ជាតិ
សេដ្ឋកិច្ច
រដ្ឋ ប្រមូលពន្ធដារបានជិត ១ ៦០០លានដុល្លារ នា៤ខែនេះ​
18, May 2023 , 12:09 pm        
រូបភាព
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ៦ ៤៤២,៥៤ពាន់លានរៀល(ប្រមាណ ១ ៥៩០,៧៥លានដុល្លារ) ក្នុងរយៈពេល៤ខែដែលស្មើនឹង៤៤,៥៤ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញាវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។



បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល៤ខែមកនេះ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ដែលជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល​ប្រចាំឆ្នាំ២០២២។ 
 
ដើម្បីឱ្យប្រមូលចំណូលពន្ធដារមានប្រសិទ្ធភាព និងតម្លាភាព  មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តចុះពិនិត្យជាក់ស្តែងតាមរោងចក្រ ដោយតាមដាន និងថែទាំបណ្តាញ ឬឧបករណ៍វាស់ចំណុះស្រាបៀ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ ​នាថ្ងៃទី១៧ឧសភា។ 
 
លោក គង់ វិបុល បានបញ្ជាក់ថា៖  «ក្នុងករណីរកឃើញមានការគេចវេះ និងបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ  យើងនឹងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព ក្នុងវិស័យនេះ និងនិរន្តភាពចំណូលពន្ធដែលជាគុណប្រយោជន៍នៃថវិកាជាតិ»។
 
ក្រៅពីនេះ ពន្ធដារក៏បន្តផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តវិធានការវិក្កយបត្រនាំសំណាង ឱ្យមានការចូលរួមបន្ថែមទៀតពីសាធារណៈជន ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការប្រមូលពន្ធអាករនានា​៕ 
 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com