កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ តេក្វាន់ដូឈ្នះមេដាយ​រហូតដល់ទៅ១៦ ដោយ សៀវម៉ី និង ខេស៊ី បានមេដាយមាស
17, May 2023 , 9:29 pm        
រូបភាព
កីឡា​តេក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ បានប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ទី១៥ ខែ​ឧសភា នៅមជ្ឈមណ្ឌល OCIC ជ្រោយ​ចង្វា។ ម្ចាស់ផ្ទះ​កម្ពុជា ទទួលបានមេដាយ​១៦ក្នុងចំណោម​២៤​វិញ្ញាសា ហើយ​ឈរនៅ​ចំណាត់ថ្នាក់​លេខ៥ ដោយឈ្នះមេដាយមាស​២ ប្រាក់៤ សំរិទ្ធ​១០។




កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាស​លើ​វិញ្ញាសាទម្ងន់លើស​៧៣គីឡូក្រាម ក្រោយឈ្នះកីឡាការិនីឡាវ Sirimanotham Sonesavnh ២-០ នៅវគ្គ​ផ្តាច់ព្រ័ត្រ។ កីឡាការិនីមីយ៉ាន់ម៉ា Moe Pwint Phyu បានមេដាយសំរឹទ្ធ។ នេះជាមេដាយមាសទី៤ផងដែររបស់វីរកីឡាការិនី ស៊ន សៀវម៉ី ពីស៊ីហ្គេម ក្រោយឈ្នះជាបន្ត​បន្ទាប់​នៅ​ឆ្នាំ២០១៣, ឆ្នាំ២០១៧ និង​ឆ្នាំ២០១៩។​
 
មេដាយ​មាស​ទីពីរ​របស់កម្ពុជា រកបានដោយកីឡាការិនីខ្មែរ-អាម៉េរិក ថិប កាសាន់ទ្រី នីកូល (Cassandre Nicole Tubbs) ហៅ ខេស៊ី លើទម្ងន់៦៧គីឡូក្រាម។ ខេស៊ី បានយកឈ្នះកីឡាការិនីហ្វីលីពីន Laila Rimbawa Delo ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ​បន្តឈ្នះ​កីឡាការិនីវៀតណាម Thi Khiem Bac ២-០ ដើម្បីទទួលបានមេដាយ​មាស​ជាលើកដំបូងក្នុងស៊ីហ្គេម។
 
 
ជ័យលាភី​មេដាយ​ប្រាក់៤របស់​កម្ពុជា រួមមាន កីឡាករ វឿន ស៊ីថា (ឯកត្តជនបុរស), កីឡាករ សំ យូដេត (ទម្ងន់​៥៨គីឡូក្រាម), កីឡាករ វ៉ាន់ ឫទ្ធី (ទម្ងន់លើស​៨៧គីឡូក្រាម) និង​កីឡាការិនី ឈឿង អាលីហ្សា (ទម្ងន់​៥៧គីឡូក្រាម)។
 
ចំណែក​មេដាយ​សំរឹទ្ធចំនួន​១០ សម្រេចបាន​ដោយ កីឡាករ ឆន គឹមហាក់ (សម្តែងឯកត្តជន), កីឡាការិនី ម៉ាង កន្នីធីតា (សម្តែងឯកត្តជន) នៃវិញ្ញាសា Recognized Poomsae ក្រុម​ចម្រុះ Freestyle Poomsae (ឈឿង លីណា, ជុន សុវណ្ណ, កាង ឡាងឈុន, កែវ មុន្នី និង ណាង វណ្ណៈ)។
 
សម្រាប់វិញ្ញាសា Kyorugi បុរសវិញ ម្ចាស់មេដាយសំរឹទ្ធ មាន កីឡាករ មាន ស៊ូសាយិត (ទម្ងន់​៦៨គីឡូក្រាម), វ៉ា មិថុនា (ទម្ងន់​៧៤គីឡូក្រាម), ភូ ស៊ូចេង (ទម្ងន់​៨៧គីឡូក្រាម)។ រីឯផ្នែកនារី មាន កីឡាការិនី គ្រី លីដែន (ទម្ងន់៤៩គីឡូក្រាម), កីឡាករ ម៉ម ជូលី (ទម្ងន់៥៣គីឡូក្រាម), កីឡាការិនី សុខ ស្រីតូច (ទម្ងន់​៦២គីឡូក្រាម) និងកីឡាការិនី ចេង ប៊ុណ្ណា (ទម្ងន់៧៣គីឡូក្រាម)។
 

ក្នុងចំណោម​១០​ប្រទេស ថៃឈរលំដាប់ទីមួយ ដោយឈ្នះមេដាយមាស​៧ ប្រាក់​៦ សំរឹទ្ធ២, ហ្វីលីពីនឈ្នះមេដាយមាស​៦ ប្រាក់១ សំរឹទ្ធ​៨, វៀតណាមឈ្នះមេដាយមាស​៤ ប្រាក់​៥ សំរឹទ្ធ៣, ម៉ាឡេស៊ី បានមេដាយ​មាស​៣ ប្រាក់២ សំរឹទ្ធ៣។
 
កម្ពុជាស្ថិតនៅលេខ៥ ដោយឈ្នះមេដាយ​មាស​២ ប្រាក់​៤ សំរឹទ្ធ១០។ ឥណ្ឌូណេស៊ី បានមេដាយ​មាស​១ ប្រាក់​៤ សំរឹទ្ធ៤, មីយ៉ាន់ម៉ា បានមេដាយមាស​១ សំរឹទ្ធ​៤, សិង្ហបុរី បាន​មេដាយ​ប្រាក់​១ សំរឹទ្ធ៤, ឡាវ បានមេដាយ​ប្រាក់១ សំរឹទ្ធ២ និងទីម័រខាងកើត បាន​មេដាយ​សំរឹទ្ធ៤៕
 
រាយការណ៍បន្ថែមដោយ៖ ទេព ពិទូរ្យ, សែម វណ្ណា, ឈន សុផាត, ឈុំ ចន្ថា
 

© រក្សាសិទ្ធិដោយ thmeythmey.com