អន្តរជាតិ
ទោះរងសម្ពាធពីចិនក៏ដោយ អង្គការ​ក្រៅ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នៅ​រក្សា​ជំហររឹងមាំ ​ចំពោះ​ការប្រគល់​ពានរង្វាន់​សិទ្ធិ​មនុស្ស​
17, May 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ អ្នកស្រី Chow Hang Tung អនុប្រធាន​នៃ​សម្ព័ន្ធភាព​ហុងកុង​ក្នុង​ការ​គាំទ្រ​ចលនា​ស្នេហាជាតិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ចិន ពេល​ចាកចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកស្រី Chow Hang Tung អនុប្រធាន​នៃ​សម្ព័ន្ធភាព​ហុងកុង​ក្នុង​ការ​គាំទ្រ​ចលនា​ស្នេហាជាតិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ចិន ពេល​ចាកចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
ដោយ: VOA
ក្រុមសិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ខ្លួន​រងសម្ពាធ​ពី​រដ្ឋាភិបាល​ចិន​ បន្ទាប់ពី​ផ្តល់​កិត្តិយស​ដល់​សកម្មជន​ក្រុង​ហុងកុង​ដែល​ជាប់​ពន្ធនាគារ។ នេះ​ ជា​ករណី​ចុង​ក្រោយ​នៃ​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ព្យាយាម​បំបិទ​មាត់​អ្នក​រិះគន់​នៅ​កូរ៉េ​ខាងត្បូង។

 
អង្គការ​មូលនិធិ១៨ ឧសភា​ នៅ​ខែ​នេះ ​បាន​ដាក់​ឈ្មោះ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង អ្នកស្រី Chow Hang-tung ជា​ជ័យលាភី​រង្វាន់​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ ប៉ុន្មានថ្ងៃក្រោយ​មក មន្ត្រី​ចិន​បី​នាក់​បាន​ទាមទារ​ឱ្យ​ដក​ពានរង្វាន់​វិញ។
 
ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​នេះ គឺលោក Won Sun-seok ចាត់​ទុក​សម្ពាធ​នេះ​ជា​រឿង​មិន​សម ហេតុផល​ដោយ​និយាយ​ថា​ ស្ថានទូត​បរទេស​មិន​គួរ​លូកដៃ​ចូល​ក្នុង​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។
 
មន្ត្រី​ចិន​បាន​ហៅ​អ្នកស្រី Chow ថា​ជា​ឧក្រិដ្ឋជន​ដ៏​គ្រោះថ្នាក់។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា អ្នកស្រី​គឺ​ជា «អ្នកទោស​មនសិការ» និង​ជា «និមិត្ត​រូប​នៃ​ភាព​ក្លាហាន និង​ក្តីសង្ឃឹម» នៅ​ក្នុង​ទីក្រុង​ហុងកុង។
 
អ្នកស្រី Chow កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ២២ ខែ​ចំពោះ​ការ​ជួយ​រៀបចំ​ការ​នៅ​ចាំ​កំដរ​ដើម្បី​រំឭក​ដល់​ការ​បង្ក្រាប​នៅ​ទីលាន​ Tiananmen ឆ្នាំ១៩៨៩។ អ្នកស្រី​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ​បន្ថែម​ទៀត​ពី​បទ «ញុះញង់​ឱ្យ​មាន​វិទ្ធង្សនា»។
 
អ្នកស្រី Chow បាន​ក្លាយ​ជា​អ្នក​ប្រឆាំង​មួយ​រូប​ក្នុង​ចំណោម​អ្នក​ប្រឆាំង​ដែល​នៅ​សេសសល់​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​បាន​ប្រឆាំង​រដ្ឋាភិបាល​ដោយ​បើកចំហរ ​បន្ទាប់ពី​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​មាន​អានុភាព​នៅ​ឆ្នាំ២០២០។
 
រូបឯកសារ៖ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លើក​ទៀន​ក្នុង​អំឡុង​ពេល​រំឭក​ខួប​លើក​ទី៣០ នៃ​ការបង្ក្រាប​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ចិន​នៅ​ទីលាន Tiananmen ទីក្រុង​ប៉េកាំង ឆ្នាំ ១៩៨៩ នៅ Victoria Park ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
 
នៅ​ទីនេះ​ អ្នកស្រី​កំពុង​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ឆ្នាំ២០២១។ អ្នកស្រី Chow Hang -tung បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​តែងតែ​រិះគន់​ពួក​យើង សកម្មជន ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំពោះ​ការ​ធ្វើ​ឱ្យ​ហុងកុង​មាន​អស្ថិរភាព។ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ និង​ច្បាប់​សន្តិសុខ​ជាតិ​នោះ​ទេ​ដែល​ធ្វើ​ឱ្យ​ហុងកុង​មាន​អស្ថិរភាព»។
 
អ្នកស្រី Glacier Kwong ជា​សកម្មជន​នយោបាយ​នៅ​ហុងកុង។ អ្នកស្រី Glacier Kwong បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ការ​ជំរុញ​ចិត្ត​របស់​អ្នកស្រី​ក្នុង​ការ​បន្ត​និយាយ ​គឺ​ដោយសារ​តែ​អ្នកស្រី​ជឿជាក់​លើ​សិទ្ធិ​មនុស្ស​ អ្នកស្រី​ជឿជាក់​លើ​សេរីភាព​ដូចជា​សិទ្ធិ​ពី​កំណើត​របស់​ប្រជាពលរដ្ឋហុងកុង និង​ចិន។ ហើយ​អ្នកស្រី​គ្រាន់​តែ​គិត​ថា នេះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ហើយ​គ្មាន​អ្វី​អាច​រារាំង​អ្នកស្រី​បាន​ទេ។ វា​សាមញ្ញ​អ៊ីចឹង​ឯង»។
 
ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ហុងកុង​បាន​ទាក់ទាញ​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ធ្លាប់​បាន​តស៊ូ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។
 
ប៉ុន្តែ​ចិន​បាន​ឆ្លើយតប​ចំពោះ​ការ​បង្ហាញ​សាមគ្គីភាព​របស់​កូរ៉េ​ខាង​ត្បូង​នេះ​ជាមួយ​ល្បិច​អាក្រក់ៗ។
មហាវិទ្យាល័យ​នានា​បាន​លុបចោល​ព្រឹត្តិការណ៍​ជាមួយ​សកម្មជន​ហុងកុង ចំ​ពេល​មាន​សម្ពាធ​ពី​ចិន។ មាន​ការ​រាយការណ៍​ផង​ដែរ​ពី​ការ​វាយប្រហារ​ដោយ​និស្សិត​ចិន​ទៅ​លើ​មិត្ត​រួម​ថ្នាក់​ជនជាតិ​កូរ៉េ ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​តវ៉ា​នៅ​ហុងកុង។
 
លោក Won ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា លោក​ស៊ាំ​នឹង​សម្ពាធ​បែប​នេះ​ហើយ។ ក្នុង​នាម​ជា​និស្សិត​មហាវិទ្យាល័យ លោក​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ២ឆ្នាំ​សម្រាប់​ការ​តវ៉ា​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​យោធា​នៅ​កូរ៉េ​ខាង​ត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។
 
លោក Won បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​មិន​ចុះចាញ់​នឹង​សម្ពាធ​បែប​នេះ​ទេ»។ លោក​បន្ត​ថា ក្រុម​របស់​លោក​នឹង​បន្ត​បង្ហាញ​សាមគ្គីភាព​ប្រឆាំង​នឹង​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល ទោះ​ជា​មាន​នៅ​ទីណា​ក៏​ដោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com