កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម​៖ កីឡាវាយកូន​បាល់បានមេដាយសំរឹទ្ធ២ ក្រោយឆ្លងកាត់ការប្រកួតប្រជែងដ៏ខ្លាំងក្លា
17, May 2023 , 5:19 pm        
រូបភាព
កីឡាករ ប៊ុន កេន្នី ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាឯកត្តជនបុរស
កីឡាករ ប៊ុន កេន្នី ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាឯកត្តជនបុរស
វាយកូន​បាល់ជា​ប្រភេទកីឡាដែលត្រូវឆ្លងកាត់​ការប្រកួត​ដ៏តឹងតែង។ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី៦ ដល់ទី១៤ ខែឧសភា ម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសំរឹទ្ធ២ ដោយមួយបានពីវិញ្ញាសាក្រុមនារី និង​មួយទៀតពីកីឡាករ ប៊ុន កេន្នី នៃ​វិញ្ញាសាឯកត្តជន​បុរស។

 
ក្នុងវិញ្ញាសាឯកត្តជន​បុរស ប៊ុន កេន្នី បានទម្លាក់កីឡា​ហ្វីលីពីន Eric Jr Riate Olivarez ២-០ (៦-២, ៦-១) នៅវគ្គ​១៦ក្រុម ហើយ​បន្តទម្លាក់កីឡាករម៉ាឡេស៊ី Koay Hao Sheng ២-១ (៤-៦, ៦-២, ៦-១) នៅវគ្គ​១/៤​ផ្តាច់ព្រ័ត្រ។ 
 
 
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាន​ចាញ់កីឡាករ​វៀតណាម Hoang Nam Ly ២-០ ដោយវៀតណាមយកឈ្នះ ៦-៤ និង៧-៦។ ប៊ុន កេន្នី បានមេដាយសំរឹទ្ធស្ទួនជាមួយកីឡាករថៃ Kasidit Samrej ខណៈកីឡាករវៀតណាម Hong Nam Ly បានមេដាយ​ប្រាក់ ក្រោយចាញ់កីឡាករឥណ្ឌូណេស៊ី Muhammad Rifqi Fitriadi នៅវគ្គផ្តាច់ព្រ័ត្រ។
 
សម្រាប់ កីឡាករកូនកាត់ខ្មែរ-បារាំង ប៊ុន កេន្នី នេះជាមេដាយ​សំរឹទ្ធទី៣ ដែលគេទទួលបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយ​ធ្លាប់ឈ្នះដំបូង​នាឆ្នាំ​២០១៥ នៅប្រទេសសិង្ហបុរីលើវិញ្ញាសាឯកត្តជន​បុរស និង១ទៀតនាឆ្នាំ២០១១នៅឥណ្ឌូណេស៊ី លើវិញ្ញាសាបុរសជាក្រុម។
 
ដោយឡែកមេដាយសំរឹទ្ធ១ទៀតរបស់កម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅទឹកដីខ្លួនឯងនេះ គឺ​បានមកពី​វិញ្ញាសានារីជាក្រុម ដែលមានកីឡាការិនី អង់​ដ្រេ កា, ស៊ុម ចិន្តា និង​ Grace Krusling។ នៅវគ្គ១៦ក្រុម កម្ពុជា បានទម្លាក់​ក្រុម​សិង្ហបុរី ២-០ ហើយ​បន្តទម្លាក់ក្រុមមីយ៉ាន់ម៉ា ២-០ នៅវគ្គ​១/៤ផ្តាច់ព្រ័ត្រ។
 

 
ឈាន​ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនីកម្ពុជា បានចាញ់ក្រុមឥណ្ឌូណេស៊ី ២-០ ដោយទទួលបាន​មេដាយសំរឹទ្ធស្ទួន ជាមួយក្រុម​វៀតណាម ខណៈឥណ្ឌូណេស៊ី បន្តយកឈ្នះក្រុម​ថៃ ដើម្បីទទួលបានមេដាយ​មាស។
 
ចំពោះកីឡាការិនីខ្មែរ-បារាំង អង់ដ្រេ កា នេះជាមេដាយសំរឹទ្ធទីពីរ​របស់ខ្លួនពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីទទួលបាន​លើកដំបូង​កាលពីឆ្នាំ២០១៧នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
 
សម្រាប់ស៊ីហ្គេម​ឆ្នាំ២០២៣នេះ វាយកូនបាល់ឥណ្ឌូណេស៊ី ឈរលេខ១ដោយឈ្នះមេដាយមាស​៤ ប្រាក់២ សំរឹទ្ធ៣, ថៃ ឈ្នះមេដាយមាស​២ ប្រាក់​៣ សំរឹទ្ធ៤, ហ្វីលីពីនឈ្នះមេដាយមាស​១, វៀតណាមឈ្នះមេដាយ​ប្រាក់២ សំរឹទ្ធ៣, កម្ពុជា និងម៉ាឡេស៊ី បានមេដាយសំរឹទ្ធ២រៀងៗខ្លួន៕
 
រាយការណ៍បន្ថែមដោយ ហៀក ឆក, តែ ឆៃស៊ីង និង អ៊ុត រស្មី
 

© រក្សាសិទ្ធិដោយ thmeythmey.com