ជាតិ
បោះឆ្នោត
បក្ស១ ដាក់ស្រ្តី៨០ភាគរយ ជាបេក្ខជនតំណាងរាស្រ្ត
17, May 2023 , 10:29 pm        
រូបភាព
តំណាងគណបក្សស្រ្តីដើម្បីស្រ្តី យកពាក្យគណបក្ស ទៅដាក់នៅគ.ជ.ប កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិ។ រូបពីគ.ជ
តំណាងគណបក្សស្រ្តីដើម្បីស្រ្តី យកពាក្យគណបក្ស ទៅដាក់នៅគ.ជ.ប កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិ។ រូបពីគ.ជ
បើចោលភ្នែកទៅមើលបញ្ជីបេក្ខជនតំណាងរាស្ត្របស់គណបក្ស១ គឺគណបក្សស្រ្តីដើម្បីស្រ្តី គេនឹងឃើញភាគច្រើនជាស្រ្តី។



ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ មាន១៨រាជធានី-ខេត្ត ដែលគណបក្សស្រ្តីដើម្បីស្រ្តី បានដាក់បេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បេក្ខជនពេញសិទ្ធិពីគណបក្សស្រ្តីដើម្បីស្រ្តី មានសរុប៦៨នាក់ ដោយក្នុងនោះ គ្រាន់តែស្រ្តី មានដល់ទៅ៥៥នាក់ ដែលស្មើនឹង៨០ភាគរយ។  
 
ឧទារហណ៍៖ នៅខេត្តបន្ទាយមានជ័យ គណបក្សស្រ្តីដើម្បីស្រ្តី ដាក់បេក្ខជនពេញសិទ្ធិ៦នាក់ ដែលសុទ្ធតែជាស្រ្តី ហើយនៅខេត្តកំពង់ស្ពឺ ក៏ដូចគ្នាដែរ គឺដាក់បេក្ខជនពេញសិទ្ធិ៦នាក់ ដែលសុទ្ធតែស្រ្តី រីឯនៅរាជធានីភ្នំពេញវិញ ដាក់បេក្ខជនពេញសិទ្ធិ១២នាក់ ដែលមានស្រ្តី១១នាក់។
 
មិនមែនតែបេក្ខជនពេញសិទ្ធិទេ បេក្ខជនបម្រុងរបស់គណបក្សស្រ្តីដើម្បីស្ត្រី ក៏ភាគច្រើនជាស្រ្តីដែរ។ គណបក្សស្រ្តីដើម្បីស្រ្តី ស្ថិតក្នុងចំណោមគណបក្សជិត២០ផ្សេងទៀត ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។ 
 
បញ្ជីគណបក្សនយោបាយ ដែលត្រូវបានក្រសួងមហាផ្ទៃផ្សព្វផ្សាយកាលពីឆ្នាំ២០២២ បានឲ្យដឹងថា គណបក្សស្រ្តីដើម្បីស្រ្តី ត្រូវបានបង្កើតឡើងតំាងពីឆ្នាំ១៩៩៩មកម្ល៉េះ៕ 
 

Tag:
 គណបក្សស្រ្តីដើម្បីស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com