ជាតិ
សេដ្ឋកិច្ច
ជ្រូករស់ឡើងថ្លៃ តែពលរដ្ឋនៅតែទាមទារឱ្យទប់ស្កាត់ការនាំចូលពីខាងក្រៅ
18, May 2023 , 8:59 am        
រូបភាព
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វ
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វ
ដោយ:
ជ្រូករស់ឡើងថ្លៃបានជិត ១ម៉ឺនរៀល ក្នុង១គីឡូក្រាម ទៅតាមតំបន់មួយចំនួន ។ តម្លៃជ្រូកឡើងថ្លៃបន្តិច តែពលរដ្ឋមួយចំនួន នៅពុំទាន់អាចទទួលយកតម្លៃនេះទេ ព្រោះការនាំចូលជ្រូកមកពីខាងក្រៅនៅតែមាន ហើយចំណីនៅតែឡើងថ្លៃ។



លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានឱ្យដឹងថា ជ្រូករស់ឡើងថ្លៃបន្តិច ដោយមានតម្លៃចន្លោះពី ៩០០០រៀលទៅ ៩៨០០រៀល នៅខែឧសភានេះ បើធៀបនឹងខែមេសា មានតម្លៃចន្លោះពី ៨០០០រៀល ទៅ៩០០០រៀលប៉ុណ្ណោះ។ តម្លៃជ្រូកឡើងថ្លៃនេះ មាននៅតំបន់មួយចំនួន ដូចជាខេត្តសៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ ស្ទឹងត្រែង កំពង់ចាម និងខេត្តកំពង់ស្ពឺជាដើម។
 

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
 
ប្រធាមសមាគមអ្នកចិញ្ចឹមសត្វរូបនេះ បានប្រកាសពីតម្លៃលក់ជ្រូកបែបនេះ គឺចង់ឱ្យប្រជាពលរដ្ឋបានដឹង និងកុំឱ្យឈ្មួញកណ្ដាលមួយចំនួន កេងចំណេញទៅលើតម្លៃ ដែលពួកគេទទួលទិញពីប្រជាពលរដ្ឋ។
 
បើតាមលោក ស្រ៊ុន ពៅ តម្លៃជ្រូករស់ជាមធ្យម ១គីឡូក្រាម ៩៥០០រៀល តែសាច់ជ្រូកនៅលើទីផ្សារ ១គីឡូក្រាម ១៨០០០រៀល ទៅ ២ម៉ឺនរៀល ដោយពុំទាន់សមស្របគ្នានោះទេ។ តែយ៉ាងណាលោក មិនមែនបន្ទោសអ្នកលក់ទេ ព្រោះតម្លៃទីផ្សារមានឡើង-ចុះ។ 
 
«តម្លៃជ្រូកចុះថោក បានធ្វើឱ្យកសិករចិញ្ចឹមជ្រូកបិទទ្វារប្រមាណ ៥០ភាគរយ និងខាងកសិដ្ឋានមួយចំនួន ក៏ប្រឈមបិទដោយសារជ្រូកចុះថ្លៃ លក់មិនរួចតម្លៃដើម។ កសិករខ្លះគាត់បិទទ្វារតាំងពីជ្រូកតម្លៃ ៧០០០រៀល ហើយតម្លៃ ៩៥០០រៀលនេះ កសិករក៏គាត់អត់មានលទ្ធភាពចិញ្ចឹមដែរ។ »។ នេះបើតាមលោក ស្រ៊ុន ពៅ។ 
 
លោក ស្រ៊ុន ពៅ បានបន្តថា កសិករខ្លះឈប់ចិញ្ចឹមជ្រូកដោយសារខាតទុនច្រើន ក្នុងនោះមកពីកត្តា នាំចូលសាច់បង្កកមកពីខាងក្រៅ និងបញ្ហាពលរដ្ឋជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ ហើយកាត់បន្ថយការហូប ។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ បានស្នើឱ្យក្រសួងស្ថាប័នទាំងអស់ ជួយទប់ស្កាត់ការនាំចូលសាច់ជ្រូកមកពីខាងក្រៅ ហើយពលរដ្ឋកុំបោះបង់ការចិញ្ចឹមជ្រូក។
 
លោក សំ ភារឹទ្ធ ជាអ្នកចិញ្ចឹមជ្រូកនៅខេត្តកណ្ដាល លក់ជ្រូកបានតម្លៃ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ។ ដ្បិតលក់បានថ្លៃបន្តិចមែន តែលោកពុំទាន់អាចទទួលយកតម្លៃនេះទេ ខណៈចំណីជ្រូកឡើងថ្លៃ។ អ្នកចិញ្ចឹមជ្រូករូបនេះ អះអាងថា តម្លៃជ្រូក១ម៉ឺនរៀល មួយគីឡូនេះ មិនចំណេញទេ តែអាចរួចថ្លៃដើម។ 
 
លោក សំ ភារឹទ្ធ បានបញ្ជាក់ថា៖«តម្លៃជ្រូកវាស្មើដើម មិនបានចំណេញទេ ព្រោះវាមានឡើងមានចុះ ហើយឡើងក៏ឡើងមិនបានច្រើន។ បើជ្រូក ១គីឡូក្រាម ១២០០០រៀល ទើបអាចចំណេញបានខ្លះ បន្ទាប់ពីទូទាត់ជាមួយថ្នាំ និងចំណីរួច»។
 
អ្នកចិញ្ចឹមជ្រូករូបនេះ ​បានបន្ថែមថា ការនាំចូលសាច់ជ្រូកច្រើន និងមានតម្លៃថោកនេះ ធ្វើឱ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ពិបាកក្នុងការប្រកួតប្រជែងទីផ្សារ។ បច្ចុប្បន្នលោក សំ ភារឹទ្ធ បានចិញ្ចឹមជ្រូកប្រមាណ ១ម៉ឺនក្បាល ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com