កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
៨១! ចំនួនមេដាយមាសស៊ីហ្គេមដែលកម្ពុជាឈ្នះច្រើនជាងការបូកបញ្ចូលគ្នា២១លើកកន្លងមក
18, May 2023 , 4:23 pm        
រូបភាព
ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាឈ្នះមេដាយមាស៨១ ប្រាក់៧៤ សំរឹទ្ធ១២៧។ នេះជាការកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ជាលើកដំបូងបំផុតពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នៅតាមបណ្តាទីតាំងនានាក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប កែប កំពត និងខេត្តព្រះសីហនុ។ បូកសរុបមេដាយមាសដែលកម្ពុជាចូលរួម២១លើកកន្លងមក គឺមានត្រឹម៧៨មេដាយ។

 
មេដាយមាសចំនួន៨១ពីព្រឹត្តិការណ៍ឆ្នាំ២០២៣តែមួយនេះ គឺមានចំនួនច្រើនជាងការទទួលបានពីវត្តមានចូលរួមចំនួន២១លើកកន្លងមករបស់កម្ពុជាក្នុងស៊ីហ្គេម ពោលបើគិតចាប់តាំងពីឆ្នាំ១៩៦១មក។ ពីព្រឹត្តិការណ៍ឆ្នាំ១៩៦១នៅក្រុងរ៉ងហ្គូន ប្រទេសភូមា (មីយ៉ាន់ម៉ា) ដល់ឆ្នាំ២០២១ (លើកទៅរៀបចំនៅឆ្នាំ២០២២ ដោយសារកូវីដ-១៩) នៅហាណូយ ប្រទេសវៀតណាម កម្ពុជា ទទួលបានមេដាយមាសសរុប៧៨ ប្រាក់១២៨ សំរឹទ្ធ២៩៩។ នេះបើផ្អែកតាមទិន្នន័យពីការិយាល័យសហព័ន្ធកីឡាស៊ីហ្គេម (SEA Games Federation Office)។
 


កម្ពុជាស្ថិតក្នុងចំណោមប្រទេសស្ថាបនិកចំនួន៦  នៃព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ី-អាគ្នេយ៍ (SEAP Games) ដែលក្រោយមកជាកីឡាអាស៊ី-អាគ្នេយ៍ (SEA Games/ស៊ីហ្គេម)។ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ដំបូងនៅឆ្នាំ១៩៥៩នៅក្រុងបាងកក ប្រទេសថៃ កម្ពុជាមិនមានវត្តមាននោះឡើយ ដោយត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៦១ ដែលរៀបចំនៅក្រុងរង់ហ្គូន។
 
ពីឆ្នាំ១៩៦១ ដល់ឆ្នាំ២០២៣ កម្ពុជា បានចូលរួមសរុប២២លើក ដោយបានអាក់ខាននាសម័យខ្មែរក្រហម ហើយឆ្លៀតចូលរួមបាន៣លើកនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ចាប់តាំងព្រឹត្តិការណ៍ឆ្នាំ១៩៩៥នៅឈៀងម៉ៃ ប្រទេសថៃ កម្ពុជាបានបង្ហាញវត្តមានជាទៀងទាត់ឡើងវិញ។
 


នៅមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយរង់ចាំអស់៦៤ឆ្នាំ កំណត់ត្រាដ៏ល្អបំផុតគឺនៅឆ្នាំ១៩៧១នាក្រុងគូឡាឡាំពួរ ដោយនៅកាលណោះ កម្ពុជាឈ្នះមេដាយមាស១៧ ប្រាក់១៨ សំរឹទ្ធ១៨។ ក្រោយរបបខ្មែរក្រហម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅហាណូយ គឺជាកំណត់ត្រាដ៏ខ្ពស់ជាងគេ ដោយបានឈ្នះមេដាយមាស៩ ប្រាក់១៣ សំរឹទ្ធ១១៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com