឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ វានឹងនៅតែប្រឈមនឹងហានិភ័យ និងឧបសគ្គផ្សេងៗ។
 
ក្រៅពីបញ្ហាប្រឈមក្នុងស្រុក សេដ្ឋកិច្ចថៃក៏នឹងត្រូវដោះស្រាយជាមួយកត្តាខាងក្រៅដែលមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់ដំណើរការកំណើនរបស់ខ្លួន។ កត្តាទាំងនេះរួមមាននិន្នាការសេដ្ឋកិច្ចសកល គោលនយោបាយពាណិជ្ជកម្មនៃសេដ្ឋកិច្ចធំៗ និងការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ។
 
ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុក
 
ការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុក ខណៈសម្ពាធអតិផរណាខ្ពស់ដែលកំពុងបន្តបាននាំឱ្យធនាគារកណ្តាលបង្កើនអត្រាការប្រាក់ជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពតឹងតែង ស្របពេលដែលថ្លៃដើមកម្ចីកាន់តែខ្ពស់។ 
 
ទន្ទឹមនេះអស្ថិរភាពនៃស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសសេដ្ឋកិច្ចធំៗដូចជានៅអាម៉េរិក និងអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ងាយស្រួល ដែលនាំឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ជាពិសេសក្នុងវិស័យធនាគារ។ នេះអាចប៉ះពាល់ដល់ចំនួនប្រាក់បញ្ញើ និងការផ្លាស់ប្តូរការវិនិយោគពីទ្រព្យសកម្មដែលមានហានិភ័យទៅជាសុវត្ថិភាពជាង។
 
បន្ថែមពីឯជម្លោះភូមិសាស្ត្រនយោបាយភាពតានតឹងរវាងប្រជាជាតិនានា និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសរវាងអាម៉េរិក និងចិននៅតែមានបង្កភាពតានតឹង និងមានទំនោរនាំទៅរកការកើនឡើងពាណិជ្ជកម្ម ការវិនិយោគ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ដែលបណ្តាលឱ្យមានការរំខាននៅក្នុងច្រវាក់ផលិតកម្មពិភពលោក។
 
បញ្ហាពិដានបំណុលសាធារណៈរបស់អាម៉េរិក ក៏អាចនាំឱ្យមានការខកខានរបស់រដ្ឋាភិបាល និងជះឥទ្ធិពលលើទំនុកចិត្ត និងសេដ្ឋកិច្ចអាម៉េរិកទាំងមូល ក៏ដូចជាសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពនៃសេដ្ឋកិច្ចដែលកាន់សញ្ញាប័ណ្ណរដ្ឋាភិបាលអាម៉េរិក។
 
កម្រិតខ្ពស់នៃបំណុលគ្រួសារ និងអាជីវកម្មក្នុងស្រុកស្របពេលមានការកើនឡើងអត្រាការប្រាក់
 
ប្រាក់កម្ចីមិនដំណើរការ (NPLs) ជាមួយសមាមាត្រនៃប្រាក់កម្ចីពិសេស (SML) ធៀបនឹងប្រាក់កម្ចីសរុបនៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅតែមានកម្រិតខ្ពស់នៅក្នុងត្រីមាសទី៤ ក្នុងអត្រា ៧,៤ភាគរយនិង ១២,១ភាគរយរៀងគ្នាបើធៀប ៤,៦ភាគរយនិង ៣,៥ភាគរយនៅក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២២។
 
អនុបាតបំណុលគ្រួសារធៀបផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទីបួនបានធ្លាក់ចុះបន្តិចមក ៨៦,៩ភាគរយពី ៨៧ភាគរយនៅក្នុងត្រីមាសមុន ប៉ុន្តែនៅតែខ្ពស់ជាង៧៩,៩ភាគរយនៅក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២២។
 
បំណុលកម្រិតខ្ពស់ទាំងនេះសម្រាប់អាជីវកម្ម និងគ្រួសារអាចកំណត់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្នុងស្រុក និងលទ្ធភាពរបស់ពួកគេក្នុងការសងបំណុលក្នុងអត្រាការប្រាក់ខ្ពស់ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងគ្រួសារដែលមានចំណូលទាប។ លើសពីនេះ ក្រុមជនងាយរងគ្រោះមួយចំនួនដែលពឹងផ្អែកលើប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារដែលមិនទាន់បានជាសះស្បើយពេញលេញពីផលប៉ះពាល់នៃកូវីដ-១៩ អាចប្រឈមនឹងការលំបាក។
 
ការប្រែប្រួលនៃលក្ខខណ្ឌអាកាសធាតុដែលអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម
 
យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) ថៃប្រឈមមុខលទ្ធភាពដល់ ៦២ភាគរយក្នុងការឈានចូលដំណាក់កាលបាតុភូតរាំងស្ងួត El Niño នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែឧសភា ដល់ខែធ្នូឆ្នាំ ២០២៣ ដោយបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៤។
 
សម្រាប់ថៃ នេះអាចបណ្តាលឱ្យមានភ្លៀងធ្លាក់កម្រិតទាបជាងកម្រិតមធ្យម ដោយនាយកដ្ឋានឧតុនិយមបានព្យាករថានឹងមានភ្លៀងធ្លាក់ជាមធ្យម ១៣៣,៦មីលីម៉ែត្រនៅត្រីមាសទីពីរនៃឆ្នាំ ២០២៣ ទាបជាងមធ្យមភាគធម្មតា ១៥៤មីលីម៉ែត្រ។ សីតុណ្ហភាពជាមធ្យមក៏ត្រូវបានគេរំពឹងថានឹងមាន ៣០,៣អង្សាសេ ដែលខ្ពស់ជាងមធ្យមភាគធម្មតា ២៩,១អង្សាសេ។ ការប្រែប្រួលអាកាសធាតុទាំងនេះអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម។
 
បញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ចក្រោយការបោះឆ្នោត និងការពន្យារពេលក្នុងការអនុម័តថវិកាឆ្នាំសារពើពន្ធ ២០២៤
 
ខណៈពេលដែលការបង្កើតរដ្ឋាភិបាលថ្មីត្រូវបានគេរំពឹងថានឹងដំណើរការដោយរលូន បរិយាកាសនយោបាយ និងទិសដៅគោលនយោបាយក្រោយការបោះឆ្នោតអាចនៅតែបង្កបញ្ហាប្រឈម។ ការពន្យារពេលក្នុងការអនុម័តថវិកាឆ្នាំសារពើពន្ធ២០២៤ ក៏អាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគផងដែរ។ គោលជំហរគោលនយោបាយ និងការបែងចែកថវិការបស់រដ្ឋាភិបាល នឹងត្រូវបានឃ្លាំមើលយ៉ាងជិតដិតចំពោះឥទ្ធិពលដែលមានទៅលើវិស័យផ្សេងៗ និងទំនុកចិត្តរបស់អ្នកវិនិយោគ។ នេះបើយោងតាមការវិភាគរបស់ NESDB ៕
 

Tag:
 ថៃ
  បញ្ហាប្រឈម
  សេដ្ឋកិច្ច
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com