កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ប្រវត្តិសាស្ត្រសម្រាប់កីឡាអេឡិចត្រូនិកកម្ពុជាដែលឈ្នះមេដាយមាសដល់ទៅ​៣
17, May 2023 , 11:29 am        
រូបភាព
Attack Online 2 ជាក្រុម ទទួលមេដាយមាស។ រូបថត E-Sports Federation Cambodia
Attack Online 2 ជាក្រុម ទទួលមេដាយមាស។ រូបថត E-Sports Federation Cambodia
ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ កម្ពុជាទទួលបានកំណត់ត្រាយ៉ាងល្អលើ​ការប្រកួតកីឡាអេឡិចត្រូនិក (Esports) ពីថ្ងៃទី៦ ដល់ថ្ងៃទី​១៥ ខែឧសភា នៅសណ្ឋាគារណាហ្គាវើល២ និងផ្សារទំនើបអូឡាំព្យា តាមរយៈការឈ្នះមេដាយមាស៣ ប្រាក់១ និង​សំរឹទ្ធ១។



លើវិញ្ញាសាឯកត្តជន Attack Online 2 កីឡាករកម្ពុជាឡើងទៅវគ្គ Grand Final ដល់ទៅ​៤រូប។ ជាលទ្ធផល កីឡាករ សៅ រិទ្ធចេស្តា (AHMAB) ដណ្តើម​បានមេដាយមាស, កីឡាករ ស្រ៊ន ចាន់ធឿន (KBEM) បាន​មេដាយ​ប្រាក់ ខណៈមេដាយសំរឹទ្ធ បានទៅលើ​កីឡាករថៃ Nattapon Nakpinpart (AMBITION)។
 
មេដាយមាស១ទៀត​របស់កម្ពុជា បានទៅ​លើវិញ្ញាសា Attack Online 2 ជាក្រុម ដោយមានកីឡាករ បុល វិសាល, ជា សុខពេជ្រ, ម៉ៅ ស្ត្រាបុត្រ, អ៊ុក សុថា, សៅ រិទ្ធចេស្តា, ស្រ៊ន ចាន់ធឿន និងទៀ សុផាន់ណា។ នាការប្រកួតវគ្គជម្រុះ កម្ពុជាបានឈ្នះថៃ ៣-០ និង​ឈ្នះម៉ាឡេស៊ី ៣-០ ដូចគ្នា។
 
 
ឈានដល់វគ្គ Grand Final កម្ពុជាបានយកឈ្នះ​ម៉ាឡេស៊ី ៣-០ សារជាថ្មី ដើម្បីទទួលបានមេដាយមាសលើវិញ្ញាសា Attack Online 2 ជាក្រុម។ ម៉ាឡេស៊ី បាន​មេដាយ​ប្រាក់ រីឯក្រុមថៃ បានមេដាយសំរឹទ្ធ។
 
មេដាយមាសទី៣​របស់​កម្ពុជា បាន​លើវិញ្ញាសា PUBG Mobile ឯកត្តជន ដែលមានកីឡាករ ត្រា ឆានី។ ឆានី បានមេដាយមាសដោយរកបាន​៨៤ពិន្ទុ។ កីឡាករឥណ្ឌូណេស៊ី Alan Raynold Kumaseh បានមេដាយប្រាក់ (៨៣ពិន្ទុ) ខណៈមេដាយសំរឹទ្ធស្ទួន បាន​លើកីឡាករវៀតណាម Dinh Chien Nguyen និងកីឡាករហ្វីលីពីន Abdul Barrientos Barode ដែលរកបាន​៨១ពិន្ទុ​ដូចគ្នា។
 
សម្រាប់មេដាយសំរឹទ្ធ១ កម្ពុជាទទួលបាន​លើវិញ្ញាសា Mobile Legends: Bang Bang ជាក្រុម​បុរស​ដែលមាន​កីឡាករ ជាង ពិសិដ្ឋ, ញ៉ែម ច័ន្ទដាវណ្ណ, ឃួន អាម៉ី, ទី ឧត្តម, សុខ រដ្ឋ, ពេជ្រ សុភ័ក្រ និងកុសល ពិសិដ្ធ។ នៅវគ្គជម្រុះតាមពូល កម្ពុជាស្ថិតនៅពូល B ដោយឈ្នះឥណ្ឌូណេស៊ី ១-០, ចាញ់មីយ៉ាន់ម៉ា ១-០, ឈ្នះសិង្ហបុរី ១-០។
 
កម្ពុជាឡើងទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែបាន​ចាញ់ម៉ាឡេស៊ី ២-១។ នាការប្រកួតបន្ទាប់ បើទោះបីជាបាន​ចាញ់​មីយ៉ាន់ម៉ា ២-០ ប៉ុន្តែ​កម្ពុជា និងមីយ៉ាន់ម៉ា នៅតែចែក​រំលែកមេដាយសំរឹទ្ធស្ទួន ខណៈមេដាយមាស​បានលើក្រុមហ្វីលីពីន ដែលបានយកឈ្នះ​ក្រុម​ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។
 
សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក​នៅស៊ីហ្គេម​លើកទី​៣២នេះ ឥណ្ឌូណេស៊ី ឈរចំណាត់ថ្នាក់លេខ​១ ដោយឈ្នះមេដាយមាស​៣ និងប្រាក់២។ កម្ពុជាជាប់លេខ២ ជាមួយមេដាយមាស​៣ ប្រាក់១ សំរឹទ្ធ១ ដោយឈរលើហ្វីលីពីន (មាស​១ ប្រាក់​១ សំរឹទ្ធ៣)។
 
វៀតណាម​ដែល​នៅ​លេខ៤ ជាមួយមេដាយមាស​១ ប្រាក់​២ សំរឹទ្ធ៤, សិង្ហបុរី បាន​មេដាយមាស១ សំរឹទ្ធ១, ម៉ាឡេស៊ី បាន​មេដាយ​ប្រាក់២ សំរឹទ្ធ២, ថៃ បានមេដាយសំរឹទ្ធ២ រីឯឡាវ និងមីយ៉ាន់ម៉ា រក​បាន​សំរឹទ្ធ១រៀងៗខ្លួន៕
 
រាយការណ៍បន្ថែមដោយ៖ ធៀន ភារិន្ទ, សេង សុភារម្យ និងស៊ឹម កូលាប
 

© រក្សាសិទ្ធិដោយ thmeythmey.com