អន្តរជាតិ
ទន្លេ​កខ្វក់​និង​ទឹក​ស្អុយជា​ភាព​បរាជ័យ​នៃ​ប្រព័ន្ធ​លូ​របស់​ឥណ្ឌា
18, May 2023 , 7:39 pm        
រូបភាព
ប្រជាជន​ដើរ​តាម​ផ្លូវ​មួយ​នៅក្បែរ​ប្រឡាយ​ពេញ​ដោយសំរាម​នៅ​ក្នុង​ទីក្រុង​ញូវដែលីកាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៣។
ប្រជាជន​ដើរ​តាម​ផ្លូវ​មួយ​នៅក្បែរ​ប្រឡាយ​ពេញ​ដោយសំរាម​នៅ​ក្នុង​ទីក្រុង​ញូវដែលីកាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៣។
ដោយ: VOA
លោក​ Mohammed Azhar ​បាន​បីទារក​ជា​ក្មួយស្រី​របស់​លោក​ ​នៅ​ជាប់​នឹង​បំពង់​បង្ហូរ​ទឹក​ដែល​ពោរពេញ​ដោយ​ប្លាស្ទិកនិង​ក្លិន​ស្អុយ​ ដែល​នេះ​បង្ហាញ​ពី​ភាព​បរាជ័យ​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​ស្អុយដែលត្រូវ​បាន​ហូចេញ​ពី​ប្រព័ន្ធលូ​ជិត​ ២/៣ ​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន។

 
យុវជន​វ័យ ២១ ឆ្នាំ​រូប​នេះ​បាន​ប្រាប់ទី​ភ្នាក់ងារ​សារព័ត៌មាន AFP នៅ​សង្កាត់ Seelampur ក្នុងទីក្រុង​ដេលី​ ​ជា​កន្លែង​ដែល​មាត់​លូ​មាន​សុទ្ធ​តែ​កាកសំណល់​ថង់ប្លាស្ទិក ហើយ​ទឹក​ស្អុយ​ពណ៌​ប្រផេះ​ហូរ​តាម​គន្លង​តូច​ចង្អៀត​នោះថា «យើង​នៅ​ក្នុង​ផ្ទះ​របស់​យើង។ យើង​ធ្លាក់​ខ្លួន​ឈឺ ប្រសិនបើ​យើង​ចេញ​ទៅ​ក្រៅ»។
 
លោក​បាន​បន្ថែម​ថា «វា​មាន​ក្លិន​ស្អុយ និង​ធ្វើឱ្យ​មានមូស​ច្រើន​។ យើង​ឆ្លង​ជំងឺ ហើយ​ក្មេងៗ​បន្ត​ធ្លាក់​ខ្លួន​ឈឺ។ គ្មាន​អ្នក​ណា​សម្អាត​ភាព​កខ្វក់​នោះ​ទេ»។
 
បើ​យោង​តាម​អង្គការ​សហប្រជាជាតិ ប្រទេស​ឥណ្ឌា​នៅ​ចុង​ខែមេសា​កន្លង​ទៅ​នេះ​ ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ ​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​ប្រទេស​ចិន និងក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេបំផុត​នៅលើ​ពិភពលោក​ ដោយ​មានចំនួន​ប្រជាជន​សរុប​ជិត ១ពាន់៤រយ៣០លាន​លាន​នាក់។
 
ចំនួន​ប្រជាជនទីក្រុង​នៅ​ឥណ្ឌា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ឡើង​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ ដោយ​គេ​ព្យាករណ៍​ថា នឹង​មាន​មនុស្ស​ជាង ២៧០ លាន​នាក់​ទៀត​ នឹង​មក​រស់នៅ​ក្នុង​ទីក្រុង​ប្រទេស​ឥណ្ឌា​នៅ​ត្រឹម​ឆ្នាំ២០៤០។
 
ប៉ុន្តែ​ក្នុង​ចំណោម​ទឹក​ស្អុយ​ចំនួន ៧២ ពាន់​លាន​លីត្រ​ដែល​បច្ចុប្បន្ន​មាន​ក្នុង​ទីក្រុង​ជា​រៀងរាល់​ថ្ងៃ​នោះ ទឹក​ស្អុយ​ចំនួន ៤៥ ពាន់​លាន​លីត្រ​ដែល​ល្មម​នឹង​អាច​បំពេញ​អាង​ហែល​ទឹក​អូឡាំពិក​ទំហំ ១៨.០០០ ម៉ែត្រ​ការ៉េ​បាន ​មិន​ត្រូវ​បានគេ​ធ្វើ​ប្រព្រឹត្តិកម្ម​ទេ។ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ឥណ្ឌាសម្រាប់​ឆ្នាំ ២០២០-២០២១។
 
ប្រព័ន្ធ​លូ​បង្ហូ​ទឹកនៅក្នុង​ប្រទេស​ឥណ្ឌា​មិន​ត​ភ្ជាប់​ទៅ​នឹង​ផ្ទះ​ក្នុង​ទីក្រុង​ប្រមាណ ២/៣ នោះទេ។ នេះ​បើ​យោង​តាម​សម្ព័ន្ធគ្រប់គ្រង​កាកសំណល់​និង​ទឹក​កខ្វក់​ជាតិ​ NFSSM របស់​ឥណ្ឌា។
 
រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ជាច្រើន​ ដែល​កំពុង​ដំណើរការ​ មិន​គោរព​តាម​ស្តង់ដារត្រឹមត្រូវ រួម​ទាំង​រោងចក្រ​ចំនួន ២៦ ក្នុង​ចំណោមរោងចក្រ ៣៥ ក្នុង​ទីក្រុង​ដេលី​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។
 
គួបផ្សំ​ជាមួយ​នឹង​ចំនួន​កាកសំណល់​ឧស្សាហកម្ម​ដ៏​ច្រើន ទឹក​កខ្វក់តាម​ប្រព័ន្ធលូ​ ​កំពុង​បង្ក​ប៉ះពាល់​លើផ្លូវទឹក​របស់ឥណ្ឌា​ សម្លាប់​សត្វ​ព្រៃ និង​ហូរ​ចូល​ក្នុង​ស្រទាប់ទឹក​ក្រោម​ដី​ផង​ដែរ។
 
​ទោះបីប្រទេស​ឥណ្ឌា​មាន​ការ​រីកចម្រើន​ទៅ​មុខ​ក្នុង​រយៈពេលប៉ុន្មាន​ទសវត្សរ៍​ថ្មីៗនេះ​ ក្នុង​ការ​កាត់​បន្ថយ​ការ​ស្លាប់​របស់​កុមារ​ក៏​ដោយក្តី​ ក៏​ជំងឺ​រាគរូស​ដែល​ភាគច្រើន​បណ្តាល​មក​ពី​បញ្ហា​ទឹកកខ្វក់ និង​អាហារ​មិន​ស្អាត​នៅ​តែ​ជា​ឃាតក​នាំ​មុខ​ដដែល។
 
កុមារ​ឥណ្ឌា​ជាង៥ម៉ឺន៥ពាន់នាក់​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ ​បាន​ស្លាប់​ដោយសារ​ជំងឺ​រាគរូស​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ២០១៩។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ព្រឹត្តិបត្រ​សុខភាព​សាធារណៈ BMC ។
 
ទន្លេ Yamuna ក្នុង​ទីក្រុង​ដេលី​គឺ​ជា​ទន្លេ​មួយ​ ក្នុង​ចំណោម​ទន្លេ​ដែល​កខ្វក់​បំផុត​ក្នុង​ពិភពលោក និង​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ទន្លេ​ដែល​បាត់បង់​ប្រព័ន្ធ​អេកូឡូស៊ី ទោះ​បី​ជាពលរដ្ឋ​ឥណ្ឌានៅ​តែ​បោក​សម្លៀកបំពាក់ និង​ធ្វើ​ពិធី​ងូត​ទឹក​តាម​បែប​សាសនា​ក៏​ដោយ។
 
ទោះ​បី​ជា​មាន​ចំណុច​ល្អ​ខ្លះៗ ​ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ដាំ​ដើម​ឈើ​បន្ថែម​នៅ​តាម​ដង​ទន្លេ​ក៏​ដោយ ក៏​ស្ថានភាព​នៅ​កន្លែង​ផ្សេង​ៗទៀត​ ជារឿយៗ​មិន​ល្អ​ជាង​នៅ​ក្នុង​ទីក្រុង​ធំៗ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​នោះ​ទេ រួម​ទាំង​ទីក្រុង Mumbai និង​ទីក្រុងChennai ផង​ដែរ។
 
អ្នកស្រី​ Mridula Ramesh អ្នក​និពន្ធ​សៀវភៅ​អំពី​បញ្ហា​ទឹក​នៅ​ឥណ្ឌា​បាន​និយាយ​ថា ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​ស្អុយ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​ជា​ទឹក​ដែល​អាច​ប្រើប្រាស់​បាន ​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​នៅ​ក្នុង​ទីក្រុង​នានា​ក្នុង​ប្រទេសឥណ្ឌា។
 
បើ​យោង​តាម​ធនាគារ​ពិភពលោក ឥណ្ឌា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន ​«បញ្ហាទឹក» ខ្លាំង​បំផុត​ក្នុង​ពិភពលោក ដោយ​បរិមាណស្រទាប់ទឹក​ក្រោម​ដីមាន​ការ​ថយ​ចុះ​ និង​មាន​ភ្លៀង​មូសុង​កាន់​តែ​មិន​ទៀងទាត់។
 
ទីក្រុង​ Chennai ស្ទើរ​តែអស់ទឹក​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី​មួយ ​ក្នុង​ឆ្នាំ២០១៩ ​ហើយ​ទីក្រុង​ផ្សេងៗ​ទៀត​អាច​នឹង​ជួប​គ្រោះ​មហន្តរាយ​ស្រដៀង​គ្នា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ ដោយសារ​មាន​ការ​បូម​ទឹក​ក្រោម​ដី​ច្រើន​ពេក និង​ភាព​មិន​ទៀងទាត់​នៃ​ទឹក​ភ្លៀង​ផង​ដែរ។
 
អ្នកស្រី Ramesh បាន​ប្រាប់​សារព័ត៌មាន​ AFP ថា​ «ប្រទេស​ឥណ្ឌា​កំពុង​ឈាន​ទៅ​រក​វិបត្តិ​ទឹក។ ទឹក​លូអាច​ត្រូវ​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​យ៉ាង​ងាយ​ស្រួល និង​អាច​ត្រូវយក​ទៅ​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ និង​ជួយ​យើង​យ៉ាង​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហាទឹកនៅ​ក្នុង​ទីក្រុង​របស់​យើង»។
 
ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ បញ្ហា​នេះ​អាចដោះស្រាយទៅបាន​ ​ប្រសិន​បើមាន​រោងចក្រ​ប្រព្រឹត្តិកម្ម​តាម​បែប​វិមជ្ឈការ​ដែល​ផ្តល់​មូលនិធិ​មួយ​ផ្នែក​ពី​ឯកជន ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ហើយ​ទឹកកខ្វក់ដែល​ត្រូវ​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​ពេញលេញ​មួយ​ចំនួន​ ត្រូវ​បាន​ប្រើប្រាស់​ឡើង​វិញ ឬ​បញ្ចេញ​ទៅ​ក្នុង​បឹង​ក្នុង​មូលដ្ឋាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com