កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក លី ឈុនឡា៖ បទពិសោធន៍ផ្សព្វផ្សាយស៊ីហ្គេមច្រើនលើក ប៉ុន្ដែមិនរំភើបដូចព្រឹត្តិការណ៍នៅកម្ពុជា លោក លី ឈុនឡា ផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ
× លោក លី ឈុនឡា អ្នកសារព័ត៌មានកីឡារបស់ទូរទស្សន៍បាយ័ន បង្ហាញមោទកភាពដែលបានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ ក្នុងអាជីពសារព័ត៌មានកីឡាជាង១០ឆ្នាំ ឈុនឡា ដែលមានបទពិសោធន៍ផ្សព្វផ្សាយ ស៊ីហ្គេមនៅប្រទេសផ្សេងៗជាច្រើនលើក ថាមិនរំភើបចិត្តខ្លាំងដូចវត្តមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើទឹកដីខ្លួនឡើយ។
លោក លី ឈុនឡា បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា រូបលោក ធ្លាប់បានផ្សាយ និងយកព័ត៌មានផ្សេងៗពីព្រឹត្តិការណ៍ស៊ីហ្គេមជាច្រើនលើក ដោយក្នុងនោះ មានស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ផងដែរ។ បើទោះជាមានបទពិសោធន៍ច្រើនដងក្នុងព្រឹត្តិការណ៍នេះក្ដី អ្នកសារព័ត៌មានកីឡារូបនេះ បញ្ជាក់ថាអារម្មណ៍ មិនដូចគ្នាទេ បើធៀបការធ្វើនៅប្រទេសដទៃ និងការផ្សាយព្រឹត្តិការណ៍នៅក្នុងប្រទេសរបស់ខ្លួន។
«ក្នុងនាមអ្នកសារព័ត៌មានកីឡាមួយរូប ខ្ញុំបានប្រឡូកជាង ១០ឆ្នាំហើយ ក៏ធ្លាប់មានបទពិសោធន៍ចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅបណ្ដាលប្រទេសមួយចំនួន ជាពិសេស ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ទីក្រុងហាណូយ។ ជាការពិតក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាមានមោទកភាពណាស់ ដែលព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ដ្រប្រចាំតំបន់អាស៊ាន ត្រូវបានរៀបចំនៅកម្ពុជា ជាលើកដំបូង។»។ លោក លី ឈុនឡា បាននិយាយប្រាប់ដូច្នេះ។
អ្វី ដែលភ្ជាប់មកជាមួយស៊ីហ្គេមនេះ លោក ឈុនឡា ក៏ត្រូវបានគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (CAMSOC)ចាត់តាំងជាប្រតិភូអមដំណើរដង្ហែក្បួនអគ្គិជ័យកីឡានៅតាមប្រទេសផ្សេងទៀត ជាមួយគណៈប្រតិភូជាតិដទៃទៀត ផងដែរ។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ដែលប្រព្រឹត្ដទៅរយៈពេលជិត ២០ថ្ងៃនេះ លោក ឈុនឡា បានចូលរួមទីលានប្រកួតមួយចំនួន ដោយមានការសម្ភាសលើអត្ដពលិកជាតិ អន្ដរជាតិ និងប្រតិភូកីឡាផ្សេងទៀត។ គោលបំណង គឺក្នុងន័យដើម្បីជួយផ្សាយ និងបង្ហាញអន្ដរជាតិឲ្យដឹងពីវឌ្ឍនភាពកីឡា និងភាពរីកចម្រើន នៅក្នុងប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com