កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ម្ចាស់ជើងឯក ១៤ សម័យ Real Madrid ធ្លាក់ ក្រោមថ្វីជើង Man City
18, May 2023 , 10:59 am        
រូបភាព
ក្រុមមេឃខៀវ Manchester City បានទម្លាក់ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champion League នៅថ្ងៃទី១៨ ឧសភា។ សរុបទាំងពីរជើង ក្រុម Man City បានយកឈ្នះ Real Madrid ដោយលទ្ធផល ៥-១។

 
នាការប្រកួតជើង២នេះ ក្រុមម្ចាស់ផ្ទះអង់គ្លេស Man City បានយកឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ Real Madrid ដោយលទ្ធផល៤-០ នាកីឡដ្ឋាន Etihad ក្នុងទីក្រុង Manchester ។ ៤គ្រាប់ ដែល Man City សម្រេចបាននេះ រកបានដោយកីឡាករ B. Silva ក្រោយការបញ្ជូនបាល់ពី K. De Bruyne នានាទី២៣ មុននឹង Silva រកបានគ្រាប់ទី២ នៅនាទី៣៧។ 
 
ឈានចូលតង់ទី២ ខ្សែការពារ M. Akanji រកបានគ្រាប់ទី៣ឱ្យក្រុមមេឃខៀវ តាមរយៈការបញ្ជូនពី K. De Bruyne នៅនាទី៧៦ មុននឹង J. Alverez បន្ថែមមួយគ្រាប់ទៀត នៅនាទី៩០+១ ក្រោយបញ្ជូនបានយ៉ាងល្អ ពីP. Foden ។ ក្រុម Real Madrid ព្យាយាមវាយបកដែរ តែគ្មានសំណាង។
 
ក្រោយទម្លាក់ម្ចាស់ជើងឯក Champion League ១៤ សម័យនេះ Man City ត្រូវឡើងទៅជួបក្រុមមកពីអ៊ីតាលី Inter Milan នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១១ មិថុនា។ ក្រុម Man City មិនទាន់ស្គាល់រសជាតិ លើកពាន Champion League នៅឡើងទេ ខណៈ Inter Milan ធ្លាប់លើកពាននេះ ៣លើកមកហើយ៕
 

Tag:
 CPL
  កីឡាអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com