ជាតិ
​​​ន​យោ​បាយ​ជាតិ​
បរទេសលូកមាត់ ក្រោយគ.ជ.ប មិនឲ្យបក្សភ្លើងទៀន ឡើងសង្វៀន
17, May 2023 , 2:05 pm        
រូបភាព
ពិធីជួបជុំមួយរបស់គណបក្សភ្លើងទៀននាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
ពិធីជួបជុំមួយរបស់គណបក្សភ្លើងទៀននាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
ដោយ៖ ទេពញាណ 

ក្រោយស្ងាត់មួយរយៈធំ សហគមន៍អន្តរជាតិ និងរដ្ឋបរទេសមួយចំនួន ផ្តើមបញ្ចេញសំឡេងមករកកម្ពុជាសាជាថ្មី ដោយសារគណបក្សភ្លើងទៀន ត្រូវបានបដិសេធមិនឲ្យចូលប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញមុខតតាំង។ 
 
តាមរយៈសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​​​​ក្រសួងការបរទេសកម្ពុជា ប្រាប់ដល់បរទេសថា បរាជ័យក្នុងការចុះឈ្មោះចូលរួមប្រកួត គឺដោយសារគណបក្សនយោបាយជាសាមីខ្លួន ពុំមានឯកសារគ្រប់គ្រាន់។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សណាមួយ លើសពីគណបក្សផ្សេងនោះទេ។  
 
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា៖«អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោតដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់សេរីភាព ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោត នៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នា»។ 
 
អ្នកនាំពាក្យសហភាពអឺរ៉ុប ចាត់ទុកការមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សភ្លើងទៀន ថាជាសញ្ញាគួរឲ្យបារម្ភមួយទៀត ក្នុងការបង្រួញលម្ហឲ្យកាន់តែរួមតូច សម្រាប់គណបក្សនយោបាយ ដែលត្រូវចូលរួមប្រកួតក្នុងការបោះឆ្នោត។ អ្នកនាំពាក្យសហភាពអឺរ៉ុប លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ គឺទាមទារឲ្យមានការប្រកួតប្រជែងដោយបើកចំហ និងអាចទុកចិត្តបាន ហើយប្រជាជនអាចជ្រើសរើសតំណាងខ្លួនដោយសេរី។
 
«សហភាពអឺរ៉ុប ជំទាស់យ៉ាងខ្លាំង ទៅនឹងសេចក្តីសម្រេចរបស់ស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជា ដែលដកហូតសិទ្ធិបន្ថែមទៀតរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសតំណាង»។ នេះជាខ្លឹសារក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសភាពអឺរ៉ុប។
 
ក្រៅពីសហភាពអឺរ៉ុប ដែលមានប្រទេស២៧ជាសមាជិក នៅមានប្រទេសមួយចំនួន ដូចជា បារាំង និងប្រទេសអាល្លឺងម៉ង់ ជាអាទិ៍ ដែលជាសមាជិកនៃសហភាពអឺរ៉ុបនេះដដែល បានបញ្ចេញប្រតិកម្មរៀងៗខ្លួនបន្ថែមទៀត។
 
អ្នកនាំពាក្យក្រសួងបរទេសបារាំង លើកឡើងថា បារាំង សោកស្តាយចំពោះការផាត់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ចេញពីការបោះឆ្នោតជាតិនាពេលខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បង្ហាញការមើលឃើញរបស់ខ្លួនក្នុងសេចក្តីថ្លែងការណ៍ថា៖«ការសម្រេចនេះ គឺជាសញ្ញាគួរឲ្យព្រួយបារម្ភមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យនៃការបោះឆ្នោត»។
 
តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសខ្លួន ប្រទេសបារាំង អំពាវនាវឲ្យមានការអនុញ្ញាតដល់គណបក្សភ្លើងទៀន បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
 
ក្រសួងការបរទេសអាល្លឺម៉ង់ សរសេរលើបណ្តាញធ្វីតធ័រ (Twitter) ថា ការមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួត គឺផ្ទុយពីគោលការណ៍ពហុបក្ស និងប្រជាធិបតេយ្យ។ ក្រសួងការបរទេសអាល្លឺម៉ង់ និយាយត្រង់ៗថា ហេតុផល (របស់គ.ជ.ប) មិនគួរឲ្យជឿជាក់ឡើយ។
 
«យើង សង្ឃឹមថា ដំណើរការត្រឹមត្រូវមួយ  នឹងត្រូវបានគោរព ហើយសេចក្តីសម្រេច [ដែលមិនឲ្យគណបក្សភ្លើងទៀនចូលរួមប្រកួត] នឹងត្រូវផ្លាស់ប្តូរវិញ»។ នេះជាក្តីសង្ឃឹមរបស់ក្រសួងការបរទេសអាល្លឺម៉ង់។  
 
រីឯស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងថា ប្រទេសអូស្រ្តាលី ក៏ព្រួយបារម្ភជាខ្លាំងដែរ ដែលគណបក្សភ្លើងទៀន មិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ស្ថានទូតអូស្រ្តាលី យល់ថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តម្រូវឲ្យមានលម្ហនយោបាយ ហើយស្ថាប័នមានសមត្ថកិច្ច អនុញ្ញាតឲ្យគណបក្សនយោបាយផ្សេងៗចូលរួមប្រកួតប្រជែងដោយយុត្តិធម៌។  
 
ស្ថានទូតអូស្ត្រាលី និយាយក្នុងសេចក្តីថ្លែងការណ៍ថា៖«ការដែលគណបក្សណាមួយ មិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោត មិនមែនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ»។
 
បរទេស ដែលចេញមកប្រតិកម្ម ប្រហែលជាមិនមានតែប៉ុណ្ណឹងនោះទេ។ ថ្វីបើរងប្រតិកម្មពីបរទេស តែគ.ជ.ប ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ពីបណ្តាគណបក្សនយោបាយនានានៅកម្ពុជា។ បន្ថែមពីនេះ បណ្តាញយុវជន និងបណ្តាញអង្គការសមាគមខ្លះ ដែលមានសមានចិត្តលើរដ្ឋាភិបាល ក៏ចេញមកគាំទ្រគ.ជ.បដែរ។ ក្នុងចំណោមគណបក្សក្រៅរដ្ឋាភិបាល ទើបតែឃើញគណបក្សប្រជាធិបតេយ្យមួលដ្ឋានមួយប៉ុណ្ណោះ ដែលចេញមកបង្ហាញការសោកស្តាយចំពោះការបដិសេធមិនឲ្យគណបក្សភ្លើងទៀនចូលរួមប្រកួត។ 
 
ហេតុផលរបស់គ.ជ.ប ដែលមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សភ្លើងទៀន គឺដោយសារគណបក្សជំទាស់លេចធ្លោនេះ មិនមានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។ លុះត្រាតែគណបក្សភ្លើងទៀន មានប្រកាសដើមនេះ ហើយយកទៅបញ្ជាក់នីត្យានុកូលកម្មពីរដ្ឋបាលរាជធានីភ្នំពេញ ទើបអាចដាក់ពាក្យចូលប្រកួតបាន។ 
 
ប្រកាសដើមរបស់គណបក្សភ្លើងទៀន គឺជាប្រកាសលេខ១៩៣ ដែលក្រសួងមហាផ្ទៃ បានចេញនៅឆ្នាំ១៩៩៨។ ប្រកាសដើមនេះ គឺជាប្រកាសស្តីពីការចុះបញ្ជីគណបក្ស សម រង្ស៊ី នៅក្រសួងមហាផ្ទៃ។ គណបក្សភ្លើងទៀន ពីមុន មានឈ្មោះថា គណបក្ស សម រង្ស៊ី។ 
 
ប៉ុន្តែ ប្រកាសដើមនេះ បានបាត់ទៅហើយ។ អ្វីដែលគណបក្សភ្លើងទៀន នៅសល់ គឺប្រកាស ដែលជាឯកសារចម្លងប៉ុណ្ណោះ។ ជាគោលការណ៍ ឯកសារចម្លង ដែលគ្មានឯកសារដើម អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ នឹងមិនបញ្ជាក់នីត្យានុកូលកម្មឲ្យឡើយ។ ពេលគណបក្សភ្លើងទៀន យកឯកសារចម្លង ដែលគ្មានការបញ្ជាក់នីត្យានុកូលកម្មទៅដាក់ គ.ជ.ប ក៏បដិសេធ។ 
 
មានសំណួរចោទសួរឡើងថា បើគណបក្សភ្លើងទៀន មិនអាចចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ព្រោះតែគ្មានឯកសារដើម ចុះហេតុអ្វី បានជាគណបក្សនេះ អាចចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ហើយក្នុងខែមេសា ឆ្នាំ២០២៣ គណបក្សនេះ ថែមទាំងអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុង-ស្រុក ដែលទើបបង្កើតថ្មី? គេ មិនទាន់ឮចម្លើយនេះពីគ.ជ.បនោះទេ។  
 
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានសម្រេចរួចហើយថា នឹងដាក់បណ្តឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាជម្រើសចុងក្រោយ៕ 
 

Tag:
 (គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com