កីឡាអន្តរជាតិ
អន្តរជាតិ
លោក Inzaghi ​៖ Inter Milan គឺជាក្រុមខ្សោយជាងគេ នៅវគ្គផ្តាច់ព្រ័ត្រ ​Champions League
17, May 2023 , 2:39 pm        
រូបភាព
ក្រុម ​Inter Milan ក្លាយជាក្រុមកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League រដូវកាល ២០២២-២៣ ក្រោយប្រកួតយកឈ្នះក្រុមស្ថិតក្នុងទីក្រុងតែមួយ ​AC Milan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ ដោយលទ្ធផល ១-០ នាថ្ងៃទី១៧ ខែឧសភា។



មួយគ្រាប់ជ័យជម្នះដែលនាំឱ្យ Inter Milan ឡើងវគ្គផ្តាច់ព្រ័ត្រ UCL លើកដំបូងក្រោយខកខានរយៈពេល ១២ឆ្នាំ ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lautaro Martinez នៅនាទី៧៤​ ដែលជាការបញ្ជូនបាល់ បានយ៉ាងល្អពីសំណាក់ Romelu Lukaku ដែលជាដៃគូតំបន់ប្រយុទ្ធយ៉ាងល្អ។ កាលពីជើងទីមួយ ​Inter Milan បានយកឈ្នះ AC Milan ដោយលទ្ធផល ២-០។
 
បន្ទាប់ពីទទួលបានជ័យជម្នះ ឡើងវគ្គផ្តាច់ព្រ័ត្រ លោក Simone Inzaghi ជាអ្នកចាត់ការប្រចាំក្រុម បាននិយាយថា ក្រុមលោកនឹងក្លាយជាក្រុមខ្សោយបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Champions League នៅពេលប្រកួតទល់ Real Madrid ឬ Manchester City។
 
«វានឹងក្លាយជារឿងធម្មតាមួយនៅពេលដែលអ្នកត្រូវជួប ​Man City ឬ Real នៅពេលអ្នកជាក្រុមខ្សោយមួយនៅទីនេះ ប៉ុន្តែបាល់ទាត់គឺតែងតែបើកជំហ។ យើងធ្លាប់ប៉ះ ​Real Madrid ឆ្នាំមុន យើងចាញ់ទាំងពីរប្រកួត ប៉ុន្តែយើងលេងបានល្អ ។ សម្រាប់ Man City យើងមិនទាន់មានព័ត៌មានអ្វីច្បាស់ពីពួកគេ យើងនឹងតាមដានលើការប្រកួតរបស់ពួកគេ។»។ លោក Inzaghi បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
ដោយឡែកកាលពីជំនួបជើងទីមួយរវាង ​Man City និង Real Madrid បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១ ដែលធ្វើឡើងនៅទឹកដីប្រទេសអេស្ប៉ាញ ក្នុងកីឡដ្ឋាន Santiago Bernabue។ ជំនួបជើងទីពីររវាងក្រុមទាំងពីរ នឹងត្រូវធ្វើឡើងនៅទឹកដីប្រទេសអង់គ្លេស កីឡដ្ឋាន Etihad របស់ក្រុម Man City ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា។
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Ataturk Olympic ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ថ្ងៃទី១០ ខែមិថុនា។ តើក្រុម Inter Milan នឹងត្រូវជួបតទល់ជាមួយ Real Madrid ឬក៏ Man City?
 

Tag:
 UEFA Champions League
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com